30 C
Phnom Penh

លោក​​​ គឹម សុខ ប្រាប់​​​រដ្ឋាភិបាល​​​ឲ្យ​​​បញ្ចេញ​​​វីដេអូ​​​ស្តី​​​ពីការ​​​ធ្វើ​​​ឃាត​​​លោកបណ្ឌិត​​​ កែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយមិនខ្វល់នឹងបណ្តឹងទាមទារសំណងជំងឺចិត្តចំនួន៥០០.០០០ដុល្លារដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ប្តឹងនោះលោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយនយោបាយបានវិលត្រឡប់មកផ្តល់បទសម្ភាសន៍តាមវិទ្យុវិញកាលពីម្សិលមិញ ដើម្បីលើកឡើងថា រដ្ឋាភិបាលអាចដោះស្រាយសំណុំរឿងដាក់បន្ទុកមកលើរូបលោកតាមរយៈការបញ្ចេញវីដេអូស្តីពីការធ្វើឃាតលោក កែម ឡី ។

លោក គឹម សុខ បាននិយាយទាក់ទិននឹងការអត្ថាធិប្បាយរបស់លោកថា “ខ្ញុំក្លាហានទទួលខុសត្រូវចំពោះមុខច្បាប់ ប៉ុន្តែសូមឲ្យរដ្ឋាភិបាលក្លាហានដែរ ព្រោះរឿងហ្នឹងពាក់ព័ន្ធគ្នា ពាក់ព័ន្ធអំពីការចោទប្រកាន់ខ្ញុំថា ខ្ញុំនិយាយចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា សម្លាប់លោកបណ្ឌិត កែម ឡី ហើយពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៃការសម្លាប់លោកបណ្ឌិត កែម ឡី”។

លោក គឹម សុខ បានរងបណ្តឹងនេះកាលពីថ្ងៃច័ន្ទដោយសារចោទប្រកាន់គណបក្សកាន់អំណាចនេះថា បានសម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវឃាតករបាញ់សម្លាប់កាលពីខែកក្កដា អំឡុងពេលផ្តល់បទសម្ភាសន៍កាលពីថ្ងៃសៅរ៍តាមវិទ្យុអាស៊ីសេរី។ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានដំណើរការសំណុំរឿងនេះយ៉ាងលឿនដោយកោះហៅ លោក គឹម សុខ ឲ្យចូលខ្លួនមកឆ្លើយបំភ្លឺនៅថ្ងៃសុក្រ ហើយបានហាមឃាត់លោកមិនឲ្យចាកចេញពីប្រទេសឡើយ។

WP-LastImage-41-800x446អ្នកធ្វើអត្ថាធិប្បាយនយោបាយរូបនេះបានវិលត្រឡប់មកផ្តល់បទសម្ភាសន៍តាមវិទ្យុអាស៊ីសេរីវិញកាលពីម្សិលមិញ ដើម្បីបញ្ជាក់ថា លោកបានបន្ទោសលើ “ប្រព័ន្ធ” ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចំពោះការធ្វើឃាតលោក កែម ឡី ហើយបានអំពាវនាវឲ្យរដ្ឋាភិបាលបញ្ចេញវីដេអូស្តីពីការធ្វើឃាតនេះ ប្រសិនបើចង់បង្ហាញថា ខ្លួនស្អាតស្អំ។

លោកបានមានប្រសាសន៍ថា “ចង់ដឹងថា នរណានិយាយខុសត្រូវពិតអី បង្ហាញអង្គចងចាំហ្នឹងមក”។

នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃសៅរ៍ ដែលបណ្តាលឲ្យមានការដាក់ពាក្យបណ្តឹងនេះ លោក គឹម សុខ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាបាន”គ្រប” លើគណបក្សប្រឆាំងដោយមិនត្រឹមត្រូវ ហើយបានលើកឡើងតាមក្រោយថា “គេ” បានសម្លាប់លោក កែម ឡី។

ពេលនិយាយតាមទូរស័ព្ទកាលពីម្សិលមិញ លោកបានលើកឡើងថា ការសន្មតថា លោកលើកឡើងថា គណបក្សប្រជាជនកម្ពុជាមានពិរុទ្ធភាពនៅក្នុងបទឧក្រិដ្ឋនេះ គឺជារឿងខុស។

ដោយបញ្ចេញឈ្មោះប្រធានសហជីព ព្រះសង្ឃ និងសកម្មជនបរិស្ថានដែលការស្លាប់របស់ពួកគាត់ដូចការស្លាប់របស់លោកកែម ឡី  ដែរនោះ លោក គឹម សុខ បានមានប្រសាសន៍ថា “ពាក្យថា ‘គេ’ នេះសំដៅលើប្រព័ន្ធ ប្រព័ន្ធមួយស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបច្ចុប្បន្នហ្នឹង វាបណ្តាលឲ្យមានប្រព័ន្ធមួយដែលមានការសម្លាប់មនុស្សរួចហើយរកមុខឃាតករមិនឃើញ មិនត្រឹមតែលោកបណ្ឌិត កែម ឡី ទេ តាំងពីអ្នកតស៊ូមតិមុនៗដូច លោក ជា វិជ្ជា ព្រះសង្ឃ សំ  ប៊ុនធឿន លោក ឈុត វុទ្ធី អីជាដើម”។

លោកបានលើកឡើងទាក់ទិននឹងការចោទប្រកាន់របស់លោកថា “ដូច្នេះមិនសំដៅ លើនរណាម្នាក់ទេ”។

លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាចុះកាលបរិច្ឆេទកាលពីថ្ងៃច័ន្ទ ដោយបង្គាប់ឲ្យលោក គឹម សុខ ចូលខ្លួនដើម្បីឆ្លើយបំភ្លឺ នៅថ្ងៃសុក្រ ហើយបានហាមឃាត់លោកមិនឲ្យចាកចេញពីប្រទេសបណ្តោះអាសន្ន។

លោក គឹម សុខ អតីតសាស្ត្រាចារ្យសាកលវិទ្យាល័យបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចនៅប្រទេសចិនបានលើកឡើងកាលពីម្សិលមិញថា នគរបាលបានបញ្ជូនដីកាច្រឡំទៅផ្ទះម្តាយប្រពន្ធដើមរបស់លោក ប៉ុន្តែ ថា លោកគ្មានគម្រោងរត់គេចនោះឡើយ។

លោកបានលើកឡើងថា លោកនឹងព្យាយាមស្វែងរកមេធាវីដែលមិនគិតកម្រៃ ហើយប្រសិនបើលោកមិនអាចស្វែងរកមេធាវីបានទេ លោកនឹងស្នើឲ្យចៅក្រមពន្យារពេលសាកសួរ។

លោកបានថ្លែងថា “វាគឺជាសំណុំរឿងនយោបាយដែលលោក ហ៊ុន សែន បានប្រញាប់ប្រញាល់ដើម្បីបិទមាត់របស់ខ្ញុំមុនការបោះឆ្នោត”។

លោក គឹម សុខ បានលើកឡើងទៀតថា លោកជឿថាអាជ្ញាធរកំពុងតាមដានរូបលោកជាប់ជានិច្ច។ លោកបានលើកឡើងបន្តថា នគរបាលខណ្ឌដូនពេញបានឃាត់ខ្លួនមិត្តភក្តិរបស់លោក ឈ្មោះ សៀង ជិន ដែលជាអ្នកឈ្មួញរកស៊ីដីធ្លី និងមិត្តភក្តិរបស់លោក សៀង ជិន ពេលពួកគេដឹកលោក គឹម សុខ ចេញពីស្ទូឌីយូ៉របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ទៅផ្ទះរបស់លោកវិញកាលពីយប់ថ្ងៃច័ន្ទ។

អាជ្ញាធរមូលដ្ឋានបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ហើយបាននិយាយថា ពួកគេមិនដឹងរឿងនេះទេ៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស