អាមេរិក និងចក្រភពអង់គ្លេស សម្រេចជម្លៀសបុគ្គលិកស្ថានទូតរបស់ខ្លួន ហើយបញ្ជូនកងទ័ពទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួន ខណៈពួកតាលីបង់ ដណ្ដើមបានទីក្រុង Kandahar និងទីក្រុង Herat ដែលជាទីក្រុងធំលំដាប់ទី២ និងទី៣ របស់ប្រទេសអាហ្វហ្គានីស្ថាន។
ក្រុមតាលីបង់ ចាប់ផ្ដើមដណ្ដើមស្រុក និងតំបន់ជាច្រើនពីកងទ័ពរដ្ឋាភិបាលចាប់តាំងពីការវាយលុកទ្រង់ទ្រាយធំកាលពីខែឧសភា ទន្ទឹមអាមេរិក និងសម្ពន្ធមិត្ត ចាប់ផ្ដើមដកទ័ពរបស់ខ្លួនពីទឹកដីអាស៊ីកណ្ដាលមួយនេះ។
ក្នុងស្ថានការណ៍វិវឌ្ឍដ៏ព្រួយបារម្ភនេះ មន្ទីរប៉ង់តាហ្គោន បានបញ្ជូនកងទ័ពប្រហែល ៣ពាន់នាក់ក្នុងរយៈពេល ៤៨ម៉ោងទៅអាហ្វហ្គានីស្ថាន ដើម្បីជួយជម្លៀសបុគ្គលិកស្ថានទូតរបស់ប្រទេសនេះដែលស្ថិតនៅរដ្ឋធានីកាប៊ុល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែសីហា។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Ned Price បាននិយាយថា នៅក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ អាមេរិកនឹងរក្សាទុកតែបុគ្គលិកស្នូលនៅអាហ្វហ្គានីស្ថាន ហើយស្ថានទូតនឹងមិនបិទនោះទេ។ ជាមួយគ្នានេះ ក្រសួងការបរទេសអាមេរិក ក៏បានសន្យាបង្កើនល្បឿនផ្ដល់ទិដ្ឋាការអន្តោប្រវេសន៍ពិសេសសម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន ដែលបានជួយយោធាអាមេរិកនៅអាហ្វហ្គានីស្ថាន ជាង ២០ឆ្នាំមកនេះ។
ស្របពេលជាមួយគ្នានេះ ចក្រភពអង់គ្លេស បានឱ្យដឹងថា នឹងដាក់ពង្រាយកងទ័ពប្រហែល ៦០០នាក់ដើម្បីជម្លៀសបុគ្គលិកស្ថានទូត ប្រជាជនរបស់ខ្លួន និងអ្នកបកប្រែចេញពីអាហ្វហ្គានីស្ថាន ប៉ុន្តែស្ថានទូតអង់គ្លេសបញ្ជាក់ថា ឯកអគ្គរាជទូត Laurie Bristow នឹងបន្តនៅទីក្រុងកាប៊ុល រហូតដល់មានការស្នើឱ្យចាកចេញ។
ស្របពេលស្ថានការណ៍កាន់តែអាក្រក់ រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Bliken និងរដ្ឋមន្ត្រីការពារជាតិ Lloyd Austin បានពិភាក្សាកាលពីថ្ងៃទី១២ ខែសីហា ជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani។ ក្រោយពីជំនួបនេះ រដ្ឋមន្ត្រីអាមេរិកទាំងពីររូបនេះប្រាប់អ្នកសារព័ត៌មានថា អាមេរិកនឹងនៅតែជួយការពារសន្តិសុខ និងស្ថិរភាពរបស់អាហ្វហ្គានីស្ថាន។
ប្រេសិតអាមេរិក ចិន និងប្រទេសដទៃទៀត បានជួបប្រជុំគ្នានៅប្រទេសកាតារ កាលពីថ្ងៃទី១២ សីហា ដោយបានចរចាជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងតំណាងតាលីបង់។ ប្រេសិតទាំងនោះបានទទូចឱ្យបញ្ឈប់អំពើហិង្សា និងការវាយប្រហារដើម្បីដណ្ដើមខេត្ត និងទីក្រុងដទៃទៀត ហើយជំរុញឱ្យភាគីទាំងពីរចាត់វិធានការនានាដើម្បីឈានដល់បទឈប់បាញ់គ្នា។
តែបែបណា ក្រុមតាលីបង់ មិនបានយល់ស្របឡើយ ខណៈក្រុមនេះកំពុងវាយកាន់កាប់បានសមរភូមិជាច្រើនថែមទៀត។
មុនកាន់កាប់បានក្រុងធំពីរនេះ គឺក្រុមតាលីបង់ បានកាន់កាប់ទីក្រុង Ghazni ដែលមានចម្ងាយត្រឹមតែ ១៥០គីឡូម៉ែត្រពីរដ្ឋធានីកាប៊ុល។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក ធ្លាប់ព្រមានថា ពួកតាលីបង់ អាចវាយចូលដល់រដ្ឋធានីកាប៊ុល ក្នុងរយៈពេល ២ ឬ ៣សប្ដាហ៍ទៀតនេះ។ ប៉ុន្តែចារកម្មអាមេរិកថា ពួកតាលីបង់អាចគ្រប់គ្រងរដ្ឋធានីនេះបានក្នុងរយៈពេល ៩០ថ្ងៃតែប៉ុណ្ណោះ គឺអាចត្រូវវាយរុញច្រានត្រឡប់ទៅវិញ។
ពីប្រទេសអាល្លឺម៉ង់ ឯណោះវិញ ប្រទេសនេះប្រកាសថា នឹងមិនផ្តល់ឲ្យអាហ្វហ្គានីស្ថាន សូម្បីតែមួយកាក់អឺរ៉ូ ប្រសិនបើក្រុមតាលីបង់ ឡើងកាន់អំណាច។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Heiko Maas បានប្រកាសថា ប្រទេសរបស់លោកនឹងកាត់ផ្ដាច់ជំនួយសម្រាប់ប្រទេសអាហ្វហ្គានីស្ថានទាំងស្រុង ប្រសិនបើក្រុមតាលីបង់ឡើងកាន់អំណាចបាននោះ។
សារព័ត៌មាន DW បានដកស្រង់សម្ដីលោក Heiko Maas ចុះផ្សាយថា អាល្លឺម៉ង់នឹងមិនផ្តល់ឲ្យអាហ្វហ្គានីស្ថាន សូម្បីតែមួយកាក់អឺរ៉ូ នៅពេលដែលក្រុមតាលីបង់ឡើងដណ្ដើមអំណាច ហើយប្តូរប្រទេសអាស៊ីកណ្ដាលមួយនេះទៅជាប្រទេសអ៊ីស្លាមឡើងវិញនោះ។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់រូបនេះក៏បានព្រមានទុកជាមុនផងដែរថា នឹងគ្មានជំនួយពីអន្តរជាតិ គឺរបបតាលីបង់ នៅអាហ្វហ្គានីស្ថាន នឹងត្រូវដួលរលំ។
អាល្លឺម៉ង់ជាម្ចាស់ជំនួយធំមួយផងដែរទៅកាន់រដ្ឋាភិបាលអាហ្វហ្គានីស្ថានបច្ចុប្បន្ន ដែលកំពុងគាំទ្រដោយលោកខាងលិច និងអង្គការសហប្រជាជាតិ។
សម្រាប់ជំនួយរបស់អាល្លឺម៉ង់ដល់អាហ្វហ្គានីស្ថាន មានទឹកប្រាក់សរុប ៥០៥លានដុល្លារអាមេរិករយៈពេល ២០ឆ្នាំមកនេះ។ ថ្មីៗនេះ អាល្លឺម៉ង់បានសន្យាថានឹងផ្តល់ជំនួយរហូតដល់ឆ្នាំ២០២៤។
សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តបានដកទ័ពចេញទាំងស្រុងដែលនឹងត្រូវសម្រេចបិទបញ្ចប់នៅចុងខែសីហា នេះ តែខណៈនេះក្រុមប្រយុទ្ធតាលីបង់កំពុងប្រឹងប្រែងកាន់កាប់ទឹកដីកាន់តែច្រើនឡើងៗ ដែលមានការព្រមានថា ក្រុមនេះនឹងឈានទៅផ្តួលរំលំរដ្ឋាភិបាលទីក្រុងកាប៊ុលក្នុងពេលឆាប់ៗនេះ។
តើពួកតាលីបង់ជានរណា?
ក្រុមតាលីបង់ត្រូវបានកំណត់ថាជាក្រុមភេរវកម្មតំបន់ដ៏គ្រោះថ្នាក់បំផុត។ បន្ទាប់ពីការពង្រឹងកម្លាំងរបស់ពួកគេនៅភាគខាងត្បូងអាហ្វហ្គានីស្ថាន គឺក្រុមនេះដណ្តើមបានខេត្តមួយចំនួនក្នុងសង្គ្រាមស៊ីវិលពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលគាំទ្រដោយសហភាពសូវៀត ហើយពួកតាលីបង់បានផ្តួលរំលំរដ្ឋាភិបាលនេះនៅឆ្នាំ១៩៩២។ ក្រុមនេះកាន់អំណាចបានក្នុងការប្រយុទ្ធគ្នាក្នុងសង្គ្រាមស៊ីវិល ហើយចុងក្រោយ សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តណាតូ បានលើកទ័ពផ្តួលរំលំរបបតាលីបង់នេះនៅឆ្នាំ២០០១៕