34 C
Phnom Penh

សង្គមស៊ីវិលថា រដ្ឋាភិបាលគួរពិចារណាជួលមន្ទីរសម្រាកព្យាបាល ស្រ្តីនគរទេព សម្រាប់អ្នកជំងឺកូវីដ១៩ ជាជាងការទិញយកតែម្តង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីសង្គមស៊ីវិល លើកឡើងថា ការបង្កើនចំនួនមន្ទីរសម្រាកព្យាបាលបានកាន់តែច្រើនជារឿងល្អហើយ ដើម្បីព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩ ប៉ុន្តែរដ្ឋាភិបាលគួរពិចារណាលើការចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ទៅទិញមន្ទីរសម្រាក នគរទេព នេះទេ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily ថា ក្នុងស្ថានភាពនេះកម្ពុជាពិតជាត្រូវការនូវទីកន្លែងមានស្តង់ដាត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាលដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកជំងឺកូវីដ១៩ ពិតប្រាកដណាស់ ប៉ុន្តែរដ្ឋាភិបាលអាចជួលអាគារទាំងនោះក្នុងដំណាក់កាលនៃជំងឺកូវីដ ដើម្បីសន្សំសំចៃថវិការជាតិសម្រាប់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រដែលកំពុងជួបវិបត្តិ               សេដ្ឋកិច្ចអំឡុងវិបត្តិជំងឺជាសកល នេះផងដែរ។

លោក អះអាងថា មន្ទីរពេទ្យពិតជាសំខាន់ហើយសម្រាប់អ្នកជំងឺ ប៉ុន្តែក្នុងកាលៈទេសៈនេះ ពលរដ្ឋកំពុងជួបវិបត្តិសេដ្ឋកិច្ចដោយសារការបាត់បង់ការងារក៏ច្រើន ជាពិសេស អ្នកដែលកំពុងជាប់បំណុលធនាគារ ពួកគេអាចនឹងឈានដល់ការលក់ទ្រព្យសម្បត្តិដែលខ្លួនមានដើម្បីសងបំណុល ខណៈស្ថាប័នផ្តល់ប្រាក់កម្ចីភាគច្រើនមិនមានការបន្ធូរបន្ថយទាល់តែសោះ។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្រេចចរចាទិញមន្ទីរពេទ្យ នគរទេព ដែលជាចំណែកកម្មសិទ្ធិរបស់រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ្នកស្រី អ៊ឹង កន្ថាផាវី សម្រាប់ព្យាបាលអ្នកជំងឺបន្ទាន់ក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ។

កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេច បង្កើតគណកម្មាធិការអន្តរក្រសួងចំពោះកិច្ចចំនួន ១១រូប ដែលមានរដ្ឋលេខធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញ លោក ឈន សុភាព ជាប្រធាន និងរដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី យក់ សម្បត្តិ ជាងអនុប្រធាន ដើម្បីវាយតម្លៃចរចា និងរៀបចំកិច្ចសន្យាទិញ-លក់មន្ទីរពេទ្យ នគរទេព នេះ។

យ៉ាងណាក៏ដោយ ចំនួនថវិកាដែលបានប្រើប្រាស់ដើម្បីទិញមន្ទីរសម្រាកព្យាបាលនេះ រដ្ឋាភិបាលកម្ពុជាមិនទាន់បានបង្ហាញជាផ្លូវការនូវទំហំសាច់ប្រាក់នោះនៅឡើយទេ ខណៈមន្ទីរពេទ្យនេះបានសម្រេចឲ្យប្រើប្រាស់ជាមន្ទីរពេទ្យរបស់រដ្ឋសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ។

លោក ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានថ្វាយលិខិតជូនសម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថ សីហុន ព្រះវរាជមាតាជាតិខ្មែរថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទិញយកមន្ទីរពេទ្យ នគរទេពនិងប្តូរឈ្មោះទៅជា មន្ទីរពេទ្យ ហ្លួងម៉ែ ជំនួសវិញចាប់ពីពេលនេះតទៅ។ មន្ទីរសម្រាកព្យាបាល សម្រាប់អ្នកវិជ្ជមានវីរុសកូវីដ១៩ កន្លងមក ក្រសួងសុខាភិបាលកម្ពុជា បានប្រើប្រាស់មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ឬពេទ្យរុស្សីតែមួយប៉ុណ្ណោះ ខណៈទីតាំងសម្រាប់ដាក់ឲ្យសម្រាកព្យាបាលផ្សេងទៀតត្រូវយកសណ្ឋាគារជំនួសវិញ ដូចជា សណ្ឋាគារអាំងទែរកង់ទីណង់តាល់ បច្ចុប្បន្នឈ្មោះថា The Great Duke ជាដើម។ មន្ទីរពេទ្យ នគរទេព ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ២០១១ ស្ថិតក្នុងសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានរដ្ឋមន្ត្រីក្រសួងកិច្ចការនារីអ្នកស្រី អ៊ឹង កន្ថាផាវី ជាសហស្ថាបនិកផងដែរ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស