35 C
Phnom Penh

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទទួល​បាន​ពានរង្វាន់​សកល​ដោយសារ​ការពារ​ធនធាន​ធម្មជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​អង្គការ​អន្តរជាតិ Right Livelihood ផ្តល់​ពានរង្វាន់​សកល (Right Livelihood Award) ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​ពានរង្វាន់​ណូបែល​សន្តិភាព​ដែរ (Nobel Peace Prize) ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​យុវជន​ទាំងនេះ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​កម្ពុជា​អស់​រយៈពេល​ប្រមាណ​ជា ១​ទសវត្ស​កន្លងមក​នេះ។

ចលនា​មាតា​ធម្មជាតិ ចេញ​វីដេអូ​ប្រវែង​ជាង ៣​នាទី​នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ ដែល​មាន​ការ​លើកឡើង​ពី​យុវជន​ចលនា​មាតា​ធម្មជាតិ អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​នា​ពេល​កន្លងមក បើ​ទោះបីជា​ត្រូវ​ជាប់​ពន្ធនាគារ ឬ​រង​នូវ​ការ​គំរាមកំហែង និង​រង​នូវ​អំពើ​ហិង្សា​នានា​ក្នុង​រយៈពេល​កន្លងមក ដោយ​សកម្មភាព​ការពារ​ការងារ​បរិស្ថាន​របស់​ខ្លួន​ក៏ដោយ ក៏​ពួកគេ​នៅតែ​បន្ត​សកម្មភាព​នេះ​រហូត​ដល់​សព្វថ្ងៃ​នេះ​ដែរ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា លើកឡើង​នៅ​ក្នុង​វីដេអូ​នេះ​ថា សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដែល​ខិតខំ​ការពារ​សម្បត្តិ​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​អស់​រយៈពេល​ប្រមាណ​ជាង ១០​ឆ្នាំ​មក​នេះ គឺ​ពិត​ជា​មាន​មោទនភាព​យ៉ាង​ខ្លាំង ដោយសារតែ​កិច្ចការ​នេះ​ត្រូវ​បាន​ទទួលស្គាល់ និង​អបអរ​សាទរ​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន​ដែល​រស់នៅ​ជុំវិញ​ពិភពលោក។

ចំណែក​កញ្ញា ឡុង គន្ធា ដែល​ជា​សកម្មជន​ចលនា​មាតា​ធម្មជាតិ​មួយ​រូប​ដែរ​នោះ លើកឡើង​ថា បើ​ទោះបីជា​មាន​ការ​គំរាមកំហែង ការ​ប្រើ​អំពើ​ហិង្សា និង​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជាច្រើន​លើក និង​ការ​ចោទប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ ដែល​អាច​ឱ្យ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ជាប់​ពន្ធនាគារ​ដល់ ១០​ឆ្នាំ​ក៏ដោយ ក៏​សកម្មជន​ចលនា​មាតា​ធម្មជាតិ​គ្រប់​រូប​នៅតែ​បន្ត​ការពារ​ធនធាន​ធម្មជាតិ​កម្ពុជា​រហូត​ដល់​សព្វថ្ងៃ​នេះ​ដែរ។

កញ្ញា ឡុង គន្ធា អះអាង​ថា ដោយសារ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​គ្រប់ៗ​គ្នា​នា​ពេល​កន្លងមក នៅ​ឆ្នាំ​២០២១ សកម្មភាព​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ​ត្រូវ​ទទួលស្គាល់ និង​ទទួល​បាន​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​ជួរ​មុខ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (Frontline Defender for Asia Pacific) ពី​អង្គការ Frontline Defender ផង​ដែរ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​រូប​នេះ​បញ្ជាក់​ថា នៅ​ឆ្នាំ​២០២៣ នេះ អង្គការ​ចលនា​មាតា​ធម្មជាតិ​ក៏​ត្រូវ​បាន​អង្គការ​អន្តរជាតិ Right Livelihood ផ្តល់​ពានរង្វាន់​សកល​មួយ​ទៀត គឺ Right Livelihood Award ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​ពានរង្វាន់​ណូបែល​សន្តិភាព​ដែរ (Nobel Peace Prize) ដែល​នេះ​គឺជា​សក្ខីភាព​មួយ​បញ្ជាក់​ថា អ្វី​ដែល​ពួកគេ​បាន​ធ្វើ គឺ​មិនមែន​ជា​រឿង​ខុស​ច្បាប់​នោះ​ទេ។

ដោយឡែក កញ្ញា ភួន កែវរស្មី លើកឡើង​ក្នុង​វីដេអូ​នេះ​ដែរ​ថា អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ខាងមុខ​នេះ សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៣​នាក់ គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី ត្រូវ​បាន​អង្គការ​អន្តរជាតិ Right Livelihood អញ្ជើញ​ឱ្យ​ទៅ​ចូលរួម​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់ Right Livelihood Award នៅ​ក្នុង​ទីក្រុង​ស្ដុកហូម ប្រទេស​ស៊ុយអែត ដោយ​ផ្ទាល់ ប៉ុន្តែ​ពួកគេ​ទាំង ៣​នាក់​នឹង​មិន​អាច​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ទេ បើ​តុលាការ​មិន​អនុញ្ញាត ព្រោះ​ថា​ខ្លួន​កំពុង​ស្ថិត​ក្នុង​ការ​ចោទប្រកាន់​របស់​តុលាការ​ជុំវិញ​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ​នា​ពេល​កន្លងមក​នៅឡើយ។

កញ្ញា ភួន កែវរស្មី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ និង​មជ្ឈដ្ឋាន​នានា​ជួយ​បញ្ចេញមតិ​គាំទ្រ​ដល់​ពួកគេ ដើម្បី​ស្នើ​ឲ្យ​តុលាការ​យល់ព្រម​ឲ្យ​អ្នក​ទាំង ៣​នាក់​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ចូលរួម​ទទួល​ពានរង្វាន់​នេះ​ដោយ​ផ្ទាល់។

កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ៦​នាក់ ត្រូវ​បាន​អង្គការ​អន្តរជាតិ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អៀរឡង់ ឈ្មោះ ហ្វ្រាន់ឡាញ ឌីហ្វិនឌឺ (Frontline Defenders) ផ្តល់​ពានរង្វាន់​ដល់​ពួកគេ​ជា “អ្នក​ការពារ​ឈាន​មុខ” ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​នៃ​ភាព​អង់អាច​ក្លាហាន​ហ៊ាន​ប្រថុយ​គ្រោះថ្នាក់​ក្នុង​ការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ប្រទេស​កម្ពុជា ខណៈ​សកម្មភាព​របស់​ពួកគេ​មិន​ត្រូវ​បាន​ទទួលស្គាល់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​ទេ​រហូត​មក​ទល់​ពេលនេះ។

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ដូចជា​លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក លី ចន្ទ្រដារ៉ាវុធ និង​កញ្ញា ស៊ុន រដ្ឋា គឺជា​ក្រុម​យុវជន​សកម្ម​របស់​ចលនា​មាតា​ធម្មជាតិ ដែល​ពួកគេ​បាន​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​ការពារ​សិទ្ធិមនុស្ស ធនធាន​ធម្មជាតិ និង​បរិស្ថាន តាមរយៈ​នៃ​ការ​បញ្ចេញមតិ​ពី​បញ្ហា​នានា ដូចជា​បញ្ហា​សំរាម លូ​ទឹក​ស្អុយ ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​បញ្ហា​ជាច្រើន​ផ្សេង​ទៀត​ដែល​កើតឡើង​ក្នុង​ប្រទេស​កម្ពុជា។

ទោះជា​យ៉ាងណា​ក៏ដោយ សកម្មភាព​របស់​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២១ ក្រោយពី​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា ពួកគេ​មាន​អង្គការ​ចាត់តាំង​ខុស​ច្បាប់​ពី​ក្រៅ​ប្រទេស ប្រើប្រាស់​ហិរញ្ញប្បទាន​ភេរវកម្ម និង​ធ្វើ​សកម្មភាព​បំបែក​បំបាក់​ជាតិ ក្រោម​បទ​ចោទ៖

  • «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»
  • «រួម​គំនិត​ក្បត់»
  • និង «ប្រមាថ​អង្គ​ព្រះមហាក្សត្រ» ផង​ដែរ។

សកម្មជន​ទាំងនេះ​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខណៈ​ការ​ដោះលែង​នេះ អ្នក​ខ្លះ​បាន​អនុវត្ត​ទោស​ចប់​តាម​ការ​កំណត់​របស់​តុលាការ ចំណែក​អ្នក​ខ្លះ​ទៀត​ត្រូវ​បាន​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​ទោស​ដែល​នៅសល់​ត្រូវ​ព្យួរ​សាកល្បង​ប៉ុណ្ណោះ ដូចជា​លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា ដែល​នឹង​ត្រូវ​ចេញ​ទៅ​ប្រទេស​ស៊ុយអែត ដើម្បី​ទទួល​ពានរង្វាន់ (Right Livelihood Award) នៅ​អំឡុង​ខែ​វិច្ឆិកា ខាងមុខ​នេះ​ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស