32 C
Phnom Penh

យុវជន​ចលនា​មាតា​ធម្មជាតិ​ហួសចិត្ត​ដែល​តុលាការ​បដិសេធ​មិន​ឱ្យ​ចេញ​ទៅ​ទទួល​ពានរង្វាន់​ការពារ​បរិស្ថាន​នៅ​ស៊ុយអែត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​ចលនា​មាតា​ធម្មជាតិ ហួសចិត្ត​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ចេញ​ទៅ​ទទួល​ពានរង្វាន់ Right Livelihood 2023 នៅ​ប្រទេស​ស៊ុយអែត នៅ​ចុង​ខែ​វិច្ឆិកា នេះ ដោយ​បញ្ជាក់​ថា​គ្មាន​ភាព​ចាំបាច់ បើ​ទោះជា​ពានរង្វាន់​នេះ​នឹង​លើក​មុខមាត់​ប្រទេស​កម្ពុជា​ក៏ដោយ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២ ខែ​តុលា ថា ការ​បដិសេធ​មិន​ឲ្យ​សកម្មជន​មាតា​ធម្មជាតិ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ទទួល​ពានរង្វាន់ Right Livelihood 2023 ក្រោម​ហេតុផល​ថា គ្មាន​ភាព​ចាំបាច់​របស់​តុលាការ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ករណី​ចោទប្រកាន់​លើ​រូបលោក និង​អ្នក​ផ្សេង​ទៀត​គ្រាន់តែ​ជា​ល្ខោន​បំបិទ​សេរីភាព​យុវជន​ប៉ុណ្ណោះ ខណៈ​ពានរង្វាន់​សកល​ដ៏​មាន​កិត្តិយស​មួយ​នេះ​មិន​មែន​ប្រទេស​ណា​ក៏​ចេះ​តែ​ងាយ​នឹង​ទទួល​បាន​នោះ​ទេ។

លោក ថុន រដ្ឋា លើកឡើង​ថា ការ​បដិសេធ​របស់​រដ្ឋាភិបាល​មិន​ឱ្យ​យុវជន​ខ្មែរ​ដែល​អង្គការ​អន្តរជាតិ​បាន​ទទួលស្គាល់​ពី​ស្នាដៃ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​កម្ពុជា​បែប​នេះ គឺ​គ្រាន់តែ​ជា​ការ​បង្អាប់​បង្អោន​មុខមាត់​របស់​កម្ពុជា​ទៅវិញ​ប៉ុណ្ណោះ។

ជាង​នេះ​ទៀត ពានរង្វាន់​នេះ​ក៏​ជា​សក្ខីភាព​មួយ​យ៉ាង​ច្បាស់​ដែល​បញ្ជាក់​ថា សកម្មភាព​ការពារ​បរិស្ថាន​របស់​ពួកគេ​កន្លង​មក គឺជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​នៅ​ពេល​ដែល​រដ្ឋាភិបាល​បិទ​ផ្លូវ​មិន​ឱ្យ​ពួកគេ​ចេញ​ទៅ​ទទួល​ពានរង្វាន់​នេះ គឺជា​ការ​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​ការ​គាបសង្កត់​របស់​រដ្ឋាភិបាល​ទៅ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យុវជន ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​កាន់តែ​ខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ​ទៅ​វិញ។

ចំណែក​សកម្មជន​ចលនា​មាតា​ធម្មជាតិ​មួយ​រូប​ទៀត គឺ​កញ្ញា ឡុង គន្ធា ក៏​បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា ជា​រឿង​ដែល​ហួសចិត្ត​ជា​ទីបំផុត​ដែល​អង្គការ​អន្តរជាតិ​លើក​ទឹកចិត្ត​ដល់​យុវជន​ខ្មែរ​ដែល​ចូលរួម​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​របស់​ខ្មែរ ប៉ុន្តែ​រដ្ឋាភិបាល​ខ្មែរ​ខ្លួនឯង​បែរ​ជា​ហាមឃាត់​យុវជន​ដែល​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ពី​អង្គការ​អន្តរជាតិ​ទាំងនោះ​ទៅវិញ ខណៈ​សកម្មជន​មាតា​ធម្មជាតិ​ដែល​សកម្ម​ក្នុង​កិច្ចការ​ការពារ​បរិស្ថាន ត្រូវ​រដ្ឋាភិបាល​ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​ជា​បន្តបន្ទាប់។

កញ្ញា ឡុង គន្ធា អះអាង​ថា ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ដូចជា​លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក យីម លាងហ៊ី លោក លី ចន្ទ្រដារ៉ាវុធ កញ្ញា ស៊ុន រដ្ឋា និង​ខ្លួន​កញ្ញា​ផ្ទាល់ ត្រូវ​រដ្ឋាភិបាល​ចោទប្រកាន់​ចំនួន ៣​ករណី ក្នុង​នោះ​បទ​ចោទ ញុះញង់ ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី ១៨​ខែ​ទៅ ២០​ខែ ហើយ​សព្វថ្ងៃ​នេះ ពួកគេ​ត្រូវ​បាន​ព្យួរ​ទោស និង​ហាម​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​រយៈពេល ៣​ឆ្នាំ។

កញ្ញា ឡុង គន្ធា បន្ថែម​ថា ចំណែក​បទ​ចោទប្រកាន់​ផ្សេង​ទៀត ដូចជា រួម​គំនិត​ក្បត់ និង​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ តុលាការ​មិន​ទាន់​បើក​សវនាការ​នៅឡើយ​ទេ ដែល​មាន​ន័យ​ថា ពួកគេ​កំពុងតែ​ស្ពាយ​ទោស​ទាំង​អយុត្តិធម៌​ពី​សកម្មភាព​ការពារ​បរិស្ថាន​ត​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត ដែល​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​សកម្មជន​សង្គម​ដែល​ធ្វើ​កិច្ចការ​ដើម្បី​ផល​ប្រយោជន៍​សង្គម​ជាតិ។

កាលពី​ថ្ងៃទី​២ ខែ​តុលា ឆ្នាំ​២០២៣ ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ក្រុង​ភ្នំពេញ​លោក ច្រឹង ខ្មៅ បាន​បដិសេធ​លើ​លិខិត​ស្នើសុំ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង​កញ្ញា ឡុង គន្ធា ដោយ​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដាច់ខាត ក្រោម​ហេតុផល​ថា​គ្មាន​ភាព​ចាំបាច់។

ការ​ហាមឃាត់​នេះ ធ្វើឡើង​បន្ទាប់ពី​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៣​នាក់ បាន​ស្នើសុំ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ចូលរួម​ទទួល​ពានរង្វាន់​ជា​អ្នក​ការពារ​បរិស្ថាន​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣ សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង​កញ្ញា ឡុង គន្ធា បាន​យក​លិខិត​ស្នើសុំ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​ដាក់​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​បំណង​ទៅ​ចូលរួម​ក្នុង​ពិធី​ទទួល​ពានរង្វាន់ Rights Livelihood Award នៅ​ក្នុង​ទីក្រុង​ស្តុកហូម ប្រទេស​ស៊ុយអែត នៅ​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ហើយ​ពួកគេ​សន្យា​ថា​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២៣ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​តុលាការ​ច្រានចោល​ទាំងស្រុង។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកជំនាញ​ខាង​កិច្ចការ​រដ្ឋបាល​លោក ឱក សេរីសោភក្តិ៍ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ថា តុលាការ​ចាត់ទុក​ការ​ចេញ​ទៅ​ទទួល​ពានរង្វាន់ Rights Livelihood Award ដែល​បាន​មកពី​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ​កម្ពុជា ថា​ជា​រឿង​ដែល​មិន​ចាំបាច់ ដូច្នេះ​សម្រាប់​លោក​ផ្ទាល់​មិន​ដឹង​ថា តើ​តុលាការ​នឹង​ទុក​រឿង​អ្វី​ដែល​ជា​រឿង​ចាំបាច់​សម្រាប់​ជាតិ​នោះ​ទេ។

លោក ឱក សេរីសោភក្តិ៍ លើក​ជា​សំណួរ​ថា ក្នុង​ឋានៈ​ជា​យុវជន តើ​ការ​ចូលរួម​ថែរក្សា​សម្បត្តិ​ធម្មជាតិ​សម្រាប់​ពលរដ្ឋ​គ្រប់​រូប និង​សម្រាប់​កូនចៅ​ខ្មែរ​ត​ជំនាន់ ពិត​ជា “មិន​ចាំបាច់” មែន​ទេ?

លោក​សួរ​បន្ថែម​ទៀត​ថា ហេតុ​អ្វី​ក៏​ប្រទេស​កម្ពុជា​មាន​បញ្ហា​ដែល​មិន​គួរ​ជា​បញ្ហា​ច្រើន​ម្ល៉េះ?

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ដូចជា​លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក លី ចន្ទ្រដារ៉ាវុធ និង​កញ្ញា ស៊ុន រដ្ឋា ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២១ ក្រោយ​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា ពួកគេ​មាន​អង្គការ​ចាត់តាំង​ខុស​ច្បាប់​ពី​ក្រៅ​ប្រទេស ប្រើប្រាស់​ហិរញ្ញប្បទាន​ភេរវកម្ម និង​ធ្វើ​សកម្មភាព​បំបែក​បំបាក់​ជាតិ ក្រោម​បទ​ចោទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» បទ «រួម​គំនិត​ក្បត់» និង​បទ «ប្រមាថ​អង្គ​ព្រះមហាក្សត្រ»។

សកម្មជន​ទាំងនេះ​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខណៈ​ការ​ដោះលែង​នេះ អ្នក​ខ្លះ​បាន​អនុវត្ត​ទោស​ចប់​តាម​ការ​កំណត់​របស់​តុលាការ ចំណែក​អ្នក​ខ្លះ​ទៀត​ត្រូវ​បាន​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​ទោស​ដែល​នៅ​សល់ ត្រូវ​ព្យួរ​សាកល្បង ប៉ុន្តែ​ពួកគេ​គ្រប់​គ្នា​សុទ្ធតែ​មាន​ទោស​ផ្សេង​ទៀត​ដែល​តុលាការ​មិន​ទាន់​ជំនុំជម្រះ​នៅ​ឡើយ​ពី​បទ​ចោទ រួម​គំនិត​ក្បត់ និង​បទ ប្រមាថ​អង្គ​ព្រះមហាក្សត្រ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស