42.2 C
Phnom Penh

រោងចក្រកាត់ដេរសន្យាជួយលោកហ៊ុន សែនពន្យល់សហគមអ៊ឺរ៉ុបកុំឲ្យដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគមរោងចក្រកាត់ដេរសន្យាជួយរបបលោកហ៊ុន សែនពន្យល់សហគមអ៊ឺរ៉ុបកុំឲ្យដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា សមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC) កាលពីថ្ងៃទី១៧ ខែតុលា បានប្តេជ្ញាថា ខ្លួននឹងជួយរបបលោកហ៊ុន សែនក្នុងការបញ្ចុះបញ្ចូលកុំឲ្យ គណៈកម្មាធិការសហភាពអ៊ឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាលើផលិតគ្រប់ប្រភេទលើកលែងតែអាវុធ ឬEBA។

អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា ឬ GMAC លោកកាំង ម៉ូនីកាបានប្រាប់ក្រុមអ្នកសារព័ត៌មានថា សមាគមរបស់លោកនឹងចូលរួមជាមួយរបបក្រុងភ្នំពេញដើម្បីពន្យល់ទៅកាន់គណៈកម្មាធិការសហភាពអ៊ឺរ៉ុបកុំឲ្យវាយតម្លៃខុសអំពីកម្ពុជា ពីព្រោះកន្លងមកកម្ពុជាបានអនុវត្តល្អក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ គោរពសិទ្ធិកម្មករ និងសហជីព។

លោកបារម្ភថា ប្រសិនបើសហភាពអ៊ឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាមែន វានឹងនាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជា។

ទោះជាយ៉ាងណាក៏ដោយក្រុមសហជីពព្រមានថា ដើម្បីចៀសផុតពីការដកប្រព័ន្ធអនុគ្រោះពន្ធបាន លុះត្រាតែសមាគមរោងចក្រកាត់ដេរកម្ពុជាជួយជំរុញឲ្យរបបលោកហ៊ុន សែនដោះស្រាយវិបត្តិ នយោបាយ ស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ គោរពសិទ្ធិមនុស្ស និងគោរពលក្ខខណ្ឌការងារឲ្យបានល្អ។

អ្នកវិភាគឯករាជ្យលោកបណ្ឌិតឡៅ ម៉ុងហៃធ្លាប់ប្រាប់កាសែត The Cambodia Daily ថា ប្រសិនបើកម្ពុជាទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អឺរ៉ុបមែន នោះកម្ពុជានឹងមានភាពវឹកវរជាខ្លាំង ហើយការដឹកនាំតាមនយោបាយឈ្នះឈ្នះរបស់លោកហ៊ុន សែន អាចគ្រប់គ្រងស្ថានការណ៍លែងបាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស