រដ្ឋបាលខេត្តប៉ៃលិន ច្រានចោលការចែកចាយតាមបណ្ដាញសង្គម ដែលថាទាហានថៃ បានឈ្លានពានចូលកាន់កាប់ទឹកដីខ្មែរក្នុងខេត្តប៉ៃលិន កាលពីពេលថ្មីៗនេះ។
រដ្ឋបាលខេត្តប៉ៃលិន បានចេញលិខិតបដិសេធនៅថ្ងៃទី២៧ មេសា ថា រដ្ឋបាលខេត្តសូមធ្វើការបដិសេធចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសការពិតរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ កាមទេព លីមហុង ដែលបានចោទថា «ថៃ បានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន»។
ប្រភពដដែល អំពាវនាវឱ្យសាធារណជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ កុំចែករំលែក ឬផ្សព្វផ្សាយបន្តព័ត៌មានមិនពិតនេះ ដើម្បីកុំឱ្យមានការយល់ច្រឡំ ព្រោះការផ្សព្វផ្សាយនេះ គឺជាព័ត៌មានក្លែងក្លាយ ជាការបំភ័ន្ត និងគ្មានមូលដ្ឋានការពិតឡើយ។
រដ្ឋបាលខេត្តប៉ៃលិន បញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ កំពុងអនុវត្តភារកិច្ចយ៉ាងម៉ឺងម៉ាត់ក្នុងការការពារ និងរក្សាអធិបតេយ្យ បូរណភាពទឹកដី និងសន្តិសុខតាមបន្ទាត់ព្រំដែនរបស់កម្ពុជា ដោយមិនអនុញ្ញាតឱ្យមានការរំលោភបំពានណាមួយពីភាគីថៃ ឡើយ។
កាលពីថ្ងៃទី២៦ ខែមេសា ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ កាមទេព លីមហុង បានបង្ហោះរូបថតជាច្រើនសន្លឹក ក្នុងនោះមានរូបថតមួយសន្លឹកបានបង្ហាញពីអូរមួយ រួមជាមួយនឹងគ្រឿងចក្រ ព្រមទាំងកងទ័ពថៃ និងរូបថតទីតាំង ដោយគូសបញ្ជាក់ពីទីកន្លែងដែលទាហានថៃ បានចូលកាន់កាប់ក្នុងខេត្តប៉ៃលិន ថែមទៀត។
ប្រភពដដែល បញ្ជាក់ថា អូរមួយក្នុងខេត្តប៉ៃលិន ដែលជាខណ្ឌសីមាព្រំដែនជាមួយប្រទេសថៃ ពេលនេះត្រូវបានកងទ័ពថៃ ចាក់ដីលុប និងព័ទ្ធយកទាំងស្រុងហើយ ព្រមទាំងលើកទង់ជាតិថៃ នៅត្រង់ចំណុចដែលពួកគេបានចាក់ដីលុបនោះថែមទៀត។
បទឈប់បាញ់ដើម្បីបញ្ចប់សង្គ្រាមរវាងកម្ពុជា-ថៃ បានចូលជាធរមាន គិតមកទល់នឹងពេលនេះមានរយៈពេល ៤ខែគត់ ប៉ុន្តែដំណោះស្រាយលើបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ នៅតែជាប់គាំង ខណៈកម្ពុជាអះអាងថា កងទ័ពថៃ នៅបន្តឈ្លានពានកាន់កាប់ទឹកដីរបស់ខ្លួនដោយការដាក់ពង្រាយលួសបន្លា ដាក់ពង្រាយទូកុងតឺន័រ ព័ទ្ធយកផ្ទះរបស់ពលរដ្ឋខ្មែរ និងសាងសង់សំណង់រឹងមាំផ្សេងៗជាបន្តបន្ទាប់ ទោះបីជាមានបទឈប់បាញ់នេះក៏ដោយ។
ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា យ៉ាងហោចណាស់មានខេត្តខ្មែរចំនួន ៤ ដែលត្រូវទាហានថៃ ចូលឈ្លានពានកាន់កាប់ដោយខុសច្បាប់ រួមមាន ខេត្តព្រះវិហារ ខេត្តឧត្ដរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ខណៈខេត្តបីផ្សេងទៀត ដូចជា ខេត្តកោះកុង ខេត្តប៉ៃលិន និងខេត្តបាត់ដំបង មិនទាន់ត្រូវបានទាហានថៃ ចូលឈ្លានពាននៅឡើយទេ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ថា យោធាថៃ បានឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ចំនួន ១៤តំបន់ក្នុងខេត្តចំនួន ៤ រួមមាន ខេត្តបន្ទាយមានជ័យ ៣តំបន់ ខេត្តពោធិ៍សាត់ ២តំបន់ ខេត្តព្រះវិហារ ៣តំបន់ និងខេត្តឧត្ដរមានជ័យ ៦តំបន់។
អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម បណ្ឌិត មាស នី បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៧ មេសា ថា ផ្អែកទៅលើការវិវត្តនៃនយោបាយថៃ រហូតមកទល់ពេលនេះ ជាពិសេសឆ្នាំដំបូងក្នុងអាណត្តិដឹកនាំរបស់លោក អនុធីន ឆានវីរៈគុល នឹងបន្តលេងល្បែងនយោបាយឈ្លានពានទឹកដីជាមួយនឹងនយោបាយស្ងាត់តែមិនស្ងៀម ឬស្ងៀមតែមិនស្ងាត់របស់កម្ពុជា ទាំងរូបភាពយោធា និងនយោបាយការទូតទៅថ្ងៃមុខទៀត។
បណ្ឌិត មាស នី បញ្ជាក់ថា ក្នុងស្ថានភាពពេលនេះ កម្ពុជានឹងត្រូវបន្តការអត់ធ្មត់ចំពោះការឈឺចាប់ដោយការឌឺដងរបស់ថៃ យ៉ាងហោចណាស់រយៈពេល ១ឆ្នាំទៀត៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

