42.2 C
Phnom Penh

រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បីចេញមកជួបជុំតាមផ្លូវ​សម្រាប់​មោទនភាព​អ្នក​ស្រលាញ់​ភេទដូចគ្នា​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្សប្រហែល១០០នាក់នៅក្នុងក្រុមរ៉ឺម៉កម៉ូតូកង់បីដែលមានចងភ្ជាប់ដោយទង់ឥន្ទធនូ និងក្រុមមនុស្សផ្សេងៗនឹងនាំគ្នាចេញ មកជួបជុំនៅក្នុងរាជធានីភ្នំពេញនៅរសៀលថ្ងៃសៅរ៍សម្រាប់ការប្រណាំង ”Amazingly Fabulous Pride Tuk-Tuk Race” លើកទី៣ ជាការបង្ហាញអំពីការគាំទ្រដល់សហគមន៍មនុស្សស្រឡាញ់ភេទដូចគ្នា (LGBT) នៅកម្ពុជា។

ការប្រណាំងនេះគឺជាផ្នែកនៃការប្រារព្ធសប្តាហ៍មោទនភាពអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាប្រចាំឆ្នាំលើកទី១២ នៅក្នុងសប្តាហ៍ នេះ ដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍មុន មុនទិវាអន្តរជាតិប្រឆាំងការរើសអើងមនុស្សស្រឡាញ់ភេទដូចគ្នា អ្នកប្តូរយេនឌ័រ និងអ្នកស្រឡាញ់ទាំងពីរភេទដែលធ្វើឡើងកាលពីថ្ងៃអង្គារ។

ដោយដំបូងឡើយចាប់ផ្តើមជាព្រឹត្តិការណ៍ កើតឡើងតែម្តងចប់នៅក្នុងឆ្នាំ២០១២នោះ ការប្រណាំងនេះត្រូវបាននាំយកត្រឡប់មកវិញកាលពីឆ្នាំមុនដោយសារតែមានការគាំទ្រពីអាជីវករក្នុងស្រុកនៅក្នុងការជួយលើកកម្ពស់សង្គមអត់ឱនអ្នកស្រឡាញ់ភេទដូចគ្នាឲ្យកាន់តែទូលំទូលាយ នេះបើយោងតាមលោក ដេវីដ ហាន់ (David Hunt) ជាអ្នករៀបចំព្រឹត្តិការណ៍និងជាជនជាតិអង់គ្លេសដែលបានរស់នៅ និងធ្វើការជាគ្រូបង្រៀននៅក្នុងរាជធានីភ្នំពេញអស់រយៈពេល១០ឆ្នាំមកហើយ។

លោកបានថ្លែងថា “មនុស្សជាច្រើនពិតជាចងចាំព្រឹត្តិការណ៍ [ឆ្នាំមុន]។វាគឺជាព្រឹត្តិការណ៍ដែលគេឃើញគ្រប់ៗគ្នាដោយមានមនុស្សជាច្រើនថតរូប និងចូលរួម”។

លោក ដេវីដ ហាន់ បានលើកឡើងទៀតថា អ្នកចូលរួម ដែលមានសូម្បីតែអ្នករត់រ៉ឺម៉កកង់បីមួយចំនួនផង គឺភាគច្រើនជាមនុស្សស្រឡាញ់ភេទដូចគ្នា ដោយមានទាំងក្រុមកម្ពុជា និងក្រុមបរទេស។

លោកបានមានប្រសាសន៍ថា “យើងព្យាយាមដើម្បីធ្វើឲ្យប្រាកដថា វាមានភាពទូលំទូលាយតាមដែលអាចធ្វើទៅបាន”។ លោកបានបន្ថែមថា សេចក្តីណែនាំសម្រាប់ការប្រណាំងនេះដែលនឹងធ្វើឡើងក្នុងទម្រង់ជាល្បែងបន្ថែមអក្សរក្នុងក្រឡាជួរឈរនិងជួរដេក (Crossword Puzzle) គឺជាការបញ្ចូលគ្នានៃពាក្យខ្មែរ និងពាក្យអង់គ្លេស។

ព្រឹត្តិការណ៍របស់លោក ដេវីដ ហាន់ ក៏បានទាក់ទាញស្ត្រីជនជាតិកាណាដាដែលមកលេងប្រទេសកម្ពុជាម្នាក់ផងដែរ ដោយបើកឱកាសឲ្យនាងបានបង្ហាញអំពីទំនោរផ្លូវភេទរបស់ខ្លួនទៅកាន់គ្រួសាររបស់នាងកាលពីឆ្នាំមុន។

លោក ដេវីដ ហាន់ បានលើកឡើងថា “នាងបានផ្ញើអីុម៉េលប្រហែល៣សប្តាហ៍ក្រោយដោយនិយាយថា [ការប្រណាំងនេះ]លើកទឹកចិត្តឲ្យនាងចេញមកបង្ហាញដល់គ្រួសាររបស់នាងនៅកាណាដា ហើយនាងបានប្រាប់ថា ទទួលបានបទពិសោធន៍នោះនៅទីនេះ គឺនៅកម្ពុជា”។

លោក ដេវីដ ហាន់ ក៏ធ្លាប់រៀបចំការប្រណាំងរឺុម៉កម៉ូតូកង់បីស្រដៀងគ្នានេះសម្រាប់កុមារ និងគ្រួសារជាច្រើនឆ្នាំមកហើយផងដែរ ប៉ុន្តែបានផ្អាក ហើយមានដំណើរការឡើងវិញនៅពេលសហគមន៍ឥន្ទធនូកម្ពុជា (RoCK) ជាសហគមន៍ក្នុងស្រុកការពារសិទ្ធិមនុស្សស្រឡាញ់ភេទដូចគ្នាដែលបង្កើតឡើងបន្ទាប់ពីមានព្រឹត្តិការណ៍សប្តាហ៍មោទនភាពក្នុងឆ្នាំ២០០៩មកទាក់ទងលោកកាលពី៤ឆ្នាំកន្លងទៅឲ្យជួយផ្សព្វផ្សាយព្រឹត្តិការណ៍របស់អ្នកស្រឡាញ់ភេទដូចគ្នា។

ចាប់តាំងពីឆ្នាំមុនមក អាជីវកម្មដ៏ពេញនិយមរបស់អ្នកស្រឡាញ់ភេទដូចគ្នាដូចជា Blue Chilli និង Rambutan Resort ក៏ដូចជាហាងលក់សម្លៀកបំពាក់កម្ពុជា Kool As U បានចេញមកជួយឧបត្ថម្ភដល់ព្រឹត្តិការណ៍េនះឲ្យមានដំណើរការទៅមុខទៀត។

ទោះបីជាមានការប្រារព្ធសប្តាហ៍មោទនាភាពអ្នកស្រឡាញ់ភេទដូចគ្នាក្រោមប្រធានបទ “ខ្ញុំគឺខ្ញុំ” (I Am What I Am) សម្រាប់ពីរឆ្នាំជាប់ៗគ្នា ដោយមានទំនោរវិជ្ជមានក្នុងការបោះជំហានចូលក្នុងសង្គមកម្ពុជាដែលនៅតែអភិរក្សវប្បធម៌យ៉ាងខ្លាំងក៏ដោយនោះ ក៏នៅមានពលរដ្ឋខ្មែរស្រឡាញ់ភេទដូចគ្នាខ្លះមានអារម្មណ៍ថា ខ្លួនត្រូវតែលាក់បាំងភេទពិតប្រាកដឬអត្តសញ្ញាណយេនឌ័ររបស់ខ្លួនដែរ។

និស្សិតរៀនផ្នែកភាសាបរទេសអាយុ២៤ឆ្នាំម្នាក់ និងជាអ្នកថតរូបដែលរស់នៅក្នុងរាជធានីភ្នំពេញ និងដែលស្នើសុំមិនបញ្ចេញឈ្មោះនោះបាននិយាយថា “ខ្ញុំដឹងថា ដល់ពេលមួយខ្ញុំត្រូវតែប្រាប់គ្រួសាររបស់ខ្ញុំ ដូចជានៅពេលម្តាយរបស់ខ្ញុំចាប់ផ្តើម សួរខ្ញុំអំពីការរៀបការម្តងហើយម្តងទៀតជាដើម ប៉ុន្តែក្នុងពេលឥឡូវខ្ញុំមិនចង់ឲ្យពួកគាត់ដឹងទេ”។និស្សិតរូបនេះបានបន្ថែមថា មិត្តរួមថ្នាក់របស់ខ្លួន និងមិត្តភ័ក្ដិភាគច្រើនក៏មិនដឹងថា គាត់ជាមនុស្សភេទទី៣ដែរ។

និស្សិតរូបនេះបាននិយាយថា “ខ្ញុំមានមិត្តរួមថ្នាក់ម្នាក់ដែលបើកចំហថា ខ្លួនជាមនុស្សភេទទី៣ ហើយគាត់តែងតែត្រូវគេចំអន់លេង។ គាត់ទំនងជាមិនខ្វាយខ្វល់អំពីការចំអន់លេងនោះទេ ប៉ុន្តែ ពួកគេនឹងបំផ្លាញខ្ញុំ”។និស្សិតរូបនេះបានបន្ថែមទៀតថា គាត់ខំរក្សាសំឡេងរបស់ខ្លួនឲ្យដូចជាបុរស ដូច្នេះគ្មាននរណាម្នាក់សង្ស័យគាត់ជាមនុស្សភេទទី៣ទេ។

ការពិភាក្សាក្នុងថ្នាក់រៀនរបស់គាត់បាននិយាយបន្ទរលទ្ធផលនៃការសិក្សាស្ទង់មតិដែលចេញផ្សាយកាលពីខែធ្នូដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលបង្ហាញថា មានមនុស្សស្រឡាញ់ភេទដូចគ្នាដែលផ្តល់សម្ភាសន៍ចំនួន៦២,៧១ភាគរយនិយាយថា ជួបការរើសអើងគំរាមធ្វើបាបនៅក្នុងសាលាហើយមាន៩៣,៥៩ភាគរយនិយាយថា ជួបប្រទះខ្លះ និងជួបប្រទះទាំងស្រុងដោយសារការបង្ហាញទំនោរផ្លូវភេទ ឬអត្តសញ្ញាណយេនឌ័រ។

ទោះបីជានិស្សិតរូបនេះនិយាយថា ខ្លួនធ្លាប់ចូលរួមយ៉ាងសកម្មនៅក្នុងការរៀបព្រឹត្តិការណ៍សម្រាប់សប្តាហ៍មោទនភាពអ្នកស្រឡាញ់ភេទដូចគ្នាក៏ដោយ តែគាត់នឹងមិនចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រណាំងរ៉ឺម៉កកង់បីនៅថ្ងៃសៅរ៍ឡើយ ដោយសារខ្លាចក្រែងគេឃើញនៅកន្លែងសាធារណៈបែបនេះ។

នៅពេលសួរថា តើលោកមានបានគិតថា បទពិសោធន៍ស្រដៀងគ្នានេះនឹងធ្វើឲ្យពលរដ្ឋខ្មែរដែលស្រឡាញ់ភេទដូចគ្នាមួយ   ចំនួនមិនមកចូលរួមការប្រណាំងនេះដែរឬក៏អត់នោះ លោក ដេវីដ ហាន់ បានលើកឡើងថា ស្ថានភាពនេះអាស្រ័យលើបុគ្គល។

លោកបានថ្លែងថា “យើងមានសមាជិកយុវជនកម្ពុជានៅទីនេះដែលហ៊ានចេញមក និងអ្នកផ្សេងទៀតដែលមានការយល់ដឹងអំពីស្ថានភាពគ្រួសារនិងបណ្តាញខុសៗគ្នារបស់បុគ្គលនីមួយៗ ក៏មិននៅស្ងៀមស្ងាត់ដែរ”។

សោម ចាន់តារារ័ត្ន អាយុ២៩ឆ្នាំជាមនុស្ស ភេទទី៣រស់នៅក្នុងរាជធានីភ្នំពេញដែលហ៊ានបើកចំហ និងមានគម្រោងចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងនេះបាននិយាយថា គាត់ជឿថា ព្រឹត្តិការណ៍នេះនឹងជួយលើកកម្ពស់អំពីការយល់ដឹងសហគមន៍មនុស្សស្រឡាញ់ភេទដូចគ្នា ហើយក៏ជួយឲ្យសមាជិកទាំងនោះបានមកជួបជុំគ្នាផងដែរ។ “វាមានការលំបាកខ្លាំងណាស់សម្រាប់អ្នកខ្លះក្នុងការចេញមក ប៉ុន្តែពេលពួកគេឃើញសកម្មភាពសប្បាយៗបែបនេះដែលលើកកម្ពស់ការយល់ដឹងសម្រាប់អ្នកផ្សេង និងខ្លួនឯង នោះវាប្រហែលជាជួួយពួកគេឲ្យចេញមកទីសាធារណៈបែបនេះ”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស