សកម្មជនបរិស្ថាន ស្នើឲ្យរដ្ឋមន្ត្រីថ្មីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រះរការ ក្រោយពីរកឃើញថា ការកាប់បំផ្លាញឈើក្នុងតំបន់ការពារមួយនេះនៅតែបន្តកើតឡើង។
នៅក្នុងវីដេអូឃ្លីបជាង ៥នាទីដែលបានចុះល្បាតកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ សកម្មជនការពារសិទ្ធិមនុស្ស និងបរិស្ថាន លោក សាន់ ម៉ាឡា រកឃើញថា ជនខិលខូចបានកាប់រំលំដើមស្ទៀងដែលមានទំហំមុខកាត់កន្លះម៉ែត្រ។ លោកបន្តថា ឈើប្រភេទនេះជាប្រភេទឈើកម្រ និងមានតម្លៃនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ខណៈឈើបេង និងក្រញូង ជាដើម មិនមាននៅកម្ពុជាទៀតនោះទេ ដោយសារមានការកាប់បំផ្លាញស្ទើររៀងរាល់ថ្ងៃ។
លោកសោកស្តាយ ប្រសិនបើសកម្មភាពនៃការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារនៅតែបន្តកើតមានឡើង ទោះបីជាការកាប់នេះធ្វើឡើងម្ដងមួយៗក៏ដោយ វានឹងធ្វើឲ្យព្រៃឈើវិនាសនាពេលខាងមុខ បើរដ្ឋមន្ត្រីថ្មីក្រសួងបរិស្ថានមិនមានវិធានការទប់ស្កាត់ទេនោះ។
លើសពីនេះ លោកសង្កេតឃើញថា ត្បិតតែដែនជម្រកសត្វព្រៃមួយចំនួនត្រូវបានពង្រីកទំហំឲ្យធំជាងមុនក៏ដោយ ប៉ុន្តែដែនជម្រកដែលសម្បូរធនធានធម្មជាតិទៀត ត្រូវបានកាត់ចេញពីតំបន់ការពារដើម្បីប្រគល់ទៅឲ្យវិស័យឯកជនធ្វើការអភិវឌ្ឍ ដោយមិនបានគិតពីផលប៉ះពាល់ និងសំណើរបស់ពលរដ្ឋ។
សកម្មជនបរិស្ថានរូបនេះចាត់ទុកការអភិវឌ្ឍដោយបំផ្លាញធនធានធម្មជាតិ ថាជាការអភិវឌ្ឍមិនមានភាពឆ្លាតវៃ និងឆ្លុះបញ្ចាំងឲ្យឃើញថា រដ្ឋាភិបាលកំពុងតែបែងចែកសម្បត្តិជាតិទៅចែកគ្នាស៊ី ធ្វើមានបានដោយខ្លួនឯង ដោយមិនគិតពីផលប្រយោជន៍ប្រទេសជាតិ និងពលរដ្ឋដែលអាស្រ័យផលពីធនធានធម្មជាតិផងដែរ។

លោក សាន់ ម៉ាឡា សង្កេតឃើញថា រដ្ឋាភិបាលដែលទើបឡើងថ្មីបច្ចុប្បន្ននេះបាននាំគ្នាអួតពីសញ្ញាបត្រ និងគោរមងាររបស់ខ្លួន ប៉ុន្តែចំពោះស្នាដៃដោះស្រាយបញ្ហាជាតិជាក់ស្ដែងនោះ មិនទាន់ឃើញមាននៅឡើយ។
លោកអំពាវនាវទៅរដ្ឋមន្ត្រីថ្មីនៃក្រសួងបរិស្ថាន ឲ្យចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រៃព្រះរការ ដើម្បីបង្ហាញពីស្នាដៃ និងត្រូវតែបើកទូលាយឲ្យសាធារណជន ជាពិសេសសហគមន៍មូលដ្ឋានដែលជាអ្នកការពារព្រៃឈើតាំងពីដូនតារបស់ពួកគាត់មក អាចចុះល្បាតការពារព្រៃឈើបានដូចដើមឡើងវិញ។
លោកថា បច្ចុប្បន្នបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ នៅបន្តកើតមានឡើង ខណៈរដ្ឋាភិបាលបន្តរឹតត្បិតសិទ្ធិសេរីភាពរបស់សហគមន៍មូលដ្ឋាន និងអ្នកការពារព្រៃឈើមិនឲ្យធ្វើការចុះល្បាត។
សារព័ត៌មាន The Cambodia Daily មិនអាចសុំការអត្ថាធិប្បាយពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត និងអ្នកនាំពាក្យក្រសួងបរិស្ថានបាននៅឡើយទេ។
រាជរដ្ឋាភិបាលបានដាក់បញ្ចូលព្រៃព្រះរការ ដែលមានទំហំជិត ១០ម៉ឺនហិកតារជាតំបន់ដែនជម្រកសត្វព្រៃកាលពីឆ្នាំ២០១៦។ ព្រៃអភិរក្សមួយនេះគ្របដណ្ដប់លើភូមិសាស្ត្រប្រជុំស្រុកចំនួន៣ រួមមានស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តព្រះវិហារ។
ទោះបីរដ្ឋាភិបាលដាក់បញ្ចូលព្រៃព្រះរការក្នុងតំបន់ការពារក៏ដោយ ប៉ុន្តែដែនជម្រកនេះត្រូវបានសកម្មជនបរិស្ថាន និងសហគមន៍អះអាងថា ការកាប់បំផ្លាញព្រៃឈើកំពុងកើតឡើងរាល់ថ្ងៃ ដោយគ្មានការទប់ស្កាត់ពីសំណាក់មន្ត្រីជំនាញបរិស្ថាន។
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍ដោយបង្ហាញថា ក្នុងឆ្នាំ២០២១ ព្រៃឈើជាង ៦ពាន់ហិកតារនៅតំបន់ជម្រកសត្វព្រៃ «ព្រៃឡង់» និង «ព្រៃព្រះរការ» ត្រូវបានកាប់បំផ្លាញដោយមានការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ។
ទំហំនៃការបាត់បង់ផ្ទៃដីព្រៃឈើនៅតំបន់ការពារទាំងពីរនេះ អង្គការលើកលែងទោសអន្តរជាតិអះអាងថា មានទំហំស្មើនឹងទីលាន ឬតារាងបាល់ទាត់ចំនួនជិត ១ម៉ឺនកន្លែងឯណោះ (៨៧៨៤ទីតាំង)៕