31 C
Phnom Penh

លោក កឹម សុខា ប្រាប់​​​អ្នក​​​គាំទ្រ​​​ថា សង្គ្រោះ​ជាតិ​ចង់​​​បាន​​​សន្តិភាព ​​​មិនមែន​​​សង្គ្រាម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើងថា គណបក្សរបស់លោកចង់ឲ្យមានការផ្លាស់ប្តូរប្រកបដោយសន្តិវិធីតែប៉ុណ្ណោះ ដោយច្រានចោលការអះអាងម្តងហើយម្តងទៀតរបស់គណបក្សប្រជាជនកម្ពុជាដែលថា ជ័យជម្នះនៅក្នុងការបោះឆ្នោតរបស់គណបក្សប្រឆាំងនឹងនាំសង្គ្រាមដល់ប្រទេសកម្ពុជានោះ។

លោក កឹម សុខា បានលើកឡើងនៅទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញថា “យើងមិនធ្វើឲ្យមានការផ្លាស់ប្តូរតាមរយៈរដ្ឋប្រហារ សង្គ្រាម  បដិវត្តន៍ ឬទម្រង់អំពើហិង្សាផ្សេងៗជាដាច់ខាត”។

លោក កឹម សុខា បានលើកឡើងទៀតថាសមាជិកគណបក្សប្រឆាំងគ្មានបទពិសោធន៍ធ្វើសង្គ្រាម និងគ្មានអាវុធសម្រាប់បាញ់ទេ ហើយគ្មានជម្លោះជាមួយពលរដ្ឋខ្មែរផ្សេងៗទៀត ឬប្រទេសជិតខាងនោះឡើយ។

លោក កឹម សុខា ថ្លែងទៅកាន់សមាជិកគណបក្សសង្គ្រោះជាតិអំឡុងសមាជឥតព្រៀងទុកនៅទីស្នាក់ការកណ្តាលរបស់គណបក្សនេះក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក កឹម សុខា ថ្លែងទៅកាន់សមាជិកគណបក្សសង្គ្រោះជាតិអំឡុងសមាជឥតព្រៀងទុកនៅទីស្នាក់ការកណ្តាលរបស់គណបក្សនេះក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកបានមានប្រសាសន៍ថា “យើងមិនមែនទៅប្រយុទ្ធគ្នា ទៅវាយតប់គ្នា ឬឈ្លោះជាមួយនរណាម្នាក់នោះឡើយ ប៉ុន្តែ យើងកំពុងដើរឆ្ពោះទៅកាន់ការបោះឆ្នោត…សម្រាប់ ការផ្លាស់ប្តូរដោយវិជ្ជមាន”។

ទោះជាយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា កម្មវិធីនយោបាយរបស់គណបក្សប្រឆាំងមួយនេះកើតចេញពីបំណងសងសឹកនិងដើរតាមលំអានរបស់ខ្មែរក្រហម ដោយលើកឡើងនូវអ្វីដែលលោកអះអាងថា ជាការអះអាងម្តងហើយម្តងទៀតរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិថា គណបក្សប្រឆាំងនឹងយកដីពីអ្នកមានចែកឲ្យអ្នកក្រ។

លោកបានសរសេរសារនៅក្នុងកម្មវិធីតេឡេក្រាមថា “តាមរយៈសារនយោបាយនេះគេគ្រប់គ្នាអាចមើលដឹងថា ចៀសមិនផុតពីកើតសង្គ្រាមនោះឡើយ”។ លោកបានសរសេរបន្ថែមថា “ឥឡូវនេះប្រធានគណបក្សថ្មីបានលើកឡើងថា នឹងគ្មានសង្គ្រាមទេប្រសិនបើពួក គេឈ្នះឆ្នោត។ វាគ្រាន់តែជាពាក្យបោកប្រាស់ប្រជាពលរដ្ឋប៉ុណ្ណោះ”។

លោក ហ៊ុន សែន ជាធម្មតាតែងតែក្រើនរំឭកអ្នកបោះឆ្នោតថា លោក និងគណបក្សប្រជាជនកម្ពុជាបាននាំសុខសន្តិភាពជូនកម្ពុជា  បន្ទាប់ពីមានសង្គ្រាមរាប់ទសវត្សរ៍ ហើយថា គូប្រជែងរបស់លោក នឹងធ្វើឲ្យសង្គ្រាមនេះត្រឡប់មកវិញ ជាការលើកឡើងដែលអ្នកវិភាគនិយាយថា គ្មានប្រសិទ្ធភាពចំពោះអ្នកបោះឆ្នោតក្មេងៗដែលមិនមានអារម្មណ៍ដិតដាមដោយអំពើហិង្សានាពេលអតីត។

កាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្ត្រីបានចាប់ផ្តើមប្រើពាក្យពេចន៍ទ្រគោះបោះបោកអំឡុងរដូវបោះឆ្នោត ដោយលើកឡើងពាក់ព័ន្ធគូប្រជែងដែលលោកអះអាងថានឹងជំរុញឲ្យមានសង្គ្រាម។

លោក ហ៊ុន សែន បានមានប្រសាសន៍អំឡុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានថ្មីមួយនៅក្នុងខេត្តកណ្តាលតភ្ជាប់ប្រទេសកម្ពុជា និងវៀតណាមថា “នៅពេលខាងមុខពិតណាស់មានអ្នកដែលចង់បានសន្តិភាព និងអ្នកថែរក្សាសន្តិភាព ដើម្បីធានាការអភិវិឌ្ឍ តែក៏មានអ្នកចង់បាននូវជម្លោះជាមួយប្រទេស ជិតខាងដែរ”។ លោកបានមានប្រសាសន៍បន្ថែម ថា “ខ្ញុំគិតថាប្រជាពលរដ្ឋរស់នៅតាមព្រំដែនទាំងអស់ចង់បានសន្តិភាព និងការអភិវឌ្ឍ មិនមែនសង្គ្រាមនោះទេ”។

គណបក្សប្រឆាំងមួយនេះតែងតែទាក់ទាញចំណាប់អារម្មណ៍សាធារណជនម្តងហើយម្តងទៀតឲ្យផ្តោតលើការឈ្លានពានរបស់វៀតណាមមកលើព្រំដែនប្រទេសកម្ពុជា និងទំនាក់ទំនងនយោបាយរវាងរដ្ឋាភិបាលក្រុងហាណូយ និងគណបក្សប្រជាជនកម្ពុជា ហើយជួនកាលក៏មានការប្រើប្រាស់ពាក្យរើសអើងពូជសាសន៍ដែលជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រនយោបាយដ៏មានប្រសិទ្ធភាពរបស់ខ្លួនផងដែរ។

ប៉ុន្តែ លោក កឹម សុខា ទំនងជាមិនលើកទឹកចិត្តឲ្យសមាជិកគណបក្សរបស់លោកប្រើពាក្យបែបនេះនោះឡើងកាលពីម្សិលមិញ។

លោកបានមានប្រសាសន៍ថា “យើងមិនចាត់ទុកប្រទេសណាមួយជាសត្រូវរបស់យើងទេ ជាពិសេសប្រទេសជិតខាង ពីព្រោះ យើងមានការគោរពគ្នាទៅវិញទៅមកដោយ ភាពថ្លៃថ្នូរមានសុភាវធម៌ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដី”។

សមាជិកគណបក្សសង្គ្រោះជាតិបោះឆ្នោតអំឡុងសមាជឥតព្រៀងទុកនៅទីស្នាក់ការកណ្តាលរបស់គណបក្សនេះក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
សមាជិកគណបក្សសង្គ្រោះជាតិបោះឆ្នោតអំឡុងសមាជឥតព្រៀងទុកនៅទីស្នាក់ការកណ្តាលរបស់គណបក្សនេះក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក កឹម សុខា ក៏បានណែនាំបេក្ខជននិងសមាជិកគណបក្សសង្គ្រោះជាតិ កុំឲ្យប្រើប្រាស់ពាក្យ “អសុរោះជេរប្រមាថ និងពាក្យរើសអើងពូជសាសន៍”ផងដែរអំឡុងយុទ្ធនាការ ឃោសនា ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ខែឧសភា រហូតដល់ថ្ងៃទី២ខែមិថុនា សម្រាប់ការបោះឆ្នោតឃុំ សង្កាត់។

លោកបានមានប្រសាសន៍ថា “មានផ្លូវមួយចំនួនដែលអ្នកផ្សេងៗអាចដើរបាន ប៉ុន្តែ យើងមិនអាចដើរបានទេ ហើយមានសកម្មភាពមួយចំនួនដែលអ្នកផ្សេងៗអាចធ្វើបាន ប៉ុន្តែយើងមិនអាចធ្វើបានទេ ហើយមានពាក្យខ្លះដែលអ្នកផ្សេងៗអាចនិយាយបាន ប៉ុន្តែយើងមិនអាចនិយាយបានទេ”។

លោក សុខ ឥសាន បានលើកឡើងទៀតថា នេះគឺជាឧបាយកលមួយទៀតរបស់លោក កឹម សុខា។

លោកបានមានប្រសាសន៍ថា “គួរឲ្យហួសចិត្ត កឹម សុខា និយាយថា គាត់មិនអាចនិយាយ បានទេ ទោះបីជាការពិតលោកកំពុងនិយាយ” នៅទីស្នាក់ការកណ្តាលរបស់ខ្លួនក៏ដោយ។ លោកបានមានប្រសាសន៍បន្តថា “គ្មាននរណា ម្នាក់ហាមឃាត់គាត់មិនឲ្យនិយាយនោះទេហើយគ្មានការបំផិតបំភ័យគាត់នោះឡើយ។គាត់អាចនិយាយបានដោយសេរី”។

លោក សុខ ឥសាន បានសរសេរថា លោក  កឹម សុខា “ធ្វើសកម្មភាពនយោបាយដោយសេរី ហើយគ្មានការភ័យខ្លាចនោះឡើយ ប៉ុន្តែគាត់និយាយថា គាត់ស្ថិតក្នុងភាពភ័យខ្លាច”។ លោកបានសរសេរបន្តថា “ហេតុដូច្នេះ វាពិតជាល្បិចកល”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស