31 C
Phnom Penh

ក្រសួងសុខាភិបាលអះអាងថា អ្នកដំណើរលើនាវា Westerdam ជិត១ពាន់នាក់គ្មានមេរោគកូរ៉ូណា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាលប្រកាសថា អ្នកដំណើរនាវា Westerdam ជិត១ពាន់នាក់ (៧៨១)ដែលនៅសល់ចុងក្រោយលើនាវានេះ មិនមានមេរោគ Covid-19 ឬ កូរ៉ូណានោះទេ។ ការអះអាងនេះ ក្រោយពេលលទ្ធផលធ្វើតេស្តពិនិត្យលើសំណាករបស់អ្នកដំណើរទាំងនោះ បង្ហាញថាពួកគេ អវិជ្ជមាន ឬ គ្មានមេរោគកូរ៉ូណានេះទេ។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ នេះ អះអាងថា លទ្ធផលពិនិត្យសុខភាពលើអ្នកដំណើរតាមនាវា Westerdam ទាំងអស់ដែលនៅសេសសល់ប្រមាណ ៧៨១នាក់ទាំងនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ គឺមិនមានមេរោគកូរ៉ូណាឡើយ។ ក្រោយពេលចេញលទ្ធផលនេះ កម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ កំពុងសម្រួលដល់ពួកគេដើម្បីចាកចេញពីកម្ពុជា បានទៅជួបជុំក្រុមគ្រួសារនៅប្រទេសកំណើតរបស់ពួកគេផងដែរ។

ប្រភពដដែលបន្ថែមទៀត ថា ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ឡើយ ពោលគឺពួកគេមានសុខភាពធម្មតា និងមិនមានអ្នកឡើងកំដៅនោះដែរ។

គិតត្រឹមថ្ងៃពុធនេះ ប្រភពសារព័ត៌មានបរទេសបានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណា ឡើងដល់២០១០នាក់ ហើយអ្នកជំងឺកើនឡើងដល់ប្រមាណ ៧ម៉ឺន ៥ពាន់នាក់ នៅប្រទេសចំនួន២៦ ដោយភាគច្រើនបំផុតនៅចិន ជាពិសេសនៅក្រុងវូហាន ខេត្តហឺប៉ី ដែលជាកន្លែងផ្ទុះជំងឺនេះដំបូង។

សម្រាប់កម្ពុជា រកឃើញថាជំងឺកូរ៉ូណានេះ បានកើតឡើងលើបុរសជនជាតិម្នាក់ប៉ុណ្ណោះដែលមកពីក្រុងវូហាន មកលេងនៅខេត្តព្រះសីហនុ ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យកម្ពុជាព្យាបាលឱ្យជាសះស្បើយ និងបានអនុញ្ញាតឱ្យជនជាតិចិនរូបនោះ និងគ្រួសារត្រឡប់ទៅប្រទេសកំណើតហើយដែរ។

 កាលពីថ្ងៃទី១៥ ខែកុម្ភៈ អាជ្ញាធរម៉ាឡេស៊ីប្រកាសរកឃើញវីរុសកូរ៉ូណាលើស្ត្រីជនជាតិអាមេរិកាំងអាយុ ៨៣ឆ្នាំម្នាក់ដែលជាអ្នកដំណើរលើនាវាទេសចរណ៍អាមេរិកឈ្មោះ Westerdam ដែលបានចុះចតនៅខេត្តព្រះសីហនុកាលពីថ្ងៃទី ១៣កុម្ភៈ បន្ទាប់ពីអ្នកស្រីបានចាកចេញពីនាវានេះ ហើយបន្តដំណើរតាមជើងយន្តហោះទៅកាន់ប្រទេសកំណើតខ្លួន ដោយចុះចតនៅប្រទេសម៉ាឡេស៊ី មុននឹងបន្តទៅសហរដ្ឋអាមេរិក។

នាវា Westerdam ដែលផ្ទុកទៅដោយអ្នកដំណើរជាង២ពាន់នាក់ដែលមាន៤១ជាតិសាសន៍ បានចេញដំណើរពីទីក្រុងហុងកុងកាលពីថ្ងៃទី០១ ខែកុម្ភៈ ត្រូវបានកម្ពុជាអនុញ្ញាតចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ បន្ទាប់ពីប្រទេសនិងកោះចំនួន៦ បានបដិសេធមិនឱ្យនាវានេះចុះចតលើទឹកដីរបស់ពួកគេ ព្រោះខ្លាចមានអ្នកជំងឺកូរ៉ូណាលើនាវានោះ ហើយឆ្លងរាលដាលដល់ជនជាតិពួកគេ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស