36 C
Phnom Penh

សមាជិកគ្រួសារអតីតមន្ត្រីគណបក្សសង្រ្គោះជាតិ ស្វែងរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រដើម្បីស្នើដោះលែងអ្នកជាប់ឃុំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិកគ្រួសារ ដែលជាសាច់ញាតិអតីតមន្ត្រីគណបក្សសង្រ្គោះជាតិភាគច្រើនជាស្ត្រីជិត២០នាក់ បានប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ និងគ្រោងធ្វើដំណើរទៅព្រះបរមរាជវាំងនៅព្រឹកថ្ងៃសុក្រនេះ ដើម្បីស្វែងរកព្រះរាជអន្តរាគមន៍ ពីព្រះមហាក្សត្រខ្មែរ ឱ្យមានការដោះលែងសមាជិកគ្រួសាររបស់ពួកគេដែលកំពុងជាប់ឃុំនៅពន្ធនាគារ។

ក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃសុក្រទី ៦ខែវិច្ឆិកានេះ បានបង្ហាញពីសកម្មភាពស្រែកតវ៉ានៅមុខសាលាដំបូង ដោយពួកគេទាមទារឱ្យតុលាការដោះលែងសមាជិកគ្រួសាររបស់ខ្លួនដែលកំពុងជាប់ឃុំទាំងអយុត្តិធម៌។ ការតវ៉ារបស់សាច់ញាតិអតីតមន្ត្រីបក្សប្រឆាំងនេះ មិនមែនធ្វើឡើងលើកទី១ឡើយ ប៉ុន្តែរាល់ការតវ៉ារបស់ពួកគេតែងរងការរារាំង ឬ បំបែក ពីសំណាក់សមត្ថកិច្ច និងកងសន្តិសុខក្រុងភ្នំពេញ។

ពេលខ្លះក្រុមសន្តិសុខស៊ីឈ្នួលទាំងនោះ បានប្រើហិង្សាលើសមាជិកគ្រួសារបក្សប្រឆាំង ចាប់យកបដា ឬហែកចោល ឬអូសអ្នកតវ៉ាកាត់ថ្នល់ ហើយពេលខ្លះទៀតចាប់បោកស្ត្រីទាំងនោះ ដូចជាសត្វធាតុថែមទៀតផង។

នៅក្នុងការតវ៉ាកាលពីព្រឹកម៉ិញនេះ ក្រុមសាច់ញាតិបក្សប្រឆាំងបានបង្ហាញញត្តិដែលពួកគេបានដាក់ថ្វាយព្រះមហាក្សត្រខ្មែរ។ ពួកគេបានបង្ហាញ ក្តីបារម្ភនិងមិនពេញចិត្តចំពោះការអនុវត្តរបស់តុលាការនិងអាជ្ញាធរ ដែលបានចាប់គ្រួសាររបស់ពួកគាត់ដាក់ពន្ធនាគារ ទាំងអយុត្តិធម៌។ លើសពីនេះ ការឃុំខ្លួនប្តី ឬ ឪពុករបស់ពួកគេ បានធ្វើឱ្យគ្រួសាររបស់ពួកគេ កាន់តែដុនដាបថែមទៀត ព្រោះមិនមានបង្គោលក្នុងគ្រួសារដូចគ្រាមុន ខណៈសំណុំរឿងចាប់ចងនេះជារឿងនយោបាយ។

ជាមួយគ្នានេះ សាច់ញាតិអតីតមន្ត្រីគណបក្សសង្រ្គោះជាតិទាំងនោះ បានស្នើសុំព្រះរាជតម្រិះលើកលែងទោសចំពោះអ្នកដែលមានសាលក្រមដាក់ទោសរួច និងស្នើព្រះរាជអន្តរាគមន៍ទៅតុលាការច្រានចោលរាល់ការចោទប្រកាន់ ហើយដោះលែងអតីតសកម្មជនបក្សប្រឆាំងទាំងអស់ឱ្យមានសេរីភាពវិញ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch កាលពីពេលថ្មីៗនេះបានឱ្យដឹងថា នៅកម្ពុជាបច្ចុប្បន្ន មានអ្នកទោសនយោបាយចំនួន៥០នាក់ ដែលភាគច្រើនត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០២០នេះ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស