37 C
Phnom Penh

ពួក​ឧទ្ទាម​តាលីបង់​ប្រកាស​បញ្ចប់​សង្គ្រាម​ក្រោយ​ពី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​គាំទ្រ​ដោយ​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មក​ដល់​នាទី​ចុងក្រោយ​នេះ រដ្ឋាភិបាល​ទីក្រុង​កាប៊ុល ដែល​គាំទ្រ​ដោយ​លោក​ខាងលិច និង​សហរដ្ឋ​អាមេរិក ត្រូវ​បាន​កងទ័ព​ឧទ្ទាម​តាលីបង់ វាយ​ដួល​រំលំ​ដណ្ដើម​អំណាច​បាន​ហើយ។

ក្នុង​ស្ថានភាព​ដែល​កងទ័ព​ឧទ្ទាម​នេះ​ចូល​កាន់កាប់​រដ្ឋធានី​កាប៊ុល​បាន​ទាំងស្រុង​កាលពី​យប់​ថ្ងៃ​អាទិត្យ ទី​១៥ សីហា គឺ​កង​កម្លាំង​ឧទ្ទាម​នេះ​បាន​ប្រកាស​បិទ​បញ្ចប់​សង្គ្រាម​នៅ​ទូទាំង​ប្រទេស​ដោយ​សន្យា​ថា​ធ្វើ​ឲ្យ​ប្រទេស​អាហ្វហ្គានីស្ថាន​មាន​សន្តិភាព​ឡើងវិញ។

អ្នក​នាំពាក្យ​ការិយាល័យ​នយោបាយ​តាលីបង់ លោក Mohammad Naeem បាន​បញ្ជាក់​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ថា ការ​ប្រយុទ្ធ​ដើម្បី​សេរីភាព និង​ទឹកដី​របស់​រដ្ឋ​ឥស្លាម​បាន​បិទ​បញ្ចប់​ហើយ។ តាម​មន្ត្រី​តាលីបង់​រូប​នេះ កងទ័ព​តាលីបង់​ប្រកាស​ឱ្យ​ជន​ស៊ីវិល និង​កងទ័ព​របស់​រដ្ឋាភិបាល​ចាញ់​សង្គ្រាម ត្រូវ​ប្រគល់​អាវុធ​មក​ឱ្យ​រដ្ឋាភិបាល​ថ្មី ដោយ​សន្យា​ថា​នឹង​មិន​ធ្វើ​ទុក្ខបុកម្នេញ​អ្វី​ឡើយ ហើយ​ធានា​ថា​ការ​ដឹកនាំ​នៃ​របប​តាលីបង់​ថ្មី​នេះ​នឹង​មាន​សុវត្ថិភាព។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែ​សីហា ពួក​តាលីបង់ បាន​វាយ​កាន់កាប់​រដ្ឋធានី​កាប៊ុល​បាន​យ៉ាង​ងាយ និង​គ្រប់គ្រង​បាន​ទាំងស្រុង​ដោយ​ពុំ​មាន​ការ​បាញ់​តដៃ​ពី​កងទ័ព​នៃ​រដ្ឋាភិបាល​ចាញ់​សង្គ្រាម​នោះ​ទេ ដោយ​ពួក​តាលីបង់ បាន​រឹបអូស​ឃ្លាំង​អាវុធ​ជាច្រើន​កន្លែង​នៅ​ក្រុង​កាប៊ុល។ មន្ត្រី​តាលីបង់​បញ្ជាក់​ថា ប្រជាជន​មិន​ត្រូវ​មាន​អាវុធ​ក្នុង​ផ្ទះ​ទេ គឺ​មិន​ដូច​មុន​ទេ ព្រោះ​ពេលនេះ​រដ្ឋាភិបាល​ថ្មី​ធានា​នូវ​សុវត្ថិភាព​ជូន​បាន​ហើយ។

តែ​យ៉ាងណា មុន​ការ​កាន់កាប់​បាន​ទាំងស្រុង រដ្ឋធានី​កាប៊ុល​គឺ​យ៉ាងហោចណាស់​មាន​ការ​ចរចា​មួយ​កើតឡើង​រវាង​ប្រធានាធិបតី អាស្រាហ្វ ហ្កានី ជាមួយ​មេដឹកនាំ​តាលីបង់​នៅ​វិមាន​ប្រធានាធិបតី។ ក្នុង​ការ​ចរចា​នេះ​ហើយ​ដែល​មើល​ទៅ​លោក អាស្រាហ្វ ហ្កានី បាន​ស្នើ​ទៅ​តាលីបង់​កុំ​ផ្ទុះ​អាវុធ ហើយ​លោក​សន្យា​ប្រកាស​ផ្ទេរ​អំណាច និង​ប្រគល់​វិមាន​ប្រធានាធិបតី​ឲ្យ​មេដឹកនាំ​តាលីបង់។ ក្នុង​ហេតុផល​នេះ បាន​នាំ​ឱ្យ​លោក​ប្រធានាធិបតី​ចាញ់​សង្គ្រាម មាន​ឱកាស​បាន​ភៀស​ខ្លួន​ចេញពី​ប្រទេស​ដោយ​បាន​លួច​ចាកចេញ​ស្ងាត់ៗ​ពី​ទីក្រុង​កាប៊ុល។

ជាមួយ​គ្នា​នេះ អនុប្រធានាធិបតី​អាហ្វហ្គានីស្ថាន អាប់ឌុឡា អាប់ឌុឡា ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាន់ខ្ពស់​អាហ្វហ្គានីស្ថាន​សម្រាប់​ការ​ចរចា​ជាមួយ​តាលីបង់ បញ្ជាក់​នៅ​ក្នុង​វីដេអូ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា លោក​ប្រធានាធិបតី ហ្កានី និង​រូប​លោក​បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​អាហ្វហ្គានីស្ថាន​ហើយ។

លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន បាន​ចាកចេញ​ពី​ក្រុង​កាប៊ុល សំដៅ​ទៅ​ប្រទេស​តាហ្ស៊ីគីស្ថាន (Tajikistan)។ ការ​រត់​ចោល​ប្រទេស​បែប​នេះ មាន​ន័យ​ថា រដ្ឋាភិបាល​របស់​លោក អាស្រាហ្វ ហ្កានី ត្រូវ​បាន​វាយ​ដួល​រំលំ​ហើយ។

ក្រុម​តាលីបង់​ដែល​ប្រកាស​ដណ្តើម​បាន​អំណាច​ទាំងស្រុង​នៅ​អាហ្វហ្គានីស្ថាន សន្យា​ថា​របប​របស់​ខ្លួន​នឹង​គោរព​សិទ្ធិមនុស្ស គោរព​សិទ្ធិ​ស្ត្រី អ្នកកាសែត និង​គោរព​មន្ត្រី​ទូត​បរទេស​ទាំងអស់​ដោយ​មិន​មាន​គំនុំ​សងសឹក​អ្វី​ឡើយ។

ប្រទេស​ជាច្រើន​បាន​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​គោរព និង​សម្របសម្រួល​ការ​ចាកចេញ​របស់​ជនបរទេស និង​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​ចង់​ចាកចេញ។

ប្រទេស​ចំនួន​៦០ ត្រូវ​បាន​រាយការណ៍​ថា​បាន​អំពាវនាវ​ឱ្យ​រាល់​ប្រទេស​ជិតខាង​ទាំងអស់​ជួយ​សម្រួល​ការ​ភៀស​ខ្លួន​របស់​ប្រជាជន​អាហ្វហ្គានីស្ថាន​ផង​ដែរ។ សេចក្តី​ថ្លែងការណ៍​នោះ​បាន​សង្កត់​ធ្ងន់​ថា អ្នក​ដែល​មាន​អំណាច និង​សិទ្ធិ​អំណាច​នៅ​ទូទាំង​ប្រទេស​អាហ្វហ្គានីស្ថាន ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ការពារ​ជីវិត​មនុស្ស ទ្រព្យសម្បត្តិ និង​ការ​ស្ដារ​ឡើងវិញ​ភ្លាមៗ​នូវ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ស៊ីវិល ហើយ​ផ្លូវថ្នល់ ព្រលាន​យន្តហោះ និង​ការ​ឆ្លងកាត់​ព្រំដែន​ត្រូវតែ​នៅតែ​បើកចំហ ហើយ​ភាព​ស្ងប់ស្ងាត់​ត្រូវតែ​រក្សា។

លោក Suhail Shaheen អ្នក​នាំពាក្យ និង​ជា​អ្នក​ចរចា​តាលីបង់ បាន​ប្រាប់​សារព័ត៌មាន The Associated Press ថា ពួក​តាលីបង់ នឹង​ធ្វើ​កិច្ច​ចរចា​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ​ក្នុង​គោលបំណង​បង្កើត​រដ្ឋាភិបាល​អ៊ីស្លាម​ដោយ​បើកចំហ​រួបរួម​គ្នា។

ដោយ​ភ័យខ្លាច​ថា​ពួក​តាលីបង់​អាច​បង្កើត​ឡើងវិញ​នូវ​ច្បាប់​ឃោរឃៅ លុប​បំបាត់​សិទ្ធិ​ស្ត្រី គេ​ក៏​ឃើញ​ប្រជាជន​អាហ្វហ្គានីស្ថាន​បាន​ប្រញាប់ប្រញាល់​ចាកចេញ​ពី​ប្រទេស​ដោយ​តម្រង់​ជួរ​នៅ​ម៉ាស៊ីន​គិត​លុយ ដើម្បី​ដកប្រាក់​របស់​ពួកគេ ហើយ​ចូល​ទៅកាន់​ព្រលាន​យន្តហោះ​ដើម្បី​ទទួល​បាន​ការ​ការពារ​ដោយ​កងទ័ព ៦​ពាន់​នាក់​របស់​សហរដ្ឋ​អាមេរិក ហើយ​អ្នក​ខ្លះ​បាន​រត់​ឡើង​យន្តហោះ​ដោយ​សេចក្ដី​ភិតភ័យ​ក្រៃលែង។

ជន​ក្រីក្រ​ដែល​អស់សង្ឃឹម​ខ្លះ​មិន​បាន​ចាកចេញ​ពី​ប្រទេស​របស់​ពួកគេ​ទេ។ ពួកគេ​បួងសួង​សុំ​សេចក្ដី​សុខ​នៃ​ការ​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​អំណាច​របស់​តាលីបង់។

នៅ​ទីក្រុង​កាប៊ុល មន្ត្រី​របស់​អាមេរិក​ត្រូវ​បាន​ជម្លៀស​ចេញពី​ស្ថានទូត​ទៅកាន់​ព្រលាន​យន្តហោះ​ដែល​ជា​ទីតាំង​ចុងក្រោយ​គ្រប់គ្រង​រក្សា​សន្តិសុខ​ដោយ​កងទ័ព​អាមេរិក។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក អង់តូនី ប្លីងកិន (Antony Bliken) បាន​និយាយ​ការពារ​ចំពោះ​ការ​សម្រេច​ដក​ទ័ព​អាមេរិក​ចេញពី​អាហ្វហ្គានីស្ថាន ដែល​ថា​ការពិត​អាមេរិក​បាន​ឈ្នះ​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន ព្រោះ​អាមេរិក​បាន​សម្លាប់​អ្នក​ដែល​បាន​វាយប្រហារ​ភេរវកម្ម​ទៅលើ​អគារ​ភ្លោះ​នៅ​ក្រុង​ញូវយ៉ក កាលពី ២០​ឆ្នាំ​មុន គឺជា​មេ​ភេរវករ អូសាម៉ា ប៊ិនឡាឌែន។

ការ​ដួល​រលំ​របប​នៅ​កាប៊ុល គឺជា​សករាជ​ចុងក្រោយ​នៃ​សង្គ្រាម​ដ៏​យូរ​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ចាប់ផ្តើម​បន្ទាប់ពី​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១ នៅ​ក្រុង​ញូវយ៉ក។ ដោយ​ឆ្លើយតប​នឹង​ព្រឹត្តិការណ៍​នេះ អាមេរិក​និង​សម្ពន្ធមិត្ត​ណាតូ បាន​លើក​ទ័ព​លុកលុយ និង​បាន​បណ្តេញ​របប​តាលីបង់​តែម្ដង គឺ​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស