សកម្មជនបក្សប្រឆាំង រិះគន់ថា ការបង្កើតគណបក្សនយោបាយថ្មីៗដែលកើតចេញពីមន្ត្រីគណបក្សសង្គ្រោះជាតិ គឺជាការផ្តល់នូវមហាសំណាង និងជួយសម្រេចផែនការកម្ទេចអ្នកប្រជាធិបតេយ្យ និងស្មារតីតស៊ូរបស់គណបក្សសង្គ្រោះជាតិ ដែលវាដូចគ្នាទៅនឹងសម្ដីលោក ហ៊ុន សែន ធ្លាប់បានប្រកាសថា លោកនឹងកម្ទេចចលនាប្រឆាំងឲ្យសាបសូន្យដល់ឫសគល់។
ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីបក្សប្រឆាំងបានលាតត្រដាងពីផែនការនៃការបើកគណបក្សបេះដូងជាតិ ដែលមានការជ្រោមជ្រែងពីអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដើម្បីចូលរួមបោះឆ្នោតនាពេលខាងមុខ។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ថា ការបង្កើតបក្សបេះដូងជាតិ ដែលលោក សម រង្ស៊ី កំពុងជួយជ្រោមជ្រែងពីខាងក្រោយ គឺជាថ្នូរសម្រាប់បន្តជីវិតនយោបាយក្រុមរបស់គាត់ទៅថ្ងៃមុខប៉ុណ្ណោះ ហើយការបង្កើតគណបក្សនេះ នឹងមិនមានឥទ្ធិពលប្រឆាំងដែលនាំឲ្យប៉ះពាល់ដល់ផែនការក្តោបក្តាប់អំណាចរបស់គណបក្សប្រជាជនកម្ពុជា នោះទេ។
លោកអះអាងថា គណបក្សបេះដូងជាតិ បានបង្កប់នូវភាពអាថ៌កំបាំងស៊ីជម្រៅរវាងភាគីលោក ហ៊ុន សែន និងភាគីលោក សម រង្ស៊ី ហើយក៏ប្រហែលជាការដោះដូរផលប្រយោជន៍នយោបាយដ៏ធំរបស់ពួកគេផងដែរ។ ដោយឡែកអ្នកដែលបរាជ័យពិតប្រាកដនោះ គឺប្រជាជនខ្មែរដែលជាជនអ្នករងគ្រោះក្នុងនយោបាយដោះដូររបស់មេដឹកនាំទាំងនោះ។
លោក ហ៊ុន កុសល បញ្ជាក់ថា ដើម្បីចៀសពីការចាញ់ល្បែងនយោបាយរបស់មេដឹកនាំកំពូលៗ គឺលោក ហ៊ុន សែន និងលោក សម រង្ស៊ី ដែលនាំឲ្យបែកបាក់កម្លាំងប្រឆាំង មានតែប្រជាជនខ្មែរប៉ុណ្ណោះដែលអាចការពារកម្លាំងរួបរួមនេះបាន។ នោះគឺមានន័យថា ពលរដ្ឋមិនត្រូវងាករេទៅតាមការបោកប្រាស់របស់ពួកគេ ប៉ុន្តែត្រូវឈរលើស្មារតីរួបរួមនៃគណបក្សសង្គ្រោះជាតិ ដើម្បីរក្សាជំហរផ្លាស់ប្ដូរជាវិជ្ជមាននៅកម្ពុជាបន្តទៀត។
គណបក្សបេះដូងជាតិ បានស្នើសុំចុះបញ្ជីគណបក្សនយោបាយជាផ្លូវការនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។ យ៉ាងណាក៏ដោយ កាលពីថ្ងៃទី០៩ ខែមិថុនា កន្លងទៅ ក្រសួងមហាផ្ទៃ បានជូនដំណឹងទៅគណបក្សនេះឲ្យរៀបចំសញ្ញាសម្គាល់របស់គណបក្សដោយអនុលោមតាមការកំណត់នៃច្បាប់ស្ដីពីគណបក្សនយោបាយ។
កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ លោក មុត ចន្ថា បានសរសេរលើគណនី Facebook របស់លោកថា លោកទទួលបានព័ត៌មានគួរឲ្យទុកចិត្តបានពីប្រទេសបារាំង ថាអតីតប្រធានបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី គឺជាខ្នងបង្អែកយ៉ាងធំនៃការបង្កើតគណបក្សបេះដូងជាតិនេះ។
លោកអះអាងថា ការបង្កើតគណបក្សនេះដែលមានលោក ថាច់ សេដ្ឋា ជាអ្នកដើរបញ្ចុះបញ្ចូលសកម្មជននៅមូលដ្ឋាន មិនត្រូវបានបណ្ដាញរបស់បក្សប្រឆាំងភាគីលោក សម រង្ស៊ី តាមជេរបញ្ចោរនោះឡើយ។
តែផ្ទុយទៅវិញ ក្រុមនោះតែងជេរបញ្ចោរមន្ត្រីបក្សសង្គ្រោះជាតិ ភាគីលោក កឹម សុខា មួយចំនួន រួមទាំងប្រធានបក្សនេះផងដែរថា ពួកគេចេញទៅបង្កើតបក្សថ្មីៗនោះ គឺដោយសារមានលោក កឹម សុខា ជាមេគំនិតនៅពីក្រោយ ហើយការបង្កើតបក្សនោះ គឺជាទង្វើក្បត់ឆន្ទៈអ្នកគាំទ្ររបស់ខ្លួនទាំងស្រុង។
លោក មុត ចន្ថា បញ្ជាក់ថា ស្នាមមេដៃស្ថាបនិកគណបក្សបេះដូងជាតិ ចំនួន ៨០នាក់ដែលបានដាក់ពាក្យទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំចុះបញ្ជីបង្កើតគណបក្សនយោបាយនេះ គឺសុទ្ធសឹងតែជាសមាសភាពនៃអតីតអ្នកនយោបាយមិនជាប់បម្រាមតុលាការ ហើយពួកគេសុទ្ធសឹងតែជាមន្ត្រីនយោបាយរបស់គណបក្ស សម រង្ស៊ី ទាំងអស់។
ចំណែកសហមេធាវីការពារក្តីប្រធានគណបក្សសង្គ្រោះជាតិ លោក ចាន់ ចេន បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២១ ខែមិថុនា ថា លោក កឹម សុខា មិនគាំទ្រនូវការបង្កើតបក្សនយោបាយថ្មីនៃក្រុមណាមួយឡើយ ហើយក៏មិននៅពីក្រោយខ្នងនៃក្រុមនោះដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីបក្សមួយចំនួនដែលកំពុងរៀបចំបង្កើតគណបក្សនយោបាយថ្មី បានប្រាប់សកម្មជនបក្សសង្គ្រោះជាតិនៅមូលដ្ឋាន ដូចជាខេត្តត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ ជាដើមថា បក្សរបស់ពួកគេ គឺមានលោក កឹម សុខា អនុញ្ញាតឲ្យបង្កើត ហើយគាត់នៅចាំជួយពីក្រោយ។
ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា មកទល់នឹងពេលនេះ មន្ត្រីបក្សប្រឆាំងហាក់អស់សង្ឃឹមនឹងការរស់ឡើងវិញរបស់គណបក្សសង្គ្រោះជាតិ តទៅទៀតហើយ ព្រោះថាពួកគេបាននាំគ្នាដាក់ពាក្យទៅក្រសួងមហាផ្ទៃ ដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញព្រោងព្រាត ខណៈមន្ត្រីបក្សប្រឆាំងភាគីលោក សម រង្ស៊ី ដែលទើបនឹងចូលស្រុកកាលពីពេលថ្មីៗនេះ គឺអ្នកស្រី ថាក់ ឡានី ក៏ត្រូវព្រះមហាក្សត្រតែងតាំងជារដ្ឋលេខាធិការនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចផងដែរ៕