មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានថ្លែងថា ខ្មែរពិតជាឈឺចិត្តណាស់ ព្រោះកោះត្រល់ដែលជារបស់ដូនតាខ្មែរត្រូវបានវៀតណាមត្រួតត្រា ថែមទាំងអាចរកចំណូលចូលក្នុងសេដ្ឋកិច្ចជាតិរបស់គេដល់ទៅរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈខ្មែរម្ចាស់ទឹកដីបានត្រឹមឈរមើលគេរកស៊ីលើទឹកដីខ្លួនឯងប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៩ ខែមិថុនា នេះថា រដ្ឋាភិបាលក្រុងហាណូយ បានយកកោះត្រល់ដែលពួកគេរំលោភយកពលរដ្ឋខ្មែរទៅប្រកួតរកចំណូលសេដ្ឋកិច្ចឲ្យជាតិគេជាមួយនឹងកោះភូកេត ប្រទេសថៃ និងកោះបាលី ប្រទេសឥណ្ឌូណេស៊ី បានចំណូលរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
លោកអះអាងថា កោះត្រល់ដែនដីខ្មែរក្បែរខេត្តកំពត ចម្ងាយមិនដល់ ២០គីឡូម៉ែត្រផងនោះ ត្រូវវៀតណាមឈ្លានពានយកទៅគ្រប់គ្រងធ្វើជាកម្មសិទ្ធិ និងប្រើប្រាស់ដើម្បីទាក់ទាញភ្ញៀវទេសចរទូទាំងពិភពលោក បានចំណូលសេដ្ឋកិច្ចជាតិរបស់គេរាប់ពាន់លានតាមរយៈវិស័យទេសចរណ៍នៃកោះមួយនេះ។
ការលើកឡើងរបស់លោក មាជ សុវណ្ណារ៉ា គឺបានធ្វើឡើងបន្ទាប់ពីកោះត្រល់របស់ខ្មែរដែលគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម ក្នុងពេលបច្ចុប្បន្ននេះ ហើយត្រូវបានគេហទំព័របរទេសចុះផ្សាយពីការទាក់ទាញទេសចរឲ្យចូលកម្សាន្ត និងប្រមូលលុយពីវិស័យនេះរហូតដល់រាប់ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
គេហទំព័របរទេសមួយដែលមានឈ្មោះថា NIKKEI ASIAN REVIEW បានចុះផ្សាយកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ដោយដាក់ចំណងជើងថា «ឋានសួគ៌ចុងក្រោយរបស់ប្រទេសវៀតណាម» មានគម្រោងប្រកួតជាមួយកោះភូកេតរបស់ថៃ និងកោះបាលីរបស់ប្រទេសឥណ្ឌូណេស៊ី។
ប្រភពដដែលអះអាងថា អ្នកជំនាញអភិវឌ្ឍន៍នៅលើកោះភូគុក ឬកោះត្រល់ ដែលជាកោះដ៏ពិសេសមួយនៅឈូងសមុទ្រថៃ ក្នុងតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា ដែលត្រូវបានគេស្គាល់ថាជាឋានសួគ៌ចុងក្រោយនៃប្រទេសវៀតណាម មានការរចនាលើការអភិវឌ្ឍប្រែក្លាយទៅជារមណីយដ្ឋានទេសចរណ៍ដ៏សំខាន់ក្នុងពេលបច្ចុប្បន្ននេះ។
អនុប្រធានគណៈកម្មាធិការកោះភូគុក ឬកោះត្រល់ លោក Doan Van Tien អះអាងថា បើទោះបីជាកោះភូគុក មិនត្រូវបានគេទទួលស្គាល់ថាជាកោះរបស់ប្រទេសវៀតណាម ដូចជាកោះភូកេត ត្រូវគេស្គាល់ថាជារបស់ប្រទេសថៃ និងកោះបាលីដែលជារបស់ប្រទេសឥណ្ឌូណេស៊ី ក៏ដោយ ប៉ុន្តែលោកមានបំណងជំរុញឲ្យកោះត្រល់ប្រកួតប្រជែងជាមួយកោះទាំងពីរខាងលើ ខណៈការវិនិយោគសាជីវកម្មដែលបានទាក់ទងនឹងវិស័យទេសចរណ៍បានកើនឡើងដល់ ១៦ពាន់លានដុល្លារហើយក្នុងពេលបច្ចុប្បន្ននេះ។
កាលពីឆ្នាំ២០១៩ មុនពេលដែលវីរុស Covid-19 បានផ្ទុះឡើងទូទាំងពិភពលោក ចំនួនអ្នកទេសចរទៅកោះត្រល់បានកើនឡើង ២៧% ច្រើនជាងពីឆ្នាំមុន ដែលមានភ្ញៀវទេសចរប្រមាណជាង ៥លាននាក់។ ដោយឡែកនៅឆ្នាំ២០២១ នេះ កោះឋានសួគ៌មួយនេះរំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរជាថ្មីទៀតប្រមាណជា ៣លាននាក់ផងដែរ។
ជុំវិញបញ្ហានេះ អនុប្រធានក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនអាជីវកម្មធំជាងគេរបស់ប្រទេសវៀតណាម កាលពីខែមេសា ឆ្នាំ២០២១ នេះ បានអះអាងថា កោះនេះកំពុងតែស្ថិតនៅលើផ្លូវរបស់ខ្លួនដើម្បីក្លាយជាគោលដៅរមណីយដ្ឋានក្នុងតំបន់ដ៏លេចធ្លោមួយរបស់ពិភពលោក ដែលនឹងក្លាយជាទីក្រុងដែលមិនចេះដេក ផ្តល់ជូននូវភាពសប្បាយរីករាយទាំងយប់ទាំងថ្ងៃ គឺ ៣៦៥ថ្ងៃក្នុងមួយឆ្នាំតែម្តង។
ទាក់ទិននឹងបញ្ហានេះ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ SMD កាលពីខែមិថុនា ឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការណ៍ស្នើឲ្យរដ្ឋាភិបាល និងរដ្ឋសភាជាតិកម្ពុជា ទាមទារឲ្យវៀតណាម បញ្ឈប់ការធ្វើអាជីវកម្ម ពាណិជ្ជកម្មលើកោះត្រល់ និងចង្កោមកោះក្រចកសេះជាបន្ទាន់ និងងាកទៅដោះស្រាយបញ្ជាក់កម្មសិទ្ធិលើកោះទាំងនេះតាមយន្តការអន្តជាតិ ដើម្បីឲ្យជាក់ច្បាស់ថា តើវៀតណាម ឬកម្ពុជា ដែលជាម្ចាស់ដែនដីលើកោះទាំងនេះ។
ក្រុមចលនានិស្សិតទាំងនោះបញ្ជាក់ថា ឯកសារភស្តុតាងច្រើនណាស់ដែលបញ្ជាក់ថា កោះត្រល់ ឬកោះភូគុក និងចង្កោមកោះក្រចកសេះជារបស់កម្ពុជា ដូច្នេះកម្ពុជា នឹងឈ្នះលើការទាមទារនេះ បើរដ្ឋាភិបាលលោក ហ៊ុន សែន ចេញមុខលើបញ្ហានេះ។
អនុសញ្ញាអង្គការសហប្រជាជាតិ (UN) ស្តីអំពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ ចែងថា រាល់រដ្ឋទាំងអស់មានសិទ្ធិបង្កើតប្រវែងនៃដែនសមុទ្ររបស់ខ្លួន គឺមានចម្ងាយមិនលើសពី ១២ម៉ាយល៍ ដែលស្មើនឹងជាង ២២គីឡូម៉ែត្រនោះទេ។
យោងតាមច្បាប់អន្តរជាតិនេះអាចបញ្ជាក់យ៉ាងច្បាស់ថា កោះត្រល់ គឺជារបស់ខ្មែរ ព្រោះថាកោះនេះមានរយៈចម្ងាយត្រឹមតែ ១៥គីឡូម៉ែត្រប៉ុណ្ណោះពីខេត្តកំពត នៃប្រទេសកម្ពុជា ហើយមានរយៈចម្ងាយដល់ទៅ ៤៥គីឡូម៉ែត្រឯណោះពីតំបន់ហាទៀង នៃខេត្តកៀនយ៉ាង ប្រទេសវៀតណាម៕