42.2 C
Phnom Penh

គ្រួសារ​របស់​កីឡាករទូកង​ដែល​លង់​ទឹក​ស្លាប់​​ទទួល​បាន​សំណង​ក្នុង​ម្នាក់ៗ​២០.០០០ដុល្លារ​ពី​នាវ​ាទេសចរណ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រួសាររបស់បុរសពីរនាក់ដែលបានលង់ទឹកស្លាប់បន្ទាប់ពីទូកងរបស់ពួកគេបានបុកជាមួយនាវាដ៏ធំមួយដែលដឹកភ្ញៀវទេសចរជនជាតិវៀតណាម បានទទួលយកសំណងជំងឺចិត្ត២០.០០០ដុល្លារពីក្រុមហ៊ុន នេះបើយោងតាមការលើកឡើងរបស់ប្រធានក្រុមកីឡាករទូកងដែលជួបគ្រោះថ្នាក់។     

ខណៈជនរងគ្រោះឈ្មោះ សុខ ចាន់ជេស្ដា អាយុ១៨ឆ្នាំ និងឈ្មោះ ឈឺន ចន អាយុ៣៦ឆ្នាំ កំពុងអុំទូកងដែលមានឈ្មោះថា រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ ក្នុងចំណោមកីឡាករប្រាំបួននាក់នៅលើទន្លេសាប កណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ពោលគឺ២ថ្ងៃមុនពិធីបុណ្យអុំទូក ក៏ស្រាប់តែនាវាទេសចរណ៍របស់ក្រុមហ៊ុន Cruiseco បុកទូករបស់ពួកគេបណ្ដាលឱ្យលិច។

សាកសពជនរងគ្រោះត្រូវបានរកឃើញនៅថ្ងៃបន្ទាប់អណ្ដែតនៅចំណុចផ្សេងគ្នាក្នុងខេត្តកណ្ដាល។

ទោះបីជាដំបូងឡើយឪពុករបស់លោក ឈឺន ចន បានទាមទារសំណង៣៥.០០០ដុល្លារពីក្រុមហ៊ុន Cruiseco ក្ដី ក៏លោក ម៉ែន ប៊ុនរ៉េត ប្រធានក្រុមកីឡាករទូកងបាននិយាយកាលពីម្សិលមិញថា ក្រុមគ្រួសារជនរងគ្រោះបានទទួលយកសំណងក្នុងម្នាក់ៗ២០.០០០ដុល្លារពីក្រុមហ៊ុនកាលពីថ្ងៃសៅរ៍។

គាត់បានលើកឡើងថា “គ្រួសាររបស់លោក ឈឺន ចន និយាយថា វាសមរម្យហើយដែលទទួលបានសំណង២០.០០០ដុល្លារ  ប៉ុន្តែគ្រួសាររបស់ សុខ ចាន់ជេស្ដា និយាយថាវាមិនសមទេ។ គ្មានអ្នកណាចង់លក់កូនដើម្បីបានលុយ២០.០០០ដុល្លារនោះទេ  ប៉ុន្តែគ្រោះថ្នាក់បានកើតឡើងទៅហើយ ហើយជនរងគ្រោះក៏ស្លាប់ហើយដែរ គ្មានវិធីធ្វើឱ្យពួកគេត្រឡប់មកវិញនោះទេ ដូច្នេះហើយពួកគាត់ក៏ទទួលយកសំណងតែម្ដងទៅ។ ការទទួលយកសំណងមិនអាចដោះស្រាយបញ្ហានេះបានរហូតនោះទេ ហើយទឹកលុយប៉ុណ្ណឹងមិនអាចប្រៀបធៀបអាយុជីវិតរបស់មនុស្សបានទេ”។

ថ្វីបើបែបនេះក្ដី ក៏លោក ម៉ែន បុ៊ុនរ៉េត និយាយថា លោកយល់ថា សំណងនេះសមរម្យ។ លោកបានគូសបញ្ជាក់ថា “ខ្ញុំយល់ថា ចំនួនសំណងនេះអាចទទួលយកបានសម្រាប់ខ្ញុំ បើខ្ញុំប្រៀបធៀបទៅគ្រោះថ្នាក់នៅតាមដងផ្លូវដែលជនរងគ្រោះខ្លះមិនទទួលបានសំណងសោះ។

លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលជាមូលដ្ឋានរស់នៅរបស់កីឡាករទូកងដែលបាត់បង់ជីវិត បានបញ្ជាក់ថា ក្រុមគ្រួសាររបស់ជនរងគ្រោះពិតជាបានទទួលយកសំណង២០.០០០ដុល្លារមែន  ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតឡើយ។

សមាជិកក្រុមគ្រួសាររបស់យុវជន សុខ ចាន់ជេស្ដា និងលោក ឈឺន ចន មិនអាចទាក់ទងសុំការបំភ្លឺបានទេ ចំណែកឯតំណាងក្រុមហ៊ុន Cruiseco បានបដិសេធមិនឆ្លើយបំភ្លឺតែម្ដង៕

សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស