ក្រសួងការពារជាតិប្រទេសកម្ពុជា សម្ដែងការខកចិត្តចំពោះករណីផ្ទុះអាវុធ ៩គ្រាប់ ដែលបង្កឡើងដោយកម្លាំងយោធាថៃ ចំនួន ៥លើក នៅច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ។
ក្រសួងការពារជាតិប្រទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានសម្ដែងការខកចិត្តអំពីករណីបង្កស្នូរផ្ទុះអាវុធដោយកងទ័ពថៃ ខណៈក្រុមសេនានុព័ន្ធយោធាបរទេស (MACPP) ចុះត្រួតពិនិត្យនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ចន្លោះពីម៉ោង ១០:៣៥នាទីព្រឹក ដល់ម៉ោង ១១:០៩នាទី ចំនួន ៥លើក ដោយបញ្ជាក់ថាបានបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន ៩គ្រាប់។
ក្រសួងការពារជាតិ បញ្ជាក់ថា មុនចេញដំណើរទស្សនកិច្ចនៃក្រុមសេនានុព័ន្ធយោធាបរទេស (MACPP) លេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនភូមិភាគ (RBC) នៃយោធភូមិភាគទី៤ ប្រទេសកម្ពុជា បានចេញលិខិតជូនដំណឹងជាផ្លូវការទៅកាន់លេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនភូមិភាគ (RBC) នៃយោធភូមិភាគទី២ ថៃ រួចរាល់ហើយ។
ចំណុចនេះ អ្នកនាំពាក្យកងទ័ពថៃ ឧត្ដមសេនីយ៍ទោ វិនថៃ ស៊ុវ៉ារី បានធ្វើសេចក្តីថ្លែងការណ៍តាមបណ្ដាញសង្គម X នៅថ្ងៃទី២៩ ខែមេសា ថា ភាគីថៃ បានទទួលព័ត៌មានផ្លូវការពីភាគីខ្មែរ អំពីដំណើរទស្សនកិច្ចនៃអ្នកសង្កេតការណ៍អន្តរជាតិនោះមែន ហើយក៏បានសហការតាមដានស្ថានការណ៍តាមព្រំដែនយ៉ាងដិតដល់ ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពអនុលោមតាមបទបញ្ជាយោធា បញ្ញត្តិច្បាប់អន្តរជាតិ និងសេចក្តីប្រកាសរួមព្រមព្រៀងគ្នាកន្លងទៅ។
អ្នកនាំពាក្យយោធាថៃ ដដែល បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា នៅពេលក្រុមសេនានុព័ន្ធយោធាបរទេសទៅសង្កេតការណ៍តាមព្រំដែននៅតំបន់អូរស្មាច់ខាងទឹកដីខ្មែរ និងឆុងចមខាងទឹកដីថៃ មានយោធាខ្មែរព្យាយាមចូលទៅជិតរនាំងលួសបន្លា ដែលយោធាថៃ បានរាយឃាំងពីគ្រាមុន។ យោធាថៃ នៃយោធភូមិភាគទី២ បានបាញ់គ្រាប់កាំជ្រួចភ្លើងហៅជាភាសាអង់គ្លេសថា shellcracker ឬ pyrotechnics ដែលជាគ្រាប់បង្កស្នូរផ្ទុះបង្អើល ដើម្បីព្រមានបន្ទច់ដំណើរទាហានខ្មែរកុំឱ្យចូលជិតទៅលួសបន្លាតាមព្រំដែននោះតទៅទៀត។
យោធាថៃ និយាយថា សកម្មភាពយោធាខ្មែរធ្វើដូច្នោះ គឺដូចជាចង់ជន្លឱ្យយោធាថៃ តដៃ ហើយចោទថាថៃ ប្រើអំពើហិង្សារំលោភកិច្ចព្រមព្រៀង។
កាលពីសប្តាហ៍មុន កាសែតបាងកកប៉ុស្តិ៍ ផ្សាយកាលពីថ្ងៃអង្គារ ទី២១ ខែមេសា ស្រង់សេចក្តីរាយការណ៍ពីយោធាថៃ ថាភាគីខ្មែរបានពង្រាយទាហានប៉ុន្មានថ្ងៃមុននៅតំបន់ទល់មុខភូមិបានណងចាន់ និងឃុំណងម៉ាក់មឿន ស្រុកគោកស៊ូង តាមបណ្តោយផ្លូវក៥ ដោយមានជីកលេណដ្ឋានផង។
តាមកាសែតដដែល យោធាថៃ បានសង្កេតឃើញមានសកម្មភាពចល័តទ័ពនៅភូមិទល់មុខបានណងចាន់ និងបានណងយ៉ាកែវ ដែលគេថាយោធាបានដណ្តើមយកទៅកាន់កាប់វិញក្នុងរយៈពេលមានជម្លោះព្រំដែនប្រដាប់អាវុធកន្លងទៅនោះ។
ទោះជាយ៉ាងណាក្ដី ទាក់ទងនឹងករណីចោទគ្នាទៅវិញទៅមកនេះ ក្រសួងការពារជាតិប្រទេសកម្ពុជា គូសបញ្ជាក់ថា ហេតុការណ៍ថ្មីនេះ គឺផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់គ្នា និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នាដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងភាពស្ងប់ស្ងាត់នៅតាមបណ្តោយព្រំដែនយ៉ាងធ្ងន់ធ្ងរ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា អះអាងនៅថ្ងៃទី២៩ មេសា ថា ភាគីកម្ពុជាប្ដេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមពីកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) សេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ រួមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ ប្រទេសកម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ហើយការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្ដេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់។
ទាក់ទងនឹងតំបន់អូរស្មាច់ ដែលបង្កឱ្យមានការចោទគ្នាទៅវិញទៅមកនោះ យោធាថៃ បានឃាត់ខ្លួនជនជាតិយៀកណាម ជាង ១០នាក់ ហើយបញ្ជូនទៅឱ្យប៉ូលិសនៅក្បែរច្រកឆងសាង៉ាំ ខេត្តស៊ីសាកេត ខាងថៃ ជាប់ខេត្តឧត្ដរមានជ័យ ខាងខ្មែរ បន្ទាប់ពីពួកគេរត់គេចខ្លួនពីមណ្ឌលឆបោកអូរស្មាច់ ចម្ងាយប្រមាណ ៣០០ម៉ែត្រពីច្រកឆងចម ខាងថៃ។
តាមការបញ្ជាក់ពីតម្រួតថៃ ជនជាតិយៀកណាម ទាំងនោះ មានជំនាញខាងព័ត៌មានវិទ្យា (IT) ហើយត្រូវបានក្រុមមេឆបោកល្បួងឱ្យទៅធ្វើការក្នុងមណ្ឌលឆបោកស្រុកខ្មែរ ដោយសន្យាថាឱ្យបៀវត្សមួយខែ ៤០លានដុង ឬ ៥០០០០បាត ឬជាង ១៥០០ដុល្លារ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

