35 C
Phnom Penh

គ.ជ.ប រង​ការ​រិះគន់​ដែល​មិន​ចាត់​វិធានការ​លើ​លោក ខាន់ ចាន់សុផល សកម្មជន​បក្ស​កាន់​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន​ចេញ​ប្រតិកម្ម​រិះគន់​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដែល​ប្រកាស​មិន​ចាត់​វិធានការ​ទៅ​លើ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ខាន់ ចាន់សុផល ទោះបី​បុគ្គល​រូប​នេះ​បាន​បំភ័យ និង​បង្ខំ​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​ក៏ដោយ។

បើ​តាម​ហ្វេសប៊ុក​ឈ្មោះ Sovan Ran បាន​សរសេរ​រិះគន់​ថា អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ខុស ហើយ​សុំទោស​វិញ ពួកគេ​រួច​ពី​សំណាញ់​ច្បាប់ ប៉ុន្តែ​បើ​អ្នក​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ពួកគេ​ជៀស​មិន​ផុត​ពី​ការ​ជាប់​គុក និង​ការ​ពិន័យ​ជា​ប្រាក់​នោះ​ទេ។

សកម្មជន​ការពារ​សិទ្ធិមនុស្ស លោក សាន់ ម៉ាឡា បង្ហាញ​ការ​ហួសចិត្ត​ក្រោយពី​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ឆ្លើយតប​ថា ឝ.ជ.ប មិន​ចាត់​វិធានការ​ច្បាប់​លើ​លោក ខាន់ ចាន់សុផល បាន​លុប​វីដេអូ​ចោល និង​សុំទោស​ជា​សាធារណៈ​រួចហើយ។ លោក​ចាត់ទុក​ការ​អនុវត្ត​ច្បាប់​របស់ គ.ជ.ប ថា​មាន​ស្តង់ដារ​ពីរ។

ចំណែក​សកម្មជន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក អាន វិចិត្រ បាន​សរសេរ​លើ​ហ្វេសប៊ុក​ដែរ​ថា ទោះបី​ច្បាប់​គឺជា​ច្បាប់​ក៏ដោយ ប៉ុន្តែ​លោក​ថា​ច្បាប់​នេះ​មិន​បាន​អនុវត្ត​ទៅ​លើ​បក្សពួក​ក្រុម​ខ្លួន​វិញ​នោះ​ទេ ខណៈ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សេងៗ​ទៀត​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ស្រដៀង​គ្នា​ដែរ ដោយ​ចាត់ទុក​ការ​អនុវត្ត​ច្បាប់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មិន​ឯករាជ្យ ស្ថិត​ក្រោម​ឥទ្ធិពល​គណបក្ស​ប្រជាជន​កម្ពុជា។

ការ​ចេញ​រិះគន់​របស់​ប្រជាពលរដ្ឋ និង​សកម្មជន​នយោបាយ​នេះ ក្រោយពី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន បាន​លុប​ឈ្មោះ​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​ប្រឆាំង រួម​ទាំង​អ្នកវិភាគ​សរុប​ជាង ៣០​អង្គ/នាក់​ចេញពី​បញ្ជី​បោះឆ្នោត​រយៈពេល​ចន្លោះ​ពី ២០​ឆ្នាំ ២៥​ឆ្នាំ និង​ពិន័យ​ម្នាក់ ១០​លាន​រៀល​ក្រោម​ការ​ចោទប្រកាន់​ថា​ញុះញង់​បំផ្លាញ​សន្លឹកឆ្នោត​ចោល។

ចំណែក​សកម្មជន​នយោបាយ​របស់​បក្ស​កាន់​អំណាច​លោក ខាន់ ចាន់សុផល ដែល​បាន​ចេញ​វីដេអូ​មួយ​កាលពី​ថ្ងៃទី​២០ ខែ​កក្កដា នេះ ដោយ​ព្រមាន​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នឹង​ធ្វើ​កោសល្យវិច័យ​ស្នាម​ក្រយៅដៃ​លើ​សន្លឹកឆ្នោត​ដែល​ត្រូវ​បាន​គូស​ខ្វែង​ចោល និង​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ មន្ត្រី​រាជការ និង​កម្មករ​និយោជិត​បញ្ជូន​ទៅ​ឱ្យ​អង្គភាព​របស់​ពួកគេ​ដើម្បី​ដាក់​ពិន័យ។

សកម្មជន​នយោបាយ​របស់​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា អ្នក​ដែល​គូស​ខ្វែង​សន្លឹកឆ្នោត និង​អ្នក​ដែល​មិន​ទៅ​បោះឆ្នោត នឹង​មាន​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​ទៅ​ថ្ងៃ​មុខ ដោយសារតែ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គ្រួសារ​លោក ហ៊ុន សែន នឹង​ធ្វើ​ការ​ផាក​ពិន័យ និង​ចាត់​វិធានការ​ច្បាប់​ដោយ​ដាក់​ទណ្ឌកម្ម​នានា​ទៅ​លើ​អ្នក​ដែល​មិន​ទៅ​បោះឆ្នោត​ទាំងនោះ។

ទណ្ឌកម្ម​ដែល​លោក ខាន់ ចាន់សុផល និយាយ​បំភ័យ​ប្រជាពលរដ្ឋ​ដើម្បី​បង្ខំ​ឲ្យ​ទៅ​បោះឆ្នោត​នោះ ដូចជា​ការ​ធ្វើ​ប្លង់​ដី​សម្គាល់​ម្ចាស់​កម្មសិទ្ធិ ឬ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ​ទៅ​បរទេស ជាដើម។

ទោះបីជា​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា លោក ខាន់ ចាន់សុផល លើកឡើង​ដូច្នេះ​ក៏ដោយ ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៤ ខែ​កក្កដា នេះ​បាន​ប្រកាស​មិន​ចាត់​វិធានការ​ច្បាប់​ទៅ​លើ​លោក ខាន់ ចាន់សុផល ក្រោម​លេស​ថា លោក ខាន់ ចាន់សុផល បាន​សុំទោស​ជា​សាធារណៈ និង​ដក​ពាក្យពេចន៍​ដែល​បាន​និយាយ​លើ​ហ្វេសប៊ុក​ចេញ​វិញ។

បើ​តាម​កម្មករ និង​ប្រជាពលរដ្ឋ​ដែល​ទៅ​បោះឆ្នោត បាន​លើកឡើង​ប្រហាក់ប្រហែល​គ្នា​ថា ពួកគេ​ទៅ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ទាំង​បង្ខំ ដោយ​បារម្ភ​ខ្លាច​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​គ្រួសារ និង​ពួកគេ ខណៈ​អាជ្ញាធរ​ភូមិ​ឃុំ បាន​នាំ​ដើរ​ស្រង់​ឈ្មោះ និង​ឃ្លាំមើល​ពលរដ្ឋ​ណា​ខ្លះ​ទៅ​បោះឆ្នោត។ ចំណែក​អ្នក​ខ្លះ​បង្ខំ​ចិត្ត​ទៅ​បោះឆ្នោត ទោះបីជា​មិន​មាន​គណបក្ស​នយោបាយ​ដែល​ពួកគេ​ពេញចិត្ត។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស បាន​ប្រាប់​សារព័ត៌មាន​ថា ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាលពី​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា អង្គការ​ខុមហ្វ្រែល​បាន​រក​ឃើញ​ថា ភាព​មិន​ប្រក្រតី​មួយ​ចំនួន ក្នុង​នោះ​មាន​វត្តមាន​របស់​អាជ្ញាធរ និង​ភ្នាក់ងារ​សង្កេតការណ៍​នានា​ដែល​បាន​កត់​ឈ្មោះ​អ្នក​ទៅ​បោះឆ្នោត និង​ការ​មិន​បិទ​កំណត់ហេតុ​លទ្ធផល​បោះឆ្នោត​តាម​ទម្រង់ ១១០២ ឱ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ដែល​បាន​ណែនាំ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស