42.2 C
Phnom Penh

តុលាការ​ដោះ​លែង​​អតីត​មន្ត្រី​ម្នាក់​ដើម្បី​ឲ្យ​ទៅ​ចូលរួម​មង្គលការ​កូន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីតុលាការបានលើកឡើងថា កាលពីម្សិលមិញ សាលាដំបូងខេត្តបន្ទាយមានជ័យបានបង្គាប់ឲ្យដោះលែងអតីតមន្ត្រីរដ្ឋាភិបាលម្នាក់ ដែលត្រូវបានកាត់ឲ្យជាប់ទោសពីបទឆបោកពីពន្ធនាគារ ដើម្បីឲ្យគាត់អាចទៅចូលរួម ពិធីរៀបមង្គលការកូនស្រីរបស់គាត់។

លោក ទូ ធានតឺ ដែលជាអភិបាលរងខេត្តបន្ទាយមានជ័យរហូតដល់ឆ្នាំ២០០៧ ត្រូវបានចាប់ខ្លួនកាលពីសប្ដាហ៍មុនជុំវិញការកាត់ឲ្យជាប់ទោសកាលពីខែកុម្ភៈ ដែលកើតចេញពីការឆបោកដែលគាត់បានប្រព្រឹត្តក្នុងឆ្នាំ២០០៤ ប៉ុន្តែបានចំណាយពេលនៅក្នុងពន្ធនាគារតែ១សប្ដាហ៍ប៉ុណ្ណោះមុនពេលត្រូវបានអនុញ្ញាតឲ្យចេញម្តងទៀត។

លោក អ៊ុក សារ៉ាន់ ក្រឡាបញ្ជីរបស់ចៅក្រម ម៉ម ចាន់វណ្ណៈ បានមានប្រសាសន៍ថា “ចៅក្រមបានសម្រេចដោះលែងគាត់ឲ្យនៅក្រៅឃុំកាលពីថ្ងៃច័ន្ទ ដើម្បីឲ្យគាត់ទៅចូលរួមពិធីមង្គលការកូនរបស់គាត់”។

លោក អ៊ុក សារ៉ាន់ បានមានប្រសាសន៍ដោយបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមថា “គាត់បានបង់ប្រាក់ចំនួន២៧០.០០០បាត [ប្រហែល៧.៥០០ដុល្លារ] ដល់តុលាការដើម្បីបាននៅក្រៅឃុំ” ។

អតីតមន្ត្រីរូបនេះដែលត្រូវបានតាមដានជាច្រើនឆ្នាំដោយសារមន្ត្រីផ្សេងទៀត ពាណិជ្ជករ និងអ្នកភូមិចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយនោះ ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំពីបទឆបោក ប៉ុន្តែព័ត៌មាន លម្អិតអំពីរឿងក្ដីនេះមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ។

លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា ពិធីរៀបមង្គលការនៅពេលខាងមុខមិនមែនជាហេតុផលតែមួយគត់សម្រាប់ការសម្រេចរបស់តុលាការក្នុងការដោះលែងលោក ទូ ធានតឺ ឲ្យនៅ ក្រៅឃុំទេ។

លោកបានថ្លែងថា “វាជាបទល្មើសមជ្ឈិម។ គាត់មានជំងឺថ្លើមធ្ងន់ធ្ងរ។គាត់មានប្រាក់ធានា… ហើយហេតុផលមួយទៀតគឺពិធីរៀបមង្គលការកូនរបស់គាត់នៅខែក្រោយ”។

លោក ផាន់ វណ្ណរ័ត្ន បានបន្ថែមថា លោក ទូ ធានតឺ ត្រូវបានកាត់ឱ្យជាប់ទោសកំបាំងមុខ ហើយគាត់បានស្នើសុំឱ្យកាត់ក្តីឡើងវិញ ដោយអនុញ្ញាតឲ្យគាត់ស្វែងរកការនៅក្រៅឃុំ បើទោះជាគាត់ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររួច ហើយក៏ដោយ។ លោកមានប្រសាសន៍ថា “ប្រសិនបើគាត់រត់គេចខ្លួន តុលាការនឹងចេញដីកាចាប់ខ្លួនគាត់”។

លោក ទី សុខា មេធាវីរបស់លោក ទូ ធានតឺ ក៏បានមានប្រសាសន៍ផងដែរថា បទល្មើសរបស់កូនក្ដីលោកមិនធ្ងន់ធ្ងរទេ។ លោកថ្លែងថា ”គាត់ជំពាក់ប្រាក់ពាណិជ្ជករម្នាក់ក្នុងចំនួនទឹកប្រាក់តិចតួចប៉ុណ្ណោះ”។ លោកបានបន្ថែមថា លោកមិនចាំឈ្មោះដើមចោទក្នុងរឿងក្ដីនេះទេ។

លោក សុក សំអឿន មេធាវីដ៏ឆ្នើមមួយរូប ដែលបច្ចុប្បន្ននេះតំណាងឲ្យដើមចោទម្នាក់ក្នុងបណ្ដឹងដាច់ដោយឡែកមួយប្រឆាំងលោក ទូ ធានតឺ នោះបានមានប្រសាសន៍ថា បើទោះជាការអនុញ្ញាតនេះស្របច្បាប់ក៏ដោយ ក៏មូលហេតុ នៃការដោះលែងអតីតមន្ត្រីរូបនេះខុសប្លែកពីធម្មតាដែរ។

លោកបានមានប្រសាសន៍ថា “យោងតាមច្បាប់ ចៅក្រមអាចធ្វើដូចនេះបាន ប៉ុន្តែក្នុងការអនុវត្តជាក់ស្ដែង ខ្ញុំមិនដែលឃើញដូចនេះទេ។ វាកម្រកើតឡើងដូចនេះណាស់។ភាគច្រើនពួកគេបដិសេធ”។

លោក ស៊ុំ ចាន់គា អ្នកសម្របសម្រួលនៅសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះបានមានប្រសាសន៍ថា វាជាលើកទី១ហើយដែលលោកបានឮថាទណ្ឌិតម្នាក់ត្រូវបានដោះលែងដោយហេតុផលបែបនេះ។

លោកបានថ្លែងថា “ការដោះលែងនរណាម្នាក់ឲ្យនៅក្រៅឃុំដោយសារតែរឿងការកូននោះ យើងមិនដែលឮទេ”៕ សារុន (រាយការណ៍បន្ថែមដោយ Taylor O’Connell)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស