39 C
Phnom Penh

តំណាង​ពលករ​ខ្មែរ​នៅ​កូរ៉េ​ស្នើ​លោក ហ៊ុន ម៉ាណែត លុប​ឈ្មោះ​និង​រូប​ប្រាសាទ​អង្គរវត្ត​ពី​ក្រុមហ៊ុន​ស្រាបៀរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​ពលករ​ខ្មែរ​ជាច្រើន​នាក់​រស់នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត លុប​ឈ្មោះ និង​រូប​ប្រាសាទ​អង្គរវត្ត​ដែល​ប្រើ​ជា​ស្លាក​សញ្ញា​ស្រាបៀរ ចេញពី​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ ដើម្បី​លើក​មុខមាត់ និង​កិត្តិយស​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​របស់​ខ្មែរ ស្រប​ពេល​ដែល​កម្ពុជា​ធ្វើ​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៣១​ឆ្នាំ​នៃ​ប្រាសាទ​អង្គរវត្ត ដែល​ត្រូវ​បាន​អង្គការ​យូណេស្កូ​យល់ព្រម​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាលពី​ចុង​ឆ្នាំ​១៩៩២ កន្លង​ទៅ​នោះ។

លោក ថុង ហួច ហៅ មយោរា ទឹកកក ជា​ពលករ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង បាន​ចេញ​លិខិត​ចំហ​មួយ​នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​ត្រូវ​ជា​ខួប​លើក​ទី​៣១​ឆ្នាំ​នៃ​ការ​ចុះបញ្ជី​តំបន់​រមណីយដ្ឋាន​អង្គរវត្ត​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ថា ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​តែង​ឈឺឆ្អាល​ក្នុង​រឿង​សង្គម​ជាតិ និង​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ផ្សេង​ទៀត សូម​ស្នើសុំ​ឱ្យ​លោក ហ៊ុន ម៉ាណែត មេត្តា​ពិចារណា​ពិនិត្យ​លុប​ឈ្មោះ និង​រូប​ប្រាសាទ​អង្គរវត្ត ដែល​ជា​កេរមរតក​របស់​បុព្វបុរស​ខ្មែរ និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ផង​នោះ ចេញពី​ឈ្មោះ​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ ចាប់ពី​ពេលនេះ​តទៅ ដើម្បី​លើក​តម្កើង​កិត្តិយស​ជាតិ​ខ្មែរ​ទៅ​ថ្ងៃ​អនាគត។

លោក ថុង ហួច អះអាង​ថា ប្រាសាទ​អង្គរវត្ត​ត្រូវ​បាន​ចាត់ទុក​ជា​ដួង​ព្រលឹង​ជាតិ​ខ្មែរ​ដ៏​មហិមា ហេតុ​នេះ រដ្ឋាភិបាល​មិន​គួរ​បន្ត​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ ប្រើ​ឈ្មោះ ឬ​យក​រូប​ប្រាសាទ​អង្គរវត្ត​ដែល​ជា​ដួង​ព្រលឹង​ជាតិ​ដែល​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​នេះ ដាក់​លើ​ដប​ស្រា ឬ​លើ​កំប៉ុង​ស្រា​ទៀត​នោះ​ទេ ព្រោះ​វា​បង្ហាញ​ពី​ការ​បន្តុះបង្អាប់​ដួង​ព្រលឹង​ជាតិ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ។

តំណាង​ពលករ​ខ្មែរ​ក្នុង​សាធារណរដ្ឋ​កូរ៉េ​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​លោក ហ៊ុន ម៉ាណែត ធ្វើ​កិច្ចការ​នេះ​បាន​ជោគជ័យ នោះ​វា​គឺជា​ស្នាដៃ​ដ៏​ធំធេង​របស់​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​របស់​លោក​ទាំងមូល​សម្រាប់​ជាតិ​ខ្មែរ។

ប្រាសាទ​អង្គរវត្ត ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ក្នុង​ទីក្រុង​សាន់តាហ្វេ សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២ កន្លង​ទៅ។

ប្រាសាទ​អង្គរវត្ត​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ដើម​សតវត្ស​ទី​១២ ដោយ​ព្រះបាទ​សូរ្យវរ្ម័នទី២ ក្នុង​គ.ស ១១១៣ ដល់ ១១៥០ ដើម្បី​ឧទ្ទិស​ដល់​ព្រះវិស្ណុ​ក្នុង​ព្រហ្មញ្ញ​សាសនា និង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​រាជធានី​សោធរបុរៈ ដែល​បាន​ប្រើ​កម្លាំង​ពលកម្ម​មនុស្ស​ប្រមាណ​ជាង ៣​សែន​នាក់ និង​ពលកម្ម​សត្វ​ដំរី​ជាង ៦​ពាន់​ក្បាល ដើម្បី​លើក​បន្តុប​ថ្ម​សម្រាប់​ធ្វើ​ប្រាសាទ​សរុប​ប្រមាណ​ជាង ១០​លាន​តោន។

ប្រាសាទ​អង្គរវត្ត​មាន​ឈ្មោះ​ដើម​ថា «បរមវិស្ណុលោក» ប៉ុន្តែ​ឈ្មោះ​នេះ​គឺ​មាន​ការ​កែប្រែ​ជា​បន្តបន្ទាប់ ក្នុង​នោះ តាម​សិលាចារឹក​ខ្លះ​បញ្ជាក់​ថា នៅ​អំឡុង​សតវត្ស​ទី​១៦ ប្រាសាទ​អង្គរវត្ត បាន​ប្រែ​ឈ្មោះ​ថា ព្រះ​មហានគរ​ឥន្ទ្រប្រ័ស្ថ​ព្រះ​ពិស្ណុលោក ដែល​ពាក្យ ឥន្ទ្រប្រ័ស្ថ នេះ​មាន​ន័យ​ថា «ទីក្រុង​របស់​ព្រះឥន្ទ្រ»។

ប្រាសាទ​អង្គរ​មាន​កម្ពស់ ៦៥​ម៉ែត្រ បែរ​មុខ​ទៅ​ទិស​ខាងលិច មាន​ផ្ទៃក្រឡា​ប្រហែល ២០០​ហិកតារ រាង​ចតុកោណកែង ដែល​កំណត់​ដោយ​កំពែង​ព័ទ្ធ​ជុំវិញ និង​គូ​ទឹក​ដែល​មាន​ទទឹង ២០០​ម៉ែត្រ។ បរិវេណ​នៃ​កំពែង​មាន​ប្រវែង​ប្រហែល ៥,៥​គីឡូម៉ែត្រ។ ផ្លូវ​ចូល​ធ្វើ​អំពី​ថ្មភក់​មាន​ប្រវែង​បណ្តោយ ២៥០​ម៉ែត្រ និង​ទទឹង ១២​ម៉ែត្រ ហើយ​នៅ​ខាងមុខ​ផ្លូវ​ចូល ក៏​មាន​រូបចម្លាក់​តោ​ថ្ម​ធំៗ​ឈរ​យាម​នៅ​អម​សងខាង​ផ្លូវ​ផង​ដែរ។

ប្រាសាទ​អង្គរវត្ត​មាន​ចម្លាក់​អប្សរា​នៅ​ជុំវិញ​ប្រាសាទ ដែល​ត្រូវ​បាន​រចនា​ក្នុង​ន័យ​តំណាង​ឱ្យ​ភ្នំ​ព្រះ​សុមេរុ ដែល​ជា​ទីលំនៅ​របស់​អាទិទេព និង​ទេវតា​ក្នុង​ទេវកថា​ហិណ្ឌូ ដែល​មាន​កសិណ ឬ​គូ​ទឹក​ព័ទ្ធ​ជុំវិញ​ប្រហែល ១៦​គីឡូម៉ែត្រ។

ផ្អែក​តាម​ភស្តុតាង​របស់​លោក ហ្សក សឺដេស បាន​បញ្ជាក់​ថា ប្រាសាទ​អង្គរវត្ត​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ន័យ​តំណាង​ឱ្យ​ពិភពលោក​ទាំងមូល ព្រោះ​ថា​ប្រាង្គ​កណ្តាល​របស់​ប្រាសាទ​កសាង​ឡើង​ដើម្បី​តំណាង​ឱ្យ​ភ្នំ​ព្រះ​សុមេរុ ដែល​ស្ថិត​នៅ​កណ្តាល​ពិភពលោក ខណៈ​ប្រាង្គ​ប្រាសាទ​ទាំង ៥ តំណាង​ឱ្យ​កំពូល​ភ្នំ​ព្រះ​សុមេរុ ដែល​ជា​ជាយ​ផែនដី និង​គូ​ទឹក​ព័ទ្ធ​ជុំវិញ​ប្រាសាទ គឺ​តំណាង​ឱ្យ​សមុទ្រ​ដែល​ព័ទ្ធ​ជុំវិញ​ផែនដី​ទាំងមូល​ដូច្នោះ​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ទោះ​ជា​ប្រាសាទ​អង្គរវត្ត​មាន​លក្ខណៈ​ល្អ​ឯក​បែប​នេះ​ក្តី គឺ​មាន​តម្លៃ​ត្រឹមតែ​ប្រើ​ជា​ស្លាក​សញ្ញា​ស្រាបៀរ​ក្នុង​សម័យកាល​នេះ​តែប៉ុណ្ណោះ ព្រោះ​ថា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ទាំង​អរូបី និង​រូបី​របស់​កម្ពុជា ត្រូវ​បាន​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​រូបតំណាង​របស់​ក្រុមហ៊ុន​ស្រាបៀរ​ជា​ហូរហែ​សព្វថ្ងៃ​នេះ ដូចជា​ស្រាបៀរ​អង្គរ បាន​ដាក់​សញ្ញា​សម្គាល់​រូប​ប្រាសាទ​អង្គរវត្ត និង​ស្រាបៀរ​ហនុមាន ដាក់​សញ្ញា​សម្គាល់​រូប​ហនុមាន ដែល​ជា​តួអង្គ​នៃ​ល្ខោន​ខោល ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស