27 C
Phnom Penh

អាជ្ញាធរខេត្តមួយចំនួន ហាមអតីតសកម្មជនបក្សសង្រ្គោះជាតិមិនឱ្យរៀបចំបុណ្យគំរប់ខួប៣ឆ្នាំ បណ្ឌិត កែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតសកម្មជនគណបក្សសង្រ្គោះជាតិនៅខេត្តមួយចំនួន ដូចជា ខេត្តកំពង់ចាម បាត់ដំបង និងខេត្តបន្ទាយមានជ័យជាដើម អះអាងថា អាជ្ញាធរមូលដ្ឋានបានហាមពួកគាត់មិនឲ្យធ្វើពិធីបុណ្យរំលឹកខួប ៣ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅគេហដ្ឋានរបស់ខ្លួនឡើយ ក្រោមហេតុផលថាមិនបានសុំច្បាប់ជាមុន។

អតីតសមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ នៅឃុំវាលវង់ ស្រុកកំពង់ចាម អ្នកស្រី ទឹង សុភាព បញ្ជាក់ថា អ្នកស្រី និងពលរដ្ឋមួយចំនួនដែលគោរពស្រលាញ់លោកបណ្ឌិតកែម ឡី គ្រោងនាំគ្នាធ្វើពិធីរំលឹកខួប៣ឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត នៅបរិវេណផ្ទះអ្នកស្រីផ្ទាល់នៅថ្ងៃស្អែកនេះ។ ប៉ុន្តែអ្នកស្រីអះអាងថាកាលពីថ្ងៃម្សិលមិញ អាជ្ញាធរមូលដ្ឋានបានហាមឃាត់មិនឲ្យក្រុមអ្នកស្រីប្រារព្ធពិធីនេះទេ ក្រោមហេតុផលថា ពុំបានសុំច្បាប់អនុញ្ញាត។

ដោយឡែក អតីតមន្ត្រីគណបក្សប្រឆាំងនៅខេត្តបាត់ដំបង តាមរយៈ            វីដេអូខ្លីបមួយដែលបង្ហោះនៅលើគណនីហ្វេសប៊ុករបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក សោរ ចាន់ដេត នៅថ្ងៃនេះ បានបង្ហាញថា ពលរដ្ឋគ្រោងរៀបចំពិធីបែបសាសនា ដើម្បីរំលឹកខួប៣ឆ្នាំ នៃអំពើឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី ប៉ុន្តែត្រូវបានអភិបាលរងក្រុង និងសមាជិកក្រុមប្រឹក្សាសង្កាត់ទួលតាឯក ក្នុងខេត្តបាត់ដំបងសួរនាំ ក្នុងចេតនាហាមឃាត់មិនឱ្យអតីតមន្ត្រីបក្សប្រឆាំងប្រារព្ធខួប លោក កែម ឡីឡើយ។

រីឯចៅសង្កាត់អូរអំបិល មកពីបក្សប្រជាជនកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ លោក ធូ ណាគ្រី កាលពីថ្ងៃម្សិលមិញបានចេញលិខិតកោះហៅ អតីតចៅសង្កាត់អូរអំបិលជាប់ឆ្នោតមកពីគណបក្សសង្រ្គោះជាតិ គឺ លោក សួន សៀប ដើម្បីសួរនាំជុំវិញការរៀបចំពិធីរំលឹកខួប៣ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅថ្ងៃនេះផងដែរ ហើយក៏បានប្រាប់ឱ្យអតីតចៅសង្កាត់បក្សប្រឆាំងរូបនេះបញ្ឈប់ជាបន្ទាន់នូវគម្រោងធ្វើបុណ្យនេះ ព្រោះតែគ្មានការសុំច្បាប់។

ទោះបីជាយ៉ាងនេះក្តី ក្នុងចំណោមអតីតសកម្មជន និងមន្ត្រីបក្សប្រឆាំងទាំងនេះ គឺមានអ្នកខ្លះនៅតែជម្នះប្រារព្ធខួប៣ឆ្នាំ របស់លោកបណ្ឌិត កែម ឡី ដដែល។

ជាក់ស្តែងអតីតសកម្មជនបក្សប្រឆាំងនៅសង្កាត់វាលវង់ ខេត្តកំពង់ចាម អ្នកស្រី ទឹង សុភាព អះអាងថា អ្នកស្រីនៅតែរៀបចំពិធីបុណ្យខួបនេះដដែល ដោយលើកឡើងថាពួកគាត់មិនបានធ្វើអ្វីខុសច្បាប់នោះឡើយ។

ក្រុមសង្គមស៊ីវិលលើកឡើងថា ការហាមឃាត់នេះ គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ពិសេសជាការរំលោភសិទ្ធិពលរដ្ឋក្នុងការប្រារព្ធពិធីតាមបែបសាសនាផងដែរ។

លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី ១០ កក្កដា ២០១៦ នៅក្នុងហាងស្តារម៉ាត នៃបរិវេណស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ក្បែរផ្ទះរបស់លោក ហ៊ុន តូ ដែលជាក្មួយបង្កើតលោកហ៊ុន សែន។ អស់រយៈពេល ៣ឆ្នាំ ឃាតកម្មនៅមិនទាន់ត្រូវបានសមត្ថកិច្ចស្វែងរកយុត្តិធម៌ពិតប្រាកដសម្រាប់លោក បណ្ឌតិ កែម ឡី និងក្រុមគ្រួសារបស់គាត់ នៅឡើយ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស