31 C
Phnom Penh

គ.ជ.ប. នឹង​​​រៀបចំ​​​កិច្ចពិភាក្សា​​​ប្រចាំថ្ងៃ​របស់គណបក្ស​​​នយោបាយ​​​​​តាម​​​កញ្ចក់ទូរទស្សន៍ និង​​​វិទ្យុ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នឹងផ្សព្វផ្សាយកិច្ចពិភាគ្សាប្រចាំថ្ងៃរៀបរាប់ពីគោលការណ៍របស់គណបក្សនយោបាយទាំងអស់ដែលកំពុងឈរឈ្មោះនៅក្នុងការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខតាមវិទ្យុ និងទូរទស្សន៍ជាតិអំឡុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោតដែលមានរយៈពេល១៤ថ្ងៃ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យបានមានប្រសាសន៍កាលពីម្សិលមិញ។

លោក ហង្ស ពុទ្ធា បានថ្លែងថា គណបក្សនយោបាយនីមួយៗក្នុងចំណោមគណបក្សទាំង១២ដែលចូលរួមប្រកួតប្រជែងដណ្តើមអាសនៈនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ថ្ងៃទី៤ ខែមិថុនានោះ នឹងមានពេល៧នាទី និង៣០វិនាទីសម្រាប់ការផ្សព្្វផ្សាយតាមរលកធាតុអាកាស ឬវិទ្យុដោយឥតគិតថ្លៃក្នុងមួយថ្ងៃចាប់ពីថ្ងៃទី២០ ខែឧសភាទៅ នៅពេលរយៈពេលយុទ្ធនាការចាប់ផ្តើមស្តីពីកិច្ចពិភាក្សាដែលនឹងគ្របដណ្តប់លើប្រធានបទខុសៗគ្នា។

cam-photo-NEC-folo-800x533លោកបានមានប្រសាសន៍ថា សម្រាប់ការផ្សព្វផ្សាយអំឡុងយុទ្ធនាការ រាល់ខ្លឹមសារទាំងអស់នឹងត្រូវអនុម័តយល់ព្រមពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដើម្បីធានាការអនុវត្តតាមច្បាប់យុទ្ធនាការឧទាហរណ៍ដើម្បីបញ្ចៀសការវាយប្រហារ លើបុគ្គលជាដើម។

លោកបានថ្លែងថា “ប្រសិនបើពួកគេមិនឆ្លងកាត់គ.ជ.ប.ទេនោះ យើងមិនទទួលខុសត្រូវក្នុងការជួយការពារពួកគេឡើយ”។

នៅក្នុងសេចក្តីប្រកាសកាលពីសប្តាហ៍មុន គ.ជ.ប.បានលើកឡើងថា ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យលក់ស្ព័តពាណិជ្ជកម្មផ្តាច់មុខទៅឱ្យគណបក្សនយោបាយណាមួយឡើយ ហើយការហែក្បួនតាមដងផ្លូវត្រូវបានអនុញ្ញាតតែនៅថ្ងៃបើក និងថ្ងៃបិទនៃរយៈពេលយុទ្ធនាការតែប៉ុណ្ណោះ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា គណបក្សកាន់អំណាចនឹងមិនរំខានជាមួយនឹងការទិញម៉ោងផ្សាយនៅតាមស្ថានីយឯកជនឡើយ ពីព្រោះអ្នកបោះឆ្នោតបានដឹងពីសមិទ្ធផលរបស់គណបក្សរួចហើយ។

លោកបានថ្លែងថា “យើងមិនចាំបាច់ទិញម៉ោងផ្សាយទេ ពីព្រោះយើងបានបង្ហាញនូវការអភិវឌ្ឍរបស់យើងរួចហើយ ហើយប្រជាពលរដ្ឋដឹងពីរឿងនេះយ៉ាងច្បាស់”។

មន្ត្រីគណបក្សសង្គ្រោះជាតិមិនអាចទាក់ទងភ្លាមៗដើម្បីសុំការអត្ថាធិប្បាយបានឡើយកាលពីម្សិលមិញ។

លោក យ៉េង វីរៈប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានមានប្រសាសន៍ថា លោក មិនទាន់ប្រាកដថា តើគណបក្សរបស់លោកនឹងចំណាយប្រាក់ទិញម៉ោងផ្សាយឬយ៉ាងណានោះនៅឡើយទេ។

លោកបានថ្លែងថា “អ្វីដែលខ្ញុំដឹងច្បាស់គឺថា យើងនឹងចូលរួមក្នុងកម្មវិធីណាមួយរបស់គ.ជ.ប. និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ”។

សេចក្តីប្រកាសរបស់គ.ជ.ប.ក៏បានលើកឡើងផងដែរថា គណៈកម្មាធិការនេះនឹងចោទប្រកាន់ចំពោះគណបក្សណាផ្សព្វផ្សាយខ្លឹមសារដែលស្ថាប័នរដ្ឋនេះចាត់ទុកថា ខុសច្បាប់។

សេចក្តីប្រកាសដដែលនេះមានខ្លឹមសារថា “ក្នុងករណី គ.ជ.ប.រកឃើញថា ខ្លឹមសារនៃការឃោសនារំលោភលើបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ឆ្នាំ២០១៧ គ.ជ.ប.មានសិទ្ធិស្នើឱ្យគណបក្សនយោបាយធ្វើការកែតម្រូវ ហើយប្រសិនបើនៅតែមិនព្រមកែតម្រូវ គ.ជ.ប.មានសិទ្ធិដកហូត ឬបញ្ឈប់លែងឱ្យស្ថានីយវិទ្យុ និងទូរទស្សន៍នោះធ្វើការផ្សព្វផ្សាយនូវខ្លឹមសារឃោសនាទាំងស្រុង និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន”។

កាលពីដើមខែនេះ គណបក្សសង្គ្រោះជាតិបានបោះបង់ចោលពាក្យស្លោកយុទ្ធនាការដែលបានចេញផ្សាយកាលពីពេលថ្មីៗក្រោមចំណងជើងថា “ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ” ខណៈគណបក្សប្រជាជនកម្ពុជាអះអាងថា វាជាការប្រមាថ និងខុសច្បាប់៕ សារុន (រាយការណ៍បន្ថែមដោយ Hannah Hawkins)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស