39 C
Phnom Penh

តំបន់អាស៊ាន មានវិធានាការប្រហាក់ប្រហែលគ្នា ក្នុងការប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណា លើកលែងកម្ពុជាប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស នៅក្នុងតំបន់នៃសមាគមអាស៊ាន កំពុងនាំគ្នាចាត់វិធានការ យ៉ាងសកម្មក្នុងទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការផ្ទុះមេរោគកូរ៉ូណា ដែលមានប្រភពចេញពី ក្រុងវូហាន ខេត្តអ៊ូប៉ី ប្រទេសចិន។ ប្រទេសថៃ ម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងហ្វីលីពីន មានសកម្មភាពខ្លាំងជាងគេ ក្នុងចំណោមប្រទេស ទាំង១០នៃសមាគមអាស៊ាន។

ចំណែកប្រទេសកម្ពុជា ស្លន់ស្លោ ចុងក្រោយជាងគេ ដែលបានបិទសាលារៀន នៅក្នុងទីរួមខេត្តសៀមរាប បន្តាប់ពីរកឃើញបុរសជនជាតិខ្មែរម្នាក់បានឆ្លងមេរោគកូរ៉ូណា ពីបុរសជនជាតិជប៉ុនម្នាក់ ដែលទើបចាកចេញពីកម្ពុជា ទៅប្រទេសជប៉ុនវិញ ហើយត្រូវបានរកឃើញថា ផ្ទុកមេរ៉ូកូណា ឬ Covode- 19 ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA ដែលលោកនាយករដ្ឋមន្ត្រី ចោទថា បាន ចុះផ្សាយអត្ថបទបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ដោយសារសាព័ត៌មានមួយនេះបានចុះផ្សាយថា កម្ពុជាជាប្រភពនៃការចម្លងមេរោគកូរ៉ូណា។

រហូតមកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងមោរោគកូរ៉ូណាចំនួន ៣នាក់ ហើយបើរាប់ទាំងជនជាតិចិន និងជនជាតិជប៉ុន នៅពេលពួកគេចាកចេញពីកម្ពុជា។ ចំណែកមនុស្ស ៤៣នាក់ ទៀត ដែលស្និទ្ធនឹងបុរសខ្មែរ និងបុរសជនជាតិជប៉ុន ត្រូវបានដាក់អោយស្ថិតក្នុងការតាមដាន រយៈពេល១៤ថ្ងៃ។

ពីប្រទេសវៀតណាម ឯនោះវិញ សេចក្ដីរាយការណ៍ចុងក្រោយ បានអោយដឹងថា អ្នកឆ្លងមេរោគកូរ៉ូណា បានហក់ឡើង ២៩នាក់ ហើយ។  រដ្ឋាភិបាលវៀតណាម បានប្រកាសត្រួតពិនិត្យទាំងអស់អំពីប្រវត្តិសុខភាពរបស់ អ្នកធ្វើដំណើរពីកម្ពុជា និង អឺរ៉ុប។

នៅតំបន់ ជាប់ប្រទេសចិន អាជ្ញាធរ វៀតណាម បានបិទសាលារៀនទាំងអស់ ហើយនៅក្នុងឃុំមួយ នៃជាយក្រុងហាណូយ ដែលមាន ពលរដ្ឋមួយម៉ឺននាក់ ក៏ត្រូវបានរដ្ឋាភិបាលកម្មុយនីសមួយនេះ ដាក់    អោយស្ថិតក្នុងការតាមដាន រយៈពេល១៤ថ្ងៃ ព្រោះ អ្នកភូមិនៅទីនោះ មានអ្នកផ្ទុកមេរោគកូរ៉ូណា ដល់ទៅ ៦នាក់។ ក្រសួងសុខាភិបាលវៀតណាម បានដាក់បញ្ចាអោយ ក្រុមជំនាញ ផ្នែកសុខភាពសាធារណៈចុះបាញ់ថ្នាំសម្លាប់មេរោគ ជាញឹកញាប់ នៅតំបន់ទាំងឡាយណា ដែលមានអ្នកផ្ទុកមេរោគ កូរ៉ូណា ជាពិសេស នៅទីក្រុងហាណូយ ជា ចំណុចកណ្ដាលនៃរដ្ឋាភិបាល។

ចំណែកប្រទេសថៃ បើតាម សេចក្ដីរាយការណ៍នៃគេហទំព័រអាស៊ាន asean briefing.com  គិតមកដល់ថ្ងៃទី៩ ខែមីនានេះ អ្នកឆ្លងមេរោគដ៏កំណាច បានកើនឡើងដល់ទៅ៥០នាក់ បន្ទាប់ពីរកឃើញមនុស្ស២នាក់ទៀត កាលពីថ្ងៃសុក្រដែលមានផ្ទុកមេរោគនេះ។ ក្នុងចំណោម អ្នកឆ្លងរោគកូរ៉ូណាទាំង៥០នាក់នោះ មានម្នាក់បានស្លាប់បាត់បង់              ជីវិត។ រហូតមកទល់ពេលនេះ ប្រទេសថៃក៏បានរឹតបន្តឹងផងដែរចំពោះ អ្នកដំណើរដែលចូលទឹកដីថៃពីប្រទេសកម្ពុជា។

ដោយឡែក ប្រទេសឡាវឯណោះវិញ ទោះបីមិនល្បីជាងគេ រឿងវិរុសកូរ៉ូណា មែន ប៉ុន្តែចុងក្រោយនេះមានមនុស្សពីរនាក់បានដាក់ក្រោមការតាមដានរយៈពេល១៤ថៃ្ង។

សាលារៀនមួយចំនួនជាប់ព្រំដែននៃប្រទេសចិន ត្រូវបានបិទនិងច្រកទ្វារព្រំដែនភាគច្រើន ជាមួយនឹងចិន ក៏បានបិទដែរ។ ប្រទេសឡាវ ហាក់ប្លែងជាងគេ បន្តិច ដោយសារប្រទេស សង្គមនិយមមួយនេះ មានកិច្ចសហការល្អជាមួយអាមេរិក ដែលទទួលបានសម្ភារពេទ្យដើម្បី ប្រឆាំងមេរោគកូរ៉ូណា រាប់ពាន់ប្រដាប់ប្រដារ។

ពីប្រទេសភូមា ឯនោះវិញប្រទេសនេះ បានរឹតបន្តឹងព្រំដែន ជាមួយចិន តាំងពីដំបូង ដោយបានត្រួតពិនិត្យសុខភាពអ្នកដណើរ ពីប្រទេសចិន ហើយក្រោយមកក៏ចាប់ផ្ដើមបិទច្រកព្រំដែនថែមទៀត។ យ៉ាងហោចណាស់មានមនុស្ស ៧នាក់ ដាក់អោយស្ថិតក្រោមការតាមដាន។ ប្រទេសនេះ បានសម្រេចបិទពិធីធំទាំងអស់របស់ប្រទេស រួមទាំងការធ្វើសមយុទ្ធយោធា ប្រចាំឆ្នាំផងដែរ។

ចំណែក ប្រទេសម៉ាឡេស៊ី ដែលកម្ពុជា ចាត់ទុកថា បានប្រមាថ កម្ពុជា ដោយសារប្រទេសនេះ រកឃើញស្ត្រីជនជាតិអាមេរិក អាយុជាង៨៣ ម្នាក់ ផ្ទុកមេរោគកូរ៉ូណា ដោយចេញពីកម្ពុជា ហើយស្រ្តីម្នាក់នោះ ជាអ្នកដំណើរពីនាវាទេសចរណ៍អន្តរជាតិ Westerdam។ ប្រទេសនេះ មានអ្នកផ្ទុក មេរោគកកូវិដ -១៩នេះ ចំនួន ៣៦នាក់ ហើយក៏ជាប្រទេសដែលបានបិទជើងហោះហើរ ពីប្រទេសចិន និងពីកម្ពុជាដែរ។

ដោយឡែក ប្រទេស សិង្ហបុរី មានអ្នកផ្ទុកមេរោគនេះ បានហក់ឡើង ១៥០នាក់ គិតមកដល់ថៃ្ងនេះ។ ប្រទេសសិង្ហបុរីបានប្រាប់អោយ ប្រជាជន ទាំងអស់ត្រូវពាក់ម៉ាស់ ហើយកងទ័ពរាប់ពាន់នាក់ ត្រូវបានបញ្ជា អោយ ចេញប្រតិបត្តិការចែកម៉ាស់អោយពលរដ្ឋរបស់គេដោយមិនគិតថ្លៃថែមទៀត។

ប្រទេសនេះ ក៏បានកាត់បន្ថយជើងហោះ ពីកម្ពុជា ពីអឺរ៉ុប កូរ៉េខាងត្បូង និងពីប្រទេសចិនទាំងស្រុងតែម្តង។

រីឯប្រទេស ហ្វីលីពីន គឺប្រទេសនេះ បានបិទទិដ្ឋាការពលរដ្ឋចិនមុនគេ បង្អស់ ហើយក្រោយមក ក៏បានបិទជើងហោះហើយទាំងស្រុងជាមួយចិនថែមទៀត ។ ប្រទេសនេះ បានដាក់មនុស្ស ៣៨២នាក់ ស្ថិតក្នុងការតាមដានសុខភាព ខណៈមនុស្សចំនួន ២២៦ ផ្សេងទៀត ត្រូវបាន              បញ្ចូនទៅព្យាបាល ហើយខ្លះក៏បានជាសះស្បើយចេញពីមន្ទីរពេទ្យ ចំនួន ១១១នាក់ ប៉ុន្តែមានអ្នកជំងឺម្នាក់បានស្លាប់។

ពីប្រទេស ឥណ្ឌូនេស៊ី ឯណោះវិញ  ប្រទេសនៃសមាគមអាស៊ានដ៏ធំ នេះ មានអ្នកផ្ទុកមេរោគនេះ តែ៦នាក់ប៉ុណ្ណោះ ។ ប៉ុន្តែប្រទេសនេះ បានដាក់មនុស្ស នៅលើកោះ Natuna ២៤៥ នាក់ ស្ថិតក្នុងការតាមដានសុខភាព ហើយកម្មករមកពីប្រទេសចិនចំនួន ៤ម៉ឺន៣ពាន់នាក់នៅលើកោះ Sulawesi  ត្រូវហាមឃាត់មិនអោយចាកចេញទៅណាទាំងអស់។ ប្រទេសនេះ ក៏បានកាត់បន្ថយជើងហោះហើរ ពីប្រទេសចិន និងកូរ៉េខាងត្បូងផងដែរ។

ចុងក្រោយនេះ គឺប្រទេសព្រុយណេ ប្រទេសតូចមួយនេះ ពុំមានទាន់ឃើញពីការឆ្លងមេរោគកូរ៉ូណានោះនៅឡើយទេ។

ប៉ុន្តែយ៉ាងហោចណាស់មានមនុស្ស ១៥៨នាក់ បានដាក់ក្នុងការតាមដានសុខភាព។ ប្រទេសដែនដី កោះតូចមួយនេះ ក៏ប្រកាសរឹតត្បិត អ្នកដំណើរពីបរទេសមិនអោយចូលទឹកដី ប្រទេសនេះដែរ ជាពិសេស អ្នកដំណើរមកពីប្រទេសចិន។

ជាការកត់សំគាល់ ប្រទេស អាស៊ាន ស្ទើរទាំអស់ បានរឹតបន្តឹង ឬក៏បន្ថយជើងហោះហើយ ពីប្រទេសចិន ពីប្រទេសជប៉ុន ពីកូរ៉េខាងត្បូង ពី អ៊ីរ៉ង់ ពី អីតាលី ជាប្រទេសស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៃការផ្ទុះមេរោគកូរ៉ូណា លើកលែង កម្ពុជាមួយប៉ុណ្ណោះ ពុំបានប្រកាសការកាត់បន្ថយជើងហោះ ហើរ ឬរឹតបន្តឹងអ្នកដំណើរ ពីប្រទេសទាំងនេះទេ។

តែយ៉ាងណាក៏ដោយកម្ពុជា ហាក់ដើរថយក្រោយមួយចំហាន វិញ ដោយប្រកាសបិទ សាលារៀន និងពិធីបុណ្យសង្រ្កាន អង្គរបន្ទាប់ពី ពលរដ្ឋកម្ពជា ម្នាក់នៅខេត្តសៀមរាមបានឆ្លងមេរោគកូរ៉ូណានេះពីជនជាតិជប៉ុន។
 គិតត្រឹមថ្ងៃចន្ទទី៩ មីនានេះ មនុស្ស ដែលបានឆ្លងមេរោគនេះ មាន ១០ម៉ឺន ៨ពាន់នាក់ ក្នុងចំណោមចំនួន ៨៩ ប្រទេសនៅទូទាំងពិភពលោក ហើយយ៉ាងហោចណាស់មានអ្នកស្លាប់ដល់ទៅ ៣ពាន់៨រយនាក់។ អ្នកស្លាប់ភាគច្រើន គឺនៅប្រទេសចិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស