38 C
Phnom Penh

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​ឡើងវិញ​លើ​ករណី​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន ដើម្បី​កែលំអ​ប្រព័ន្ធ​យុត្តិធម៌​សង្គម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើងវិញ​ករណី​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​បី​រូប​កាលពី​ពេល​ថ្មីៗ​នេះ ដើម្បី​កែលំអ​ប្រព័ន្ធ​យុត្តិធម៌​សង្គម​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ និង​បញ្ឈប់​ការរិះគន់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​យុវជន​បរិស្ថាន ៣​នាក់​ដែល​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ក្រោម​ការ​ចោទ​ប្រកាន់​ថា ដោយសារតែ​ពួកគេ​បម្រើ​ការ​ឲ្យ​អង្គការ​ចាត់តាំង​ខុសច្បាប់​មក​ពី​ក្រៅ​ប្រទេស។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​ករណី​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ទាំងនេះ ព្រោះ​ថា​ក្នុង​នោះ​មាន​យុវជន ៣​រូប​ត្រូវ​បាន​ចាប់​ខ្លួន ចំណែក​យុវជន ១​រូប​ផ្សេង​ទៀត​មក​ទល់​នឹង​ពេល​នេះ ខាង​សាច់ញាតិ​មិន​ទាន់​បាន​ទទួល​ដំណឹង​នៅឡើយ​ទេ ក្រោយ​អាជ្ញាធរ​ស្រុក​កោះធំ នាំ​ខ្លួន​ទៅ​សួរនាំ​កាលពី​ថ្ងៃ​ពុធ។

លោក​អះអាង​ថា ការ​ចូលរួម​ការពារ​បរិស្ថាន​ពី​សំណាក់​យុវជន​ទាំងនោះ គឺជា​ការ​លំបាក​សម្រាប់​ពួកគេ​ទៅ​ហើយ​ដែល​តែងតែ​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​ឈ្មួញ​ទុច្ចរិត​ដែល​បំផ្លាញ​ធនធាន​ធម្មជាតិ​កម្ពុជា​កន្លងមក ដូច្នេះ​រដ្ឋាភិបាល​គួរតែ​លើក​ទឹកចិត្ត និង​ជួយ​ការពារ​សុវត្ថិភាព​ដល់​សកម្មជន​បរិស្ថាន​ទាំងនោះ​វិញ ទើប​ជា​រឿង​ត្រឹមត្រូវ។

លោក ស៊ឹង សែនករុណា បញ្ជាក់​ថា ដើម្បី​ថែរក្សា​ធនធាន​ធម្មជាតិ​កម្ពុជា​ឲ្យ​បាន​គង់វង្ស រដ្ឋាភិបាល​គួរ​ផ្តល់​ឱកាស​ឲ្យ​ដៃគូ​ពាក់ព័ន្ធ ដូចជា​អង្គការ​សង្គម​ស៊ីវិល សកម្មជន​បរិស្ថាន និង​សហគមន៍​មូលដ្ឋាន​ជាដើម ចូលរួម​ល្បាត​ព្រៃ​ដើម្បី​ឲ្យ​ពួកគេ​រួម​ចំណែក​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​លើ​ធនធាន​ធម្មជាតិ​ដែល​រង​ការ​កាប់​បំផ្លាញ​អស់​រយៈពេល​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ។

កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១ ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​ចេញ​ដីកា​ឲ្យ​យុវជន​បរិស្ថាន​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ​ចំនួន ៣​នាក់ ក្នុង​នោះ​រួម​មាន លោក លី ចាន់ដារ៉ាវុទ្ធ កញ្ញា ស៊ុន រដ្ឋា និង​លោក យឹម លាងហ៊ី ចូល​ខ្លួន​ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​អំពើ​បង្ក​ឲ្យ​មាន​អសន្តិសុខ​សង្គម។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន អះអាង​ថា មាន​មូលហេតុ​មួយ​ចំនួន​ដែល​តម្រូវ​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំងនោះ គឺ​ដោយសារតែ​ពួកគេ​មាន​អង្គការ​ចាត់តាំង​ខុសច្បាប់ និង​ប្រើប្រាស់​ហិរញ្ញប្បទាន​ភេរវកម្ម។

កាលពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២១ ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡេហាន់ដ្រូ ហ្កន់ហ្សាលេដេវីឌសុន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily ថា ការ​ចាប់​ខ្លួន​យុវជន​ការពារ​បរិស្ថាន​ជាបន្តបន្ទាប់​បែប​នេះ ដោយសារតែ​បញ្ហា​នៃ​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ដូចជា​ព្រៃឈើ និង​ដី​កោះ​ជាដើម គឺជា​មុខ​ព្រួយ​នៃ​មុខ​ជំនួញ​ដ៏​ធំ​របស់​គ្រួសារ​ត្រកូល ហ៊ុន និង​ឧកញ៉ា​ដែល​កំពុង​រកស៊ី​ទុច្ចរិត​ជាមួយ​គ្រួសារ​លោក ហ៊ុន សែន ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

កាលពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២១ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Patrick Murphy បាន​បង្ហាញ​ក្តី​កង្វល់​ជា​ខ្លាំង​ទៅកាន់​លោក ស ខេង អំពី​ការ​កាត់ទោស​សកម្មជន​បរិស្ថាន​មួយ​ចំនួន​ដាក់​ពន្ធនាគារ ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​លើ​ពួកគេ​កន្លង​មក។

លោក​ថា ការ​ហ៊ាន​និយាយ​ដើម្បី​ការពារ​បរិស្ថាន​ដែល​ប្រឈម​នឹង​ការ​គំរាមកំហែង ដោយសារ​ការ​កាប់​ឈើ​ខុសច្បាប់ និង​កេង​យក​ប្រយោជន៍​ពាណិជ្ជកម្ម​របស់​ជាតិ គឺជា​រឿង​គួរ​ឱ្យ​សរសើរ​ទៅវិញ​ទេ មិន​គួរ​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​បែប​នោះ​ឡើយ។

ប៉ុន្តែ​អាជ្ញាធរ​តែងតែ​ព្យាយាម​បំបិទ​សំឡេង​សកម្មជន​បរិស្ថាន ហើយ​ធ្វើ​ទុក្ខបុកម្នេញ​សហគមន៍​មូលដ្ឋាន និង​សង្គម​ស៊ីវិល​ដែល​ជា​ដៃគូ​របស់​ខ្លួន ស្រប​ពេល​ពួកគេ​បាន​បង្ហាញ​ពី​កង្វល់​ដ៏​សមហេតុផល​លើ​ការ​បាត់បង់​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​សព្វថ្ងៃ​នេះ។

កាលពី​អំឡុង​ឆ្នាំ​២០២០ របាយការណ៍​មួយ​របស់​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) ស្ដីពី​នីតិរដ្ឋ​នៅ​កម្ពុជា បាន​ផ្តល់​ពិន្ទុ​ឲ្យ​កម្ពុជា​ជាប់​លេខ​រៀង​ទី​១២៧ ក្នុង​ចំណោម​ប្រទេស​ចំនួន​១២៨ នៅ​ជុំវិញ​ពិភពលោក ដោយ​បង្ហាញ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​អាក្រក់​បំផុត​នៅ​ក្នុង​លោក ប៉ុន្តែ​ល្អ​ជាង​តែ​ប្រទេស​វេណេហ្ស៊ុយអេឡា តែមួយ​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស