មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ប្រតិកម្មថា ពលរដ្ឋខ្មែរដែលសម្ដែងការឈឺចាប់ពីបរទេសជិតខាងលួចចម្លងវប្បធម៌របស់ខ្លួនជារឿងត្រឹមត្រូវហើយ ប៉ុន្តែខ្មែរក៏ត្រូវឈឺចាប់នៅពេលដែលខ្លួនមិនអាចការពារទ្រព្យសម្បត្តិជាតិរបស់ខ្លួនបាន ខណៈខ្លួនឯងកំពុងមានមោទកភាពលើវប្បធម៌បរទេស ជាជាងវប្បធម៌ និងសម្បត្តិជាតិរបស់ខ្លួនក្នុងពេលបច្ចុប្បន្ននេះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលអ្នកលេងបណ្ដាញសង្គមបាននាំគ្នាប្រតិកម្មយ៉ាងខ្លាំងទៅលើស្ថាបត្យករថៃ ដែលបានសាងសង់ប្រាសាទនៅក្នុងប្រទេសខ្លួនមានគំនូសប្លង់ដូចទៅនឹងប្រាសាទអង្គរវត្តរបស់ខ្មែរ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច បានបង្ហោះវីដេអូបកស្រាយទាក់ទិនទៅនឹងបញ្ហាដែលប្រទេសថៃ ចម្លងវប្បធម៌ពីកម្ពុជា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ថា ថៃមិនអាចចម្លងវប្បធម៌ ឬអរិយធម៌របស់កម្ពុជាធ្វើជារបស់ខ្លួនបានទេ ព្រោះថាប្រាសាទអង្គរវត្ត និងអរិយធម៌មួយចំនួនផ្សេងទៀតរបស់ខ្មែរ ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ រួចទៅហើយ ដូច្នេះអង្គការនេះក៏មានភារកិច្ចការពារវប្បធម៌ និងអរិយធម៌ឲ្យកម្ពុជាផងដែរ។
លោកអះអាងថា ទោះបីជាប្រទេសថៃ អាចសាងសង់ប្រាសាទដែលមានរូបរាងដូចអង្គរវត្តរបស់កម្ពុជាមែន ក៏គ្រាន់តែជាប្រាសាទសិប្បនិមិត្តតែប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលទេសចរបរទេសចង់មើលប្រាសាទបុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំពិតប្រាកដ ពួកគេនៅតែត្រូវទៅមើលប្រាសាទអង្គរវត្តនៅកម្ពុជាដោយផ្ទាល់ដដែល។
បណ្ឌិត សុខ ទូច បញ្ជាក់ថា ប្រសិនបើមានការរំលោភបំពានណាមួយពីប្រទេសជិតខាងលើប្រាសាទអង្គរវត្ត សម្បត្តិជាតិកម្ពុជាពិតមែននោះ កម្ពុជាអាចប្តឹងទៅកាន់អង្គការយូណេស្កូ ឬក៏អាចប្តឹងទៅតុលាការអន្តរជាតិនៅទីក្រុងឡាអេផងដែរ ដើម្បីតវ៉ាអំពីការរំលោភបំពានទាំងនោះ។ លោកថា ជាបទពិសោធន៍ កម្ពុជាក៏បានឈ្នះក្តីលើប្រាសាទព្រះវិហារពីប្រទេសថៃ ម្តងរួចមកហើយដែរ ដូច្នេះវិធីនេះអាចឲ្យកម្ពុជារកយុត្តិធម៌លើការរំលោភបំពានរបស់បរទេសមកលើខ្លួនបាន។

កាលពីដើមខែកក្កដា ឆ្នាំ២០២១ មានការប្រតិកម្មព្រោងព្រាតលើបណ្ដាញសង្គម Facebook នូវរូបភាពដែលវិស្វករថៃ បានបង្ហាញគម្រោងសាងសង់ប្រាសាទមួយដែលដូចគ្នាទៅនឹងប្រាសាទអង្គរវត្តរបស់ខ្មែរ ដែលបានសាងសង់នៅខេត្តបុរីរម្យ ប្រទេសថៃ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានសរសេរលើគណនី Facebook របស់លោកកាលពីពេលថ្មីៗនេះថា បញ្ហាអង្គរវត្តរបស់ខ្មែរ និងការលួចចម្លងរចនាបថនានាដោយប្រទេសថៃ គឺជារឿងធំទី២ ប៉ុណ្ណោះ។
លោកអះអាងថា បញ្ហាទំនាស់ផលប្រយោជន៍ពាក់ព័ន្ធមហិច្ឆតាឈ្លានពានជាប់មិនដាច់ពីប្រទេសវៀតណាម មកលើប្រទេសកម្ពុជា ក្នុងសម័យកាលដឹកនាំរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះ ទើបជារឿងធំទី១ សម្រាប់កម្ពុជា។ ដូច្នេះ រដ្ឋាភិបាលកម្ពុជាមិនត្រូវបន្តធ្វើខ្លួនដូចជាកូនង៉ាទៀតបានទេ ត្បិតប្រទេសជិតខាងកំពុងពង្រីកអំណាចក្នុងតំបន់ ទាំងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ធនធានមនុស្ស និងប្រជាសាស្ត្រ (ពលរដ្ឋ) យ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននេះ។
ក្រុមអ្នកឃ្លាំមើលសង្គមអះអាងថា ប្រាសាទអង្គរវត្តបានក្លាយជានិមិត្តរូបនៃប្រទេសកម្ពុជា ហើយក៏ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាកន្លែងបុរាណវិទ្យាដ៏សំខាន់បំផុតមួយនៅអាស៊ីផងដែរ ខណៈដែនដីភាគខាងកើតរបស់កម្ពុជា ដែលមានខ្សែព្រំដែនជាប់ជាមួយប្រទេសវៀតណាម កំពុងរងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ។

សៀវភៅស្តីអំពីព្រំដែនរបស់លោក ស៊ាន ប៉េងសែ អតីតប្រធានគណៈកម្មការព្រំដែនខ្មែរក្នុងប្រទេសបារាំង បានកត់ត្រាថា ទឹកដីកម្ពុជាមួយផ្នែកធំត្រូវធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់វៀតណាម រហូតដល់សព្វថ្ងៃនេះ ដូចជាព្រំដែនទឹកមានចម្ងាយជាង ៣ម៉ឺនគីឡូម៉ែត្រក្រឡា រួមបញ្ចូលទាំងកោះត្រល់ ទំហំ ៥៧៤គីឡូម៉ែត្រក្រឡា ដែលមានទាំងកោះក្រចកសេះ ទំហំប្រហែល ៦គីឡូម៉ែត្រក្រឡា និងការបាត់បង់ព្រំដែនគោកប្រហែលពី ៤ពាន់ ទៅ ៦ពាន់គីឡូម៉ែត្រក្រឡាថែមទៀត បន្ទាប់ពីលោក ហ៊ុន សែន បានអនុម័តសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងចុះហត្ថលេខាបន្តប្រើប្រាស់សន្ធិសញ្ញាខុសច្បាប់ផ្សេងៗជាមួយប្រទេសវៀតណាមរួចមក៕