42.2 C
Phnom Penh

អង្គការ​​​សហ​​​ប្រជាជាតិ​​ផ្ដល់​សិទ្ធិ​​ជ្រកកោន​បណ្ដោះ​អាសន្ន​​ដល់​សកម្មជន​​បង​ប្អូន​​ភ្លោះ​​នៅ​​​​​​​​ថៃ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យុវជនកម្ពុជា ពីរនាក់បងប្អូនត្រូវបានអង្គការសហប្រជាជាតិផ្ដល់សិទ្ធិជ្រកកោនបណ្ដោះអាសន្ននៅក្នុងប្រទេសថៃ បន្ទាប់ពីរត់ភៀសខ្លួនពីប្រទេសកម្ពុជា កាលពីដើមខែនេះ ដោយនិយាយថា ពួកគេព្រួយបារម្ភខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ខ្លួនដោយសារតែខ្លួនធ្លាប់ជួបពិភាក្សាជាមួយលោក កែម ឡី អ្នកវិភាគនយោបាយប៉ុន្មានថ្ងៃមុនពេលលោកត្រូវគេធ្វើឃាត។

cam-photo-kem-ley-jump-channaបងប្អូនភ្លោះ ជុំ ហួ និង ជុំ ហួត ដែលបានចាប់ផ្ដើមធ្វើការងារជាច្រើនដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងបរិស្ថានក្នុងរយៈពេលពីរបីឆ្នាំមកនេះ បានជិះយន្តហោះទៅក្រុងបាងកក កាលពីថ្ងៃទី១៤ ខែកក្កដា។ ពួកគេនិយាយថា ខ្លួនគ្មានសុវត្ថិភាពឡើយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានផ្ដល់បទសម្ភាសន៍កាលពីថ្ងៃទី១០ ខែកក្កដា នៅប៉ុន្មានម៉ោងបន្ទាប់ពីលោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងស្តាម៉ាតមួយកន្លែងនៅរាជធានីភ្នំពេញ ដោយរំឭកពីបុរសបីនាក់ដែលពួកគេនិយាយថាបានឃ្លាំមើលសកម្មភាពរបស់ខ្លួន ខណៈខ្លួនជួបពិភាក្សាជាមួយលោក កែម ឡី នៅស្តាម៉ាតខាងលើនេះរយៈពេលពីរថ្ងៃមុននោះ។

កាលពីម្សិលមិញ ជុំ ហួត បាននិយាយពីប្រទេសថៃថា ការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ក្នុងទីក្រុងបាងកក បានចេញកាតជ្រកកោណដល់ពួកគេដែលមានសុពលភាព១ឆ្នាំ បន្ទាប់ពីពួកគេបានជួបជាមួយបុគ្គលិកអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ។

យុវជនរូបនេះនិយាយទៀតថា “មានជន បរទេសម្នាក់ និងអ្នកបកប្រែខ្មែរម្នាក់ ពួកគាត់បានសម្ភាសពួកយើងប្រហែល២ម៉ោង។ UNHCR បានសម្ដែងការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ពួកយើង ហើយបានប្រាប់ពួកយើងពីកន្លែងដែលត្រូវស្នាក់នៅ និងកន្លែងដែលត្រូវទៅសម្រាប់ហេតុផលសន្តិសុខ។ UNHCR បានចេញកាតពីរដោយឡែកពីគ្នាឱ្យពួកយើង”។

យុវជនរូបនេះបានផ្ញើឲ្យអ្នកយកព័ត៌មាននូវរូបថតកាតទាំងពីរដែលបានចេញកាលពីថ្ងៃពុធ ដោយមានរូបថតពួកគេ និងកាលបរិច្ឆេទផុតកំណត់រយៈពេល១ឆ្នាំគិតចាប់ពីពេលនេះទៅ។

នៅខាងខ្នងកាតនេះសរសេរថា “អ្នកកាន់កាតនេះគឺជាបុគ្គលសំខាន់របស់ UNHCR ដែលត្រូវបានចុះឈ្មោះ និងកត់ត្រាទុកអនុលោមទៅតាមអាណត្តិមហាសន្និបាតអង្គការសហប្រជាជាតិរបស់ខ្លួន ហើយមិនគួរត្រូវបានបញ្ជូនទៅប្រទេសដើមកំណើតរបស់គាត់វិញដោយគ្មានការស្ម័គ្រចិត្តឡើយ។ សូមថ្លែងអំណរគុណបំផុតចំពោះការផ្ដល់ជំនួយណាមួយដល់អ្នកកាន់កាតនេះ”។

ជុំ ហួត បាននិយាយថា “នៅទីនេះខ្ញុំមានអារម្មណ៍សុវត្ថិភាព ព្រោះកាតទាំងពីរសម្រាប់ខ្ញុំ និងបងប្អូនរបស់ខ្ញុំមានន័យយ៉ាងខ្លាំង ព្រោះវាការពារយើង ហើយវាមានន័យថា យើងត្រូវបានផ្ដល់សិទ្ធិជ្រកកោនបណ្ដោះអាសន្ននៅក្នុងប្រទេសថៃ។ មានកាតនេះ ខ្ញុំអាចទៅប៉ុស្តិ៍ប៉ូលិសថៃ ដើម្បីស្នើសុំជំនួយហើយប៉ូលិសថៃ អាចជួយទាក់ទងទៅ UNHCR បើយើងមានបញ្ហាណាមួយ”។

យុវជនរូបនេះលើកឡើងទៀតថា កាតទាំងនេះអាចបន្តថ្មីបាន ប៉ុន្តែថា ពួកគេទាំងពីរនាក់បងប្អូនសង្ឃឹមថានឹងបានតាំងលំនៅថ្មីក្នុងសហរដ្ឋអាមេរិក។ រូបគេបន្តថា សមាគមខ្មែរ-អាមេរិក ដែលមានឈ្មោះថា IKARE មានមូលដ្ឋាននៅរដ្ឋមីនីសូតា ជាអ្នកចេញថ្លៃបន្ទប់ និងអាហាររបស់ពួកគេនៅក្នុងប្រទេសថៃ ហើយកំពុងតែចាប់ផ្ដើមរត់ការលិខិតស្នាមដើម្បីជួយធានាយកពួកគេទៅ។

ទោះជាយ៉ាងណា ភ្លាមៗ IKARE មិនបានឆ្លើយតបសំណើសុំការបំភ្លឺទេ។

ជុំ ហួ និយាយថា រូបគេ និងបងប្អូនរបស់ខ្លួនសង្ឃឹមថានឹងវិលត្រឡប់មកកម្ពុជា វិញនៅថ្ងៃណាមួយ ប៉ុន្តែមិនមែនឆាប់ៗនេះទេ។“ពេលនេះអាយុជីវិតរបស់ពួកយើងមានគ្រោះថ្នាក់ខ្លាំងណាស់ ដូច្នេះពួកយើងចាំបាច់ត្រូវទៅកាន់ប្រទេសទី៣”។

លោកស្រី វីវៀន តាន (Vivian Tan) អ្នកនាំពាក្យ UNHCR ក្នុងក្រុងបាងកក បានមានប្រសាសន៍ថា ការធ្វើអត្ថាធិប្បាយអំពីករណីបុគ្គលគឺខុសគោលការណ៍។ លោកស្រីថ្លែងថា ជាទូទៅ ការចុះឈ្មោះជាមួយទីភ្នាក់ងារនេះនៅក្នុងប្រទេសមួយមិនធានាថា អ្នកសុំសិទ្ធិជ្រកកោននឹងអាចផ្លាស់ទៅប្រទេសមួយទៀតនោះទេ”។

លោកស្រីបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “ការតាំងលំនៅក្នុងប្រទេសទី៣មិនមែនជាសិទ្ធិទេ។ កន្លែងតាំងលំនៅថ្មីជុំវិញពិភពលោកមានកំណត់ (ជនភៀសខ្លួនក្នុងពិភពលោកមានតែ០,៦៦ភាគរយប៉ុណ្ណោះដែលត្រូវបានតាំងលំនៅថ្មីកាលពីឆ្នាំមុន) ដូច្នេះយើងត្រូវផ្ដល់អាទិភាពដល់ករណីដែលងាយរងគ្រោះបំផុតសម្រាប់ដាក់ជូនទៅកាន់ប្រទេសតាំងលំនៅថ្មី។ នៅទីបំផុត ប្រទេសទាំងនេះជាអ្នកសម្រេចថាតើទទួលយកអ្នកណាម្នាក់សម្រាប់ការតាំងលំនៅថ្មី ឬក៏អត់”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោកបានឮអំពីសំណើសុំសិទ្ធិជ្រកកោនរបស់បងប្អូនទាំងពីរ ហើយបានចោទប្រកាន់ពួកគេថាកេងចំណេញពីការស្លាប់របស់លោក កែម ឡី ដើម្បីបានទៅរស់នៅឯបរទេស។ លោកថ្លែងថា “មនុស្សមួយចំនួនកេងចំណេញពីការស្លាប់របស់លោក កែម ឡី” ហើយបងប្អូនភ្លោះ ជុំ ហួ និង ជុំ ហួត ក៏ស្ថិតក្នុងចំណោមអ្នកទាំងនោះដែរ។

អ្នកនាំពាក្យរូបនេះបានលើកឡើងបន្តថា ប្រសិនបើពួកគេជឿថា ខ្លួនអាចបញ្ជាក់អត្តសញ្ញាណជនជាប់ពាក់ព័ន្ធក្នុងឃាតកម្មនេះ ពួកគេគួរតែសហការជាមួយសមត្ថកិច្ចក្នុងស្រុកដើម្បីចាប់ខ្លួនអ្នកទាំងនោះ។ ”ប៉ុន្តែពួកគេត្រូវការភ័ស្តុតាង”។

បុរសដែលត្រូវបានចាប់ខ្លួនពីបទសម្លាប់លោក កែម ឡី អះអាងថា ខ្លួនធ្វើបែបនេះដោយសារខឹងរឿងប្រាក់ ៣.០០០ដុល្លារដែលអ្នកវិភាគនយោបាយរូបនេះខ្ចីមិនព្រមសង។ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជា ជាច្រើនសង្ស័យថា  មន្ត្រីរដ្ឋាភិបាលជាអ្នកបញ្ជាឱ្យធ្វើឃាតលោក កែម ឡី ដើម្បីសងសឹកលោកដែលជាញឹកញាប់រិះគន់ការកាន់អំណាចជាច្រើនទសវត្សរ៍របស់គណបក្សប្រជាជនកម្ពុជា។ ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធមិនទទួលខុសត្រូវឡើយ។

ប៉ុន្មានថ្ងៃបន្ទាប់ពីឃាតកម្មនេះ អ្នកស្រី ប៊ូ រចនា ភរិយារបស់លោក កែម ឡី បានលើកឡើងថា អ្នកស្រីបារម្ភខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ខ្លួន និងកូនៗទាំងបួននាក់ ហើយក៏សង្ឃឹមចាកចេញពីកម្ពុជា ដែរ។

សហគមន៍ខ្មែរ មួយក្នុងប្រទេសអូស្ត្រាលី បានស្ម័គ្រចិត្តជួយអ្នកស្រីតាំងលំនៅថ្មី។ ពេលទាក់ទងកាលពីម្សិលមិញ អ្នកស្រី អ៊ូ រចនា និយាយថា អ្នកស្រីមិនទាន់សម្រេចចិត្តថាតើត្រូវទៅរស់នៅប្រទេសអូស្ត្រាលី ឬនៅកន្លែងផ្សេងនៅឡើយទេ៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស