32 C
Phnom Penh

លោក ហ៊ុន ម៉ាណែត បណ្តេញ​មន្ត្រី​៧៦​នាក់​ចេញពី​ក្របខ័ណ្ឌ​ក្រោយ​តេស្ដ​រក​ឃើញ​សារធាតុ​ញៀន​តាម​ទឹកនោម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត សរសេរ​នៅ​ក្នុង​បណ្តេញ​សង្គម​តេឡេក្រាម​របស់​លោក​ដោយ​អះអាង​ថា មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​ចំនួន ៧៦​នាក់ ត្រូវ​បាន​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​ក្រោយ​ធ្វើ​តេស្ដ​រក​ឃើញ​សារធាតុ​ញៀន​តាម​ទឹកនោម។

លោក​បាន​រៀបរាប់​ថា គិត​ត្រឹម​រយៈពេល​ជាង ២​ខែ ចាប់ពី​ខែ​កុម្ភៈ មក​ដល់​ថ្ងៃទី​២៩ ខែ​មេសា នេះ ចំនួន​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ត្រូវ​បាន​ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​តាម​ទឹកនោម​មាន​ចំនួន​ជាង ៥​ម៉ឺន​នាក់ (៥៦ ៤៤៥​នាក់) ក្នុង​នោះ​វិជ្ជមាន​ចំនួន ៧៦​នាក់ ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ។

កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​បទបញ្ជា​ឲ្យ​មាន​ការ​ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​តាម​ទឹកនោម ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​នៅ​តាម​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

ជាមួយ​នឹង​ការ​ដាក់​ចេញ​នូវ​វិធានការ​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​បន្ត​អនុវត្ត​តាម​បទបញ្ជា មាន​ដូចជា ការ​ស្វែងរក​ជំនួយ​ដើម្បី​ទទួល​បាន​ឧបករណ៍​ធ្វើ​តេស្ដ​បន្ថែម និង​កិច្ចសហការ​ជាមួយ​ក្រសួង​សុខាភិបាល ដើម្បី​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​មួយ​ឡើង​សម្រាប់​ធ្វើ​តេស្ដ​ឡើងវិញ​ក្នុង​ករណី​មាន​ការ​តវ៉ា​ណា​មួយ។

ពាក់ព័ន្ធ​បញ្ហា​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​ក្រសួង​ព័ត៌មាន ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​ទូរសព្ទ ឬ​ហៅថា APP NO DRUG កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៤។ ការ​ដាក់​ឱ្យ​ដំណើរការ App នេះ ដើម្បី​ផ្តល់​ព័ត៌មាន​ពី​បញ្ហា​គ្រឿងញៀន​កាន់តែ​ទូលំទូលាយ​ដល់​សាធារណជន​តាមរយៈ​វីដេអូ​កម្សាន្ត អប់រំ ព័ត៌មាន មេរៀន និង​ការ​ដាក់​បញ្ចូល​នូវ​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​អប់រំ​កែប្រែ​ទូទាំង​ប្រទេស រដ្ឋ និង​ឯកជន។

អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក មាស វិរីទ្ធ បាន​ថ្លែង​កន្លង​មក​ថា ក្នុង​ន័យ​រក្សា​ការពារ​សមិទ្ធផល​ដែល​សម្រេច​ក្នុង​ពេល​កន្លង​មក ក៏ដូចជា​ដើម្បី​ទប់ទល់​ទៅ​នឹង​និន្នាការ និង​ល្បិចកល​ថ្មីៗ​របស់​ក្រុម​ឧក្រិដ្ឋជន ក្នុង​ការ​កាត់បន្ថយ និង​ឈាន​ទៅ​លុប​បំបាត់​គ្រឿងញៀន​ឱ្យ​អស់​ពី​កម្ពុជា។ លោក​បន្ត​ថា ក្នុង​នាម​ជា​សេនាធិការ​របស់​រដ្ឋាភិបាល គឺ​ខិតខំ​ប្រឹងប្រែង និង​ជម្នះ​គ្រប់​ឧបសគ្គ​តស៊ូ​ប្តូរផ្តាច់​ក្នុង​ការ​បង្ការ ទប់ស្កាត់ បង្ក្រាប និង​ដោះស្រាយ​រាល់​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន។

ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ឆ្នាំ​២០២៤ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី​៩ នា​រសៀល​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត​ព្រមាន​ថា រដ្ឋាភិបាល​នឹង​មាន​ការ​រៀបចំ​ការ​ធ្វើ​តេស្ដ​គ្រឿងញៀន​ទៅ​លើ​មន្ត្រី​រាជការ​ទាំងអស់ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ហើយ​បើ​រក​ឃើញ​ថា​មន្ត្រី​រូប​ណា​បាន​ប្រើប្រាស់ និង​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​គ្រឿងញៀន គឺ​ត្រូវ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ភ្លាមៗ។

គ្រឿងញៀន​នៅ​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា គឺជា​ថ្នាំ​ពេញ​និយម​បំផុត​សម្រាប់​អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច។ ជាង​នេះ​ទៀត គេ​ក៏​រក​ឃើញ​ដែរ​ថា មន្ត្រី​ធំៗ និង​ឧកញ៉ា​មួយ​ចំនួន សុទ្ធតែ​បាន​ជួញដូរ រក្សា​ទុក ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ដើម្បី​ស្វែងរក​ការ​សប្បាយ ជាពិសេស​គឺ​ដើម្បី​បង្កើន​ចំណង់​ផ្លូវភេទ ហើយ​ពួកគេ​ក៏​ជា​អ្នក​ផ្គត់ផ្គង់​ថ្នាំ​ទាំងនេះ​នៅ​ក្នុង​ទីផ្សារ​ស្រុក​ខ្មែរ ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​អ្នក​មាន​អំណាច​ដែល​នៅ​កាង​នៅ​ពីក្រោយ​ថែម​ទៀត។

អ្នក​ប្រឹក្សា​យោបល់​ដើម្បី​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​កន្លង​មក​ថា វិធានការ​របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​ព្យួរ​តួនាទី និង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន គ្រាន់តែ​ជា​ចំណាត់ការ​មួយ​ជ្រុង​តូច​ប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង​បទល្មើស​គ្រឿងញៀន​ដែល​បាន​កើត​មាន​នៅ​កម្ពុជា។

លោក​បន្ត​ថា ឱ្យ​តែ​មន្ត្រី​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​ដោយ​សុទ្ធចិត្ត ដោយ​គ្មាន​ការ​រើសអើង ក្រោម​គោលការណ៍​ច្បាប់ មិន​ខ្លាច​ញញើត​អ្នក​មាន​អំណាច ឬ​សាច់ញាតិ​បក្ខពួក​ខ្លួនឯង នោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​នឹង​អាច​ឈាន​ទៅ​ដល់​ការ​លុប​បំបាត់​ទាំងស្រុង​ជាមិនខាន ប៉ុន្តែ​ប្រសិនបើ​អនុវត្ត​ច្បាប់​ដើម្បី​ធ្វើ​ប្រជាភិថុតិ ឬ​គ្រាន់តែ​ដើម្បី​ឱ្យ​ល្អ​មើល ទោះ​វិធានការ​នោះ​ធំ​កម្រិត​ណា​ក៏ដោយ ក៏​មិន​អាច​លុប​បំបាត់​បញ្ហា​នេះ​បាន​ដែរ។

ក្រសួង​មហាផ្ទៃ កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២២ បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ថា ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ជិត ៤​ម៉ឺន​នាក់​នៅ​ពន្ធនាគារ​ទូទាំង​ប្រទេស មាន ៥០% ជាប់​ឃុំ​ដោយសារ​បទល្មើស​គ្រឿងញៀន ខណៈ​មួយ​ថ្ងៃ សមត្ថកិច្ច​ឃាត់​ខ្លួន​អ្នក​ប្រើប្រាស់ និង​ជួញដូរ​ចន្លោះ​ពី ១០ ទៅ ២០​នាក់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទូទាំង​ប្រទេស​ដែល​ពួកគេ​ភាគច្រើន​ជា​យុវជន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស