42.2 C
Phnom Penh

នាយខុទ្ទកាល័យលោកកឹម សុខា ថាជំនួបមេបក្សប្រឆាំងនិងលោក ហ៊ុន សែន បាននិយាយបញ្ហាដែលជាប្រយោជន៍ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយខុទ្ទកាល័យ និងជាមនុស្សស្និទ្ធប្រធានគណបក្សសង្រ្គោះជាតិ អះអាងថា លោក កឹម សុខា បានជជែកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីប្រយោជន៍ជាតិ ប្រយោជន៍រាស្ត្រ ក្រៅពីសួរសុខទុក្ខ និងរំលែកសមានទុក្ខ ក្នុងជំនួបនាពិធីគោរពវិញ្ញាណខន្ធមហា                      ឧបាសិកា ប៊ុន ស៊ាងលី ដែលជាម្តាយក្មេកលោក ហ៊ុន សែន ។

អតីតនាយខុទ្ទកាល័យលោក កឹម សុខា និងមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើននាក់ទៀតបានចូលរួមពិធីគោរពវិញ្ញាណខន្ធមហាឧបាសិកា ប៊ុន ស៊ាងលី កាលពីថ្ងៃអង្គារ៍នោះ គឺលោក មុត ចន្ថា បានរៀបរាប់លើទំព័រហ្វេសប៊ុករបស់លោកថា លោក កឹម សុខា ទៅគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា ប៊ុន ស៊ាងលី ជាការប្រកាន់ខ្ជាប់នូវមនោសញ្ចេតនាប្រកបដោយភាតរភាព ព្រហ្មវិហារធម៌ និងស្មារតីខ្មែរតែមួយ ជាពិសេសក្នុងកាលៈទេសៈដែលលោក ហ៊ុន សែន និងគ្រួសារជួបទុក្ខលំបាកនេះ។

លោក មុត ចន្ថា អះអាងថា ជំនួបរវាងឥស្សរៈជននយោបាយជាន់ខ្ពស់ទាំងពីររូប បានសំណេះសំណាលគ្នាអស់រយៈពេលជិត ៥០នាទី អំពីសុខទុក្ខ និងផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរផងដែរ ប៉ុន្តែលោកមិនបានបង្ហាញថាផលប្រយោជន៍ជាតិ និងរាស្ត្រនោះ ផ្តោតលើរឿងអ្វីនោះឡើយ។

ជំនួបរវាងលោក ហ៊ុន សែន និងលោក កឹម សុខា ដ៏កម្រក្រោយពេលអ្នកទាំងពីរខកខានបានជួបគ្នាអស់រយៈពេលប្រមាណ៤ឆ្នាំមកហើយនោះ បានធ្វើឱ្យពលរដ្ឋ និងអ្នកតាមដានមួយចំនួនត្រេកអរ ដោយសង្ឃឹមថាជាការបើកផ្លូវទៅរកភាពវិជ្ជមានសម្រាប់នយោបាយនៅ                  កម្ពុជា។ 

ទោះបីជាយ៉ាងនេះក្តី សម្រាប់អ្នកវិភាគនយោបាយនៅក្រៅប្រទេសលោក គឹម សុខ បានលើកឡើងថា ជំនួបរវាងគូប្រជែងនយោបាយទាំងពីររូបនោះ បង្ហាញប្រពៃណីវប្បធម៌នយោបាយល្អមួយ ប៉ុន្តែលោកថាពុំមានការប្រែប្រួលនយោបាយអ្វីធំដុំឡើយ ពីព្រោះថាលោក ហ៊ុន សែន មិនហ៊ានបន្ធូរសេរីភាពនយោបាយសម្រាប់លោក កឹម សុខា ដល់កម្រិតឲ្យខូចផែនការអំណាចបន្តត្រកូលហ៊ុនទេ។

រីឯលោក កឹម សុខា វិញ ក៏នឹងមិនសម្លាប់កិត្តិនាមនយោបាយរបស់គាត់ ដោយការលេងល្បែងរបស់លោក ហ៊ុន សែន នោះដែរ។

អ្នកវិភាគរូបនេះបន្តថា លោក កឹម សុខា បង្ហាញជំហរត្រូវផ្លូវក្នុងការទាមទារឲ្យមានការផ្សះផ្សាជាតិ ហើយជម្លោះនយោបាយពិតជាត្រូវសម្រុះសម្រួលគ្នាតាមផ្លូវនយោបាយមែន ក៏ប៉ុន្តែគាត់មិនអាចងាកចេញពីគោលការណ៍ទាមទារយុត្តិធម៌សមនឹងទទួលយកបាន ដូចដែលគាត់ធ្លាប់បានសន្ទនាជាមួយអង្គទូតនានាកន្លងមកនោះទេ។

ជាមួយគ្នានេះ លោក គឹម សុខ មើលឃើញថា ទាំងលោក កឹម សុខា និងលោក សម រង្ស៊ី បើអ្នកណាម្នាក់ហ៊ានផ្តាច់ចេញពីគ្នា តាមល្បែងរបស់លោក ហ៊ុន សែន នោះពួកគាត់គួរប្រកាសឈប់ធ្វើនយោបាយល្អជាង ពីព្រោះការលេងល្បែងប្រកួតជាមួយ លោក ហ៊ុន សែន រៀងៗខ្លួនដោយឡែកពីគ្នានោះ កិត្តិនាមផ្ទាល់របស់អ្នកទាំងពីរនឹងត្រូវបញ្ចប់ហើយស្មារតីប្រជាធិបតេយ្យជាតិក៏កាន់តែអាក្រក់។

អ្នកវិភាគដដែលមើលឃើញថា ជំនួបនេះ បើមើលត្រឹមរូបភាព លោក ហ៊ុន សែន បានចំណេញ២យ៉ាងរួមមាន មុខមាត់ និង បង្កើតជាការសង្ស័យរវាងគ្នាក្នុងចំណោមក្រុមប្រឆាំង ជាពិសេសពីពួកអ្នកហ្វឹកហាត់ការងារមួលបង្កាច់ ដែលចាំតែចោទ ដោយមិនចេះពិចារណាវែងឆ្ងាយ។ លោកថាពួកនេះនឹងដណ្ដើមគ្នាស្រែកកញ្ជ្រោកឆ្លើយឆ្លងគ្នាយ៉ាងទ្រហឹងតាមបណ្ដាញសង្គមហ្វេសប៊ុក ទាក់រកម៉ូយដុំម៉ូយរាយ តាមស្នៀតប្រូ របស់ខ្លួន។

ប៉ុន្តែលោកគិតថា លោក កឹម សុខា មានគំនិតនយោបាយជ្រៅណាស់ ជ្រៅជាងរូបភាពចំណេញនយោបាយរបស់លោក ហ៊ុន សែន ពោលគឺលោក កឹម សុខា ចែករំលែកមេរៀនចិត្តធម៌ដល់លោក ហ៊ុន សែន។ មានន័យថា លោក កឹម សុខា ហ៊ានធ្វើល្អ អន់ឱន និងអនុគ្រោះ ចំពោះលោក ហ៊ុន សែន បើទោះបីជាប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ បានធ្វើបាបគាត់រាប់មិនអស់យ៉ាងណាក៏ដោយ។

លោកថា នេះជាការរំឭកដាស់តឿនថា ទង្វើចិត្តធម៌ ការអត់ឱន និងការអនុគ្រោះ មនុស្សទូទៅសុទ្ធតែអាចធ្វើបាន ហើយត្រូវនឹងការប្រៀនប្រដៅរបស់ព្រះពុទ្ធបរមគ្រូផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស