27 C
Phnom Penh

បុរសខ្លាំងនៅកម្ពុជាប្រកាសមិនអត់អោនដល់ជនទាំងឡាយណាដែលប្រមាថលោកថាជាមនុស្សខ្វាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានប្រកាសជាថ្មីថា លោកនឹងមិនអាចអត់អោនឱ្យជនទាំងឡាយណាដែលជេរប្រមាថលោក ថា «ខ្វាក់» ឬ «អាខ្វាក់»នោះឡើយ ព្រោះលោកថាជាការប្រមាថធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន។

ថ្លែងពីខេត្តបន្ទាយមានជ័យក្នុងពេលចុះសួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋរងគ្រោះរាប់ពាន់គ្រួសារ នៅព្រឹកថ្ងៃទី២១ ខែតុលា លោកនាយករដ្ឋមន្ត្រីបានផ្តាំទៅអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ឱ្យយកចិត្តទុក្ខដាក់ជួយដល់ពលរដ្ឋគ្រោះដោយជំនន់ទឹកភ្លៀងនៅពេលនេះ។

លើសពីនេះ លោកថាត្រូវគិតគូរដល់ពលរដ្ឋងាយរងគ្រោះមុនគេ ពិសេសជនមានពិការភាព ក្នុងស្ថានការណ៍នេះ ហើយពលរដ្ឋទាំងឡាយមិនត្រូវម៉ាកងាយជនពិការ ឬជេរប្រមាថពួកគេដោយប្រើពាក្យអសុរោះ ទាំងដែលដឹងថាពួកគាត់បានបាត់បង់អាវៈយវៈ ឬមិនគ្រប់កាយសម្បទាររួចទៅហើយនោះ។

ជាមួយគ្នានេះ លោកអះអាងថា នឹងមិនអត់អោនជាដាច់ខាតដល់ជនទាំងឡាយណាដែលប្រើពាក្យជេរប្រមាថលោក ដែលជាមនុស្សពិការភ្នែកនោះឡើយ ព្រោះពិការភាពរបស់លោក គឺពិការដោយសារការពារប្រទេសជាតិមាតុភូមិ ដែលមិនគួរទទួលបានការប្រមាថដូច្នេះទេ។

កន្លងមកលោក ហ៊ុន សែន ធ្លាប់រងការជេរប្រមាថថាជា«មនុស្សខ្វាក់» ឬ «អាខ្វាក់» ហើយការជេរប្រមាថនោះភាច្រើនធ្វើឡើងលើបណ្តាញសង្គមហ្វេសប៊ុក ដោយជនប្រមាថលោកនាយករដ្ឋមន្ត្រីភាគច្រើនមានមូលដ្ឋាននៅក្រៅប្រទេស។

ការជេរប្រមាថទាំងនោះ លោកនាយករដ្ឋមន្ត្រីយល់ថាជារឿងអសីលធម៌ ជាការប្រើសម្តីអសុរោះ ហើយមានចរឹករើសអើងដល់ជនពិការ ដែលធ្វើឱ្យពួកគាត់ក្លាយជាជនរងគ្រោះដោយការប្រមាថម៉ាកងាយបន្ថែមទៀតលើភាពពិការរបស់ខ្លួន។

ប្រមុខរដ្ឋាភិបាលដដែល ក៏បានបង្ហើបពីគម្រោងចង់បង្កើតសមាគមថ្មីមួយដែលអាចមានឈ្មោះថា សមាគមការពារសេចក្តីថ្លៃថ្នូរជនពិការ ។ លោកថាសមាគមនេះបង្កើតឡើង ដើម្បីការពារសេចក្តីថ្លៃថ្នូររបស់ជនពិការ និងចៀសវាងការប្រមាថមើលងាយផ្សេងៗមកលើជនពិការបន្តទៀត។

របាយការណ៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារកាលពីឆ្នាំ២០១៤ ឱ្យដឹងថា ជនមានពិការភាពនៅកម្ពុជាមានប្រហែល៤% នៃចំនួនប្រជាជនសរុប ឬមានចំនួនជាង៥០ម៉ឺននាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស