42.2 C
Phnom Penh

ទាំងលោក សមរង្ស៊ី និងសម្តេចក្រុមព្រះនរោត្តម រណឬទិ្ធ សុទ្ធតែនាំគ្នាជួយលោកហ៊ុនសែន ឲ្យសម្រេបានអំណាចប្រមូលផ្តុំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ សហគមន៍  អន្តរជាតិបានចំណាយ លុយជាងពីរពាន់លានដុល្លារអាមេរិក ដើម្បីរៀបចំដំណើរការ និងប្រព័ន្ធប្រជាធិបតេយ្យឡើងវិញនៅ កម្ពុជាក្រោយសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជាងពីរទសវត្ស។

តាមរយៈកិច្ចព្រមព្រៀងនេះ អង្គការសហប្រជាជាតិ បានរៀបចំការបោះឆ្នោតតំណាងរាស្រ្តដើម្បីបង្កើតរដ្ឋសភានិងរដ្ឋាភិបាលតាមបែបលទ្ធិប្រជាធិបតេយ្យ ក្នុងឆ្នាំ១៩៩៣។

រដ្ឋធម្មនុញ្ញថ្មីមួយត្រូវបានគេតាក់តែងឡើង និងទទួលបានការអនុម័តពីសមាជិកសភា នៅថ្ងៃ២៤ ខែកញ្ញា ក្នុងឆ្នាំដដែលនោះ។ រដ្ឋធម្មនុញ្ញនេះបានចែងអំពីចំណុចជាច្រើនដើម្បីធានាអំពី ដំណើរការ និងយន្តការប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងនិតិវិធីនៃការប្រតិបត្តិដំណើរការ និងយន្តការទាំងអស់នោះ។

អ្នកតាមដានអំពីស្ថានការណ៍នយោបាយនៅកម្ពុជាបានចាត់ទុករដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នេះថា វាមិនគ្រាន់តែ មានខ្លឹមសារធានានូវដំណើរការប្រជាធិបតេយ្យប៉ុណ្ណោះទេ តែថែមទាំងជួយលើកស្ទួយឲ្យមានការ បង្រួបបង្រួមជាតិក្នុងចំណោមអ្នកនយោបាយខ្មែរទៀងផង។

រដ្ឋធម្មនុញ្ញនោះតំរូវអោយភាគី នយោបាយនិមួយៗមានការធ្វើសម្បទានឲ្យ គ្នា ទៅវិញទៅមកដើម្បីអាចបង្កើតរដ្ឋាភិបាលបាន តាមរយៈគោលការណ៍ពីរភាគបី។

ចំណុចនេះត្រូវគេចាត់ទុកថា វាជាលក្ខ័ណ្ឌដ៏សំខាន់ដែលតម្រូវឲ្យអ្នក នយោបាយរៀនធ្វើការជាមួយគ្នា បើទោះបីពួកគេមានទស្សនៈនយោបាយ និងគណបក្សផ្សេងគ្នាយ៉ាងណាក៏ដោយ។ តែអ្វីៗគឺផ្ទុយពីការរំពឹងទុកទាំងអស់។  រដ្ឋធម្មនុញ្ញនោះត្រូវបានអ្នកនយោបាយខ្មែរ ជាពិសេស លោក ហ៊ុន សែន ដែលជាអ្នកមានអំណាចខ្លាំងនៅកម្ពុជា តែងតែរំលោភបំពាននិងកែរប្រែជាបន្តបន្ទាប់។

ក្នុងពេលរំលោភ ឬកែរប្រែរដ្ឋធម្មនុញ្ញម្តងៗ គេសង្កេតឃើញ លោកហ៊ុន សែនតែងតែមានឱកាសពង្រឹង អំណាចផ្តាល់ខ្លួនខ្លាំងឡើងៗ      ខណៈអ្នកនយោបាយដែលគាំទ្រលោកហ៊ុន សែន ក្នុងការរំលោភបំពាន នោះ រមែងរីករាយនឹងផលប្រយោជន៍មួយចំនួនដែលលោកហ៊ុន សែន ផ្តល់ឲ្យមួយគែៗ ប៉ុន្តែពួកគេមិនដែលគិតអំពីផលវិបាកចំពោះខ្លួន និងជាតិនាពេលអនាគតនោះឡើយ។

មួយឆ្នាំក្រោយពីការធ្វើរដ្ឋប្រហាររបស់លោកហ៊ុន សែន ក្នុងខែកក្កដា ឆ្នាំ១៩៩៧ ការបោះឆ្នោតសភាជា លើកទីពីរត្រូវបាន ធ្វើឡើងក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជាទាំងស្រុង ក្នុងខែកក្កដា ឆ្នាំ១៩៩៨។

តាមរយៈការបោះឆ្នោតនោះ គណបក្សប្រជាជនកម្ពុជាទទួលបាន ៦៤អាសនៈ ក្នុងរដ្ឋសភា គណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន៤៣  អាសនៈ ហើយគណបក្សសម រង្ស៊ី ទទួលបាន ១៥អាសនៈ។

លទ្ធផលបោះឆ្នោតនោះ គឺមិនអនុញ្ញាតិឱ្យគណបក្សប្រជាជនកម្ពុជាអាចបង្កើតរដ្ឋាភិបាលបានទេ ព្រោះរដ្ឋធម្មនុញ្ញតម្រូវឱ្យមានការគាំទ្រពីសមាជិកសភាចំនួន ពីរភាគបី ក្នុងការបង្កើតរដ្ឋាភិបាល។ នៅពេលនោះ លោកហ៊ុន សែន ត្រូវការការគាំទ្រជាចាំបាច់ពីគណបក្សហ្វ៊ុនស៊ិនប៉ិច ដើម្បីអោយគាត់ អាចទទួលបានសម្លេងគាំទ្រពីសមជិកសភាយ៉ាងតិចពីរភាគបី ឬស្មើនឹង ៨២សម្លេងក្នុងការបង្កើត រដ្ឋាភិបាលថ្មីមួយបាន។ កាលណោះ ដោយសារគណបក្សប្រជាជនកម្ពុជានិងគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវការគ្នាទៅវិញទៅមក គណបក្សទាំងពីរបានរួមគ្នារំលោភនិតិវិធីរបស់រដ្ឋធម្មនុញ្ញក្នុងការបង្កើតរដ្ឋាភិបាល។

បើតាមរដ្ឋធម្មនុញ្ញ គេត្រូវការបង្កើតថ្នាក់ដឹកនាំ និងរចនាសម្ព័ន្ធរដ្ឋសភាសិន ទើបរដ្ឋសភាអាចបើកអង្គប្រជុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់សមាជិករដ្ឋាភិបាលថ្មី។

ប៉ុន្តែនៅក្រោយការបោះឆ្នោតឆ្នាំ ១៩៩៨ ដើម្បីផលប្រយោជន៍ទៅវិញទៅមក គណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិចបាន យល់ព្រមបង្កើតមាត្រា រដ្ឋធម្មនុញ្ញបន្ថែមមួយចំនួន ដែលបើកផ្លូវឲ្យមានការបោះឆ្នោតជាកញ្ចប់ ក្នុងការបង្កើតថ្នាក់ដឹកនាំរដ្ឋាភិបាលនិងរដ្ឋសភាក្នុងពេលតែមួយ។

បើទោះបីជាមានការរំលោភរដ្ឋធម្មនុញ្ញ ក៏ដោយ ក៏សមាជិកសភា  គណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិចសុទ្ធតែរីករាយនឹងគាំទ្រដំណោះស្រាយបែបនេះតាមការចង់បានរបស់លោកហ៊ុន សែន។

អ្នកសង្កេតការណ៍ជាច្រើនអះអាងថា យុទ្ធសាស្រ្តនេះបានជួយពង្រឹងអំណាច របស់លោកហ៊ុន សែនមួយកំរិតបន្ថែមទៀត ហើយក្រោមមក លោកហ៊ុន សែន បានប្រើប្រាស់អំណាច នោះបង្រ្កាប និងកំចាត់ក្រុមអ្នកនយោបាយទាំងនោះវិញ ដូចជា ក្រុម លោកជា ស៊ីម ក្នុងគណបក្ស របស់គាត់ និងពួកមេដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ជាដើម។

ស្រឌៀងគ្នានឹងលទ្ធផលបោះឆ្នោតឆ្នាំ១៩៩៨នេះដែរ គឺលទ្ធផលបោះឆ្នោតក្នុងខែកក្កដា ឆ្នាំ២០០៣។ លទ្ធផលពេលនោះមិនបានធ្វើ ឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានាសនៈសភាចំនួនពីរភាគបី ឬ ៨២សម្លេងក្នុងសភា ដើម្បីបង្កើតរដ្ឋាភិបាលបានឡើយ។

ប៉ុន្តែលើកនេះ លោកហ៊ុន សែន មានជម្រើសពីរ មិនមែនតែមួយដូចក្នុង ឆ្នាំ១៩៩៨ នោះទេ។ ពេលនោះលោក ហ៊ុន សែន អាចរើសយកគណបក្សហ្វ៊ុនស៊ិនប៉ិចដែលទទួលបាន២៦អាសនៈក្នុងរដ្ឋសភា ឬ គណបក្សសម រង្ស៊ីដែលទទួលបាន២៤អាសនៈ ព្រោះគណបក្សប្រជាជនកម្ពុជារបស់គាត់ទទួលបាន តែ៧៣អាសនៈ ប៉ុណ្ណោះ។

លើកនេះក៏ដូចជាក្នុងឆ្នាំ១៩៩៨ ដែរ ការតវ៉ាប្រឆាំងនឹងភាពមិនប្រក្រតីនៃការ បោះឆ្នោតត្រូវបានធ្វើឡើងដោយគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសម រង្ស៊ី ហើយការតវ៉ានោះ បានអូសបន្លាយពេលជិតមួយឆ្នាំ ទើបគណបក្សហ្វ៊ុនស៊ិនប៉ិចបានព្រមព្រៀងជាមួយលោកហ៊ុន សែន ក្នុងការបង្កើតរដ្ឋាភិបាលថ្មីតាមរូបមន្តបោះឆ្នោតជាកញ្ចប់ដូចឆ្នាំ១៩៩៨ដែរ។

អ្នកឃ្លាំមើល បានរិៈគន់គណបក្សទាំងពីរថា បានបន្តរំលោភស្មារតីដើមនៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលជាមូលដ្ឋានគ្រឹះនៃ លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ហើយថា ការដែលគណបក្សទាំងពីរធ្វើបែបនេះ គឺដើម្បីតែផលប្រយោជន៍ និងអំណាចបក្សរៀងៗខ្លួនតែប៉ុណ្ណោះ។

គេសង្កេតឃើញថា ទាំងអ្នកនយោបាយរបស់គណបក្សប្រជាជន   កម្ពុជា និងគណបក្ស ហ្វ៊ុន ស៊ិនប៉ិច សុទ្ធតែអបអរសាទរ និងរីករាយជាមួយរូបមន្តនៃដំណោះស្រាយ នយោបាយតាមរយៈការបោះឆ្នោតជាកញ្ចប់នោះ  បើទោះបីជារូបមន្តនេះ ជាវិធីរំលោភស្មារតីដើមរបស់ រដ្ឋធម្មនិញ្ញក៏ដោយ។ ផ្ទុយទៅវិញ ពួកអ្នកនយោបាយ ទាំងនោះមិនបានមើលឃើញអំពីគ្រោះថ្នាក់នៃការ ពង្រឹងអំណាចរបស់លោកហ៊ុន សែន ឡើយ។

នៅដើមឆ្នាំ២០០៥ សមាជិកសភានៃគណទាំងពីរដដែលនេះបានរួមដៃគ្នាបង្គ្រប់សម្លេងពីរភាគបី ដើម្បីបោះឆ្នោតដកអភ័យឯកសិទ្ធិសមាជិកសភាពីលោក សម រង្ស៊ី និងសហការីរបស់គាត់ពីររូបទៀត។  

ក្រុមសមាជិកសភាទាំងនោះបានសម្តែងការគាំទ្រនៃចំណាត់ការនោះ ព្រោះពួកគេហាក់ដូចជារីករាយនឹងបាន ធ្វើអ្វីតាមបំណងរបស់លោកហ៊ុន សែន តែពួកគេនៅតែមើលមិនឃើញអំពីគ្រោះថ្នាក់ចំពោះខ្លួនក្នុងពេលអនាគត ដោយសារតែអំណាចរបស់លោកហ៊ុន សែន កាន់តែខ្លាំងឡើងៗនោះ។

ជាការសងសងសឹកចំពោះគណបក្សហ្វ៊ុន ស៊ិនប៉ិច ជាពិសេសគឺសម្តេចក្រុមព្រះ នរោត្តម រណ្ណឫទ្ធិ លោកសម រង្ស៊ីបានដាក់សំណើរទៅកាន់រដ្ឋសភាក្នុងខែកុម្ភៈ ឆ្នាំ២០០៦ ដើម្បីសុំកែររដ្ឋធម្មនុញ្ញពី រូបមន្ត ពីរភាគបី មក ៥០%+១ វិញ អំពីការបង្កើតរដ្ឋាភិបាល និងការដកអភ័យឯកសិទ្ធិសមាជិកសភា។

អ្នកសង្កេតការណ៍នយោបាយខ្មែរបានសន្និដ្ឋានថា លោកសម រង្ស៊ី ប្រាកដជាទទួលបានការយល់ព្រមពីលោកហ៊ុន សែន ជាមុន ឬអាចជាការដោះដូរអ្វីមួយ ព្រោះអ្នកនយោបាយទាំងពីររូបបានជួបគ្នាជាច្រើនម៉ោង មុនពេលដែលលោកសម រង្ស៊ី បានលើកឡើងនូវសំណើរកែរដ្ឋធម្មនុញ្ញនេះ។

ដោយមានការរួមដៃគ្នាពីសមាជិក សភាមកពីគណបក្សសម រង្ស៊ី និង គណបក្សប្រជាជនកម្ពុជា លក្ខខណ្ឌ័ ពីរភាគបី ដែលបានចែង ក្នុងរដ្ឋធម្មនុញ្ញបានដូរមក៥០%+១ ចាប់តាំងពីដើមឆ្នាំ២០០៦ នោះមក។ ការកែររដ្ឋធម្មនុញ្ញនៅពេល នោះ គឺកាន់តែធ្វើអោយលោកហ៊ុន សែន ប្រមូលផ្តុំអំណាចក្នុងដៃកាន់តែខ្លាំងឡើង។

កាសែត The Cambodia Daily ដែលចេញផ្សាយនៅថ្ងៃទី៤ ខែមិនា ឆ្នាំ២០០៦ បានដកស្រង់សំដីលោកគល់ បញ្ញា ដែលជានាយកអង្គការCOMFRELថា “៥០%+១ គឺជាគ្រោះថ្នាក់ដ៏ធំសំរាប់គណបក្សប្រឆាំង ប្រសិនបើតុល្យភាពនៃអំណាចត្រូវបានបាត់បង់នៅក្នុងរដ្ឋសភា” រីឯអ្នកវិភាគនយោបាយម្នាក់ទៀតគឺ លោកបណ្ឌិត ឡៅ ម៉ុងហៃ ក៏ត្រូវបានគេដកស្រង់ទស្សនៈនៅក្នុងអត្ថបទដដែលនេះថា “អ្នកនយោបាយ ប្រញ៉ាប់ប្រញ៉ាល់ ពេកក្នុងការរួមដៃជាមួយជនផ្តាច់ការ ដោយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីសំរបសំរួលឲ្យមានការបង្កើតរដ្ឋាភិបាលថ្មីតាមរយៈរូបមន្តភាគច្រើនដាច់ខាត”។

ក្រោយពីសមាជិកសភាមកពីគណបក្សសម រង្ស៊ី និងគណបក្សប្រជាជានកម្ពុជា រួមដៃគ្នាកែររដ្ឋធម្មនុញ្ញ ត្រង់ចំណុចនេះហើយ ភ្លាមៗនោះ លោកហ៊ុន សែន បានបណ្តេញរដ្ឋមន្ត្រីរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច មួយ ចំនួនចេញពីមុខតំណែង ហើយសម្តេចក្រុមព្រះ នរោត្តម រណ្ណឫទ្ធិ ដែលព្រះប្រធានរដ្ឋសភានាពេលនោះ ក៏បានដាក់លិខិតលាលែងពីមុខដំណែងភ្លាមៗដែរ។

គេក៏សង្កេតឃើញសមាជិកសភាមកពីគណបក្សសម រង្ស៊ី និងគណបក្សប្រជាជានកម្ពុជា ដែលរួមដៃគ្នាធ្វើវិសោធន៍កម្មកែរដ្ឋធម្មនុញ្ញនៅពេលនោះ ក៏បានសម្តែងការរីករាយគាំទ្រនូវចំណាត់ការនោះ បើទោះបីវាជាវិធានការមួយ ដែលផ្តល់ឱកាសប្រមូលផ្តុំអំណាចកាន់តែខ្លាំងដែលលោក ហ៊ុន សែន ចង់បានជាទីបំផុតយ៉ាងណាក៏ដោយ។

 តាមរយៈភស្តុតាង និងការពិតទាំងនេះ ក្រុមអ្នកសង្កេតការណ៍បានវាយតម្លៃថា ទាំងសមាជិកសភា មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសម រង្ស៊ី សុទ្ធតែគាំទ្រលោកហ៊ុន សែន ក្នុងការរំលោភ ឬ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅពេលណាដែលពួកគេបានទទួលផលប្រយោជន៍ខ្លះ ពីលោកហ៊ុន សែន ឬខ្ចីដៃ លោកហ៊ុន សែន កំចាត់សត្រូវរបស់ពួកគេ។

ជាក់ស្តែងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ រួមដៃជាមួយលោកហ៊ុន សែន ក្នុងការបង្កើតរដ្ឋាភិបាលក្នុងឆ្នាំ១៩៩៨ ឆ្នាំ២០០៤ និងការដកអភ័យឯកសិទ្ធិលោកសម រង្ស៊ី ក្នុងឆ្នាំ២០០៥។ ជាការសងសឹក លោកសម រង្ស៊ី រួមដៃជាមួយលោកហ៊ុន សែន កែររដ្ឋធម្មនុញ្ញពីរូបមន្ត ពីរភាគបី មក ៥០%+១ ដើម្បីកំចាត់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ វិញក្នុងឆ្នាំ២០០៦។ ប៉ុន្តែនៅទីបំផុត ទាំងលោកសម រង្ស៊ី ទាំងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សុទ្ធតែត្រូវបានរងគ្រោះដោយអំណាចប្រមូលផ្តុំរបស់លោកហ៊ុន សែន ដូចគ្នា។

ក្រៅពីភាគីរបស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ និងភាគីរបស់លោក សមរង្ស៊ី ក្លាយជាជនរងគ្រោះដោយសារការសងសឹកគ្នាលើសង្វៀនយោបាយនេះ គេសង្កេតឃើញភាគីខ្លះនៃផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ក៏រងគ្រោះមិនស្ទើរដែរ។ 

អំណាចប្រមូលផ្តុំរបស់ លោកហ៊ុន សែន ក៏ត្រូវបានមហាជនមើលឃើញថា បានទទួលជោគជ័យស្ទើរតែទាំងស្រុងក្នុងការកម្ចាត់ និងបង្ក្រាបក្រុមរបស់លោក ជា ស៊ីម ជាភាគីដែលមានអំណាចក្នុងជួរបក្សប្រជាជនកម្ពុជាឲ្យទន់ដូចពោះថ្លាន់រឹតឈ្លូស និងកំពុងធ្វើឲ្យមន្ត្រីក្នុងបក្ស របស់គាត់ខ្លបខ្លាច មិនហ៊ានបញ្ចេញមតិ ឬជំទាស់នឹងអ្វីដែលគាត់ចង់បានឡើយ។

តាមរយៈអំណាចប្រមូលផ្តុំដែលទទួលបានដោយការដាក់ជើងពានថ្វាយពីក្រុមបក្សប្រឆាំងកាលពីឆ្នាំ២០០៦ បានធ្វើឲ្យលោក ហ៊ុន សែន សម្រេចបំណងធំរបស់លោកក្នុងការកំចាត់ចោលនូវ មន្ត្រីណាដែលគាត់មិនពេញចិត្ត ឬជាឆ្អឹងទទឹងកនឹងការគ្រប់គ្រងអំណាចរបស់គាត់ថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស