ពលរដ្ឋចំនួនពីរភូមិរស់នៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបន្តប្រមូលផ្តុំគ្នាតវ៉ាជាថ្មីម្តងទៀត ដើម្បីស្នើសុំឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជួយអន្តរាគមន៍ទប់ស្កាត់សកម្មភាពរបស់ក្រុមហ៊ុនបើកធ្វើអាជីវកម្មខ្សាច់មួយកន្លែង ដែលយកផ្លូវសាធារណៈដឹកខ្សាច់តាំងពីព្រលឹមទល់ព្រលប់ បង្កប៉ះពាល់ដល់ការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត។
ប្រជាពលរដ្ឋភូមិស្វាយតាអុក១ និងភូមិព្រែកជាងព្រំ ដែលរងផលប៉ះពាល់នោះ បានស្នើដល់អភិបាលរាជធានីភ្នំពេញ អន្តរាគមន៍ទៅលើថៅកែក្រុមហ៊ុនបូមខ្សាច់ឈ្មោះ គឹម ហេង ចំនួនពីរចំណុច គឺស្នើឲ្យផ្លាស់ប្ដូរទីតាំងក្រុមហ៊ុន ឬបូមខ្សាច់ចេញពីតំបន់នោះ និងត្រូវណែនាំដល់ម្ចាស់ក្រុមហ៊ុនអាជីវកម្មខ្សាច់ទាំងនេះត្រូវមានផ្លូវដឹកជញ្ជូនខ្សាច់ ឬចូកក្នុងបរិវេណក្រុមហ៊ុនឲ្យដូចក្រុមហ៊ុនផ្សេងៗដែរ។
ក្រុមប្រជាពលរដ្ឋបន្តថា សំណើនេះ ពួកគាត់ធ្លាប់បានប្តឹងទៅកាន់អាជ្ញាធរចាប់ពីថ្នាក់ភូមិ សង្កាត់ បន្តរហូតដល់លោកអភិបាលខណ្ឌច្បារអំពៅ រួចហើយ ហើយក៏ត្រូវថ្នាក់សង្កាត់ និងខណ្ឌ ក៏បានចុះមកណែនាំក្រុមហ៊ុនធ្វើអាជីវកម្មបូមខ្សាច់នេះម្តងជាពីរដងរួចហើយដែរ។ ប៉ុន្តែគិតមកត្រឹមល្ងាចថ្ងៃចន្ទ ទី២៣ ខែសីហា ភាគីក្រុមហ៊ុនមិនគោរពគោលការណ៍ណែនាំរបស់អាជ្ញាធរសង្កាត់ និងខណ្ឌនោះទេ។
ក្រុមពលរដ្ឋបញ្ជាក់ថា ក្នុងមូលដ្ឋានសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ សព្វថ្ងៃនេះ មានក្រុមហ៊ុនបើកធ្វើអាជីវកម្មខ្សាច់ជាច្រើនកន្លែង ប៉ុន្តែក្រុមហ៊ុនទាំងនោះមិនបានធ្វើសកម្មភាពនាំឲ្យរំខានដល់ការរស់នៅ ឬការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឡើយ។

ប៉ុន្តែសម្រាប់ក្រុមហ៊ុនខ្សាច់របស់លោក គឹម អេង ដែលទើបមកបើកធ្វើអាជីវកម្មកាលពីខែឧសភា នាឆ្នាំ២០២១ នេះ បែរជាបង្កឲ្យមានផលប៉ះពាល់ដល់ការប្រកបមុខរបរ ប៉ះពាល់ដល់ការធ្វើដំណើរ និងប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅរបស់ពលរដ្ឋចំនួនពីរភូមិទៅវិញ។
បន្ថែមលើនេះ ក្រុមប្រជាពលរដ្ឋក៏បានចោទថា ចំពោះឥរិយាបថរបស់ក្រុមអ្នកបើកបររថយន្តដឹកខ្សាច់របស់ក្រុមហ៊ុននេះវិញ បានបើកល្បឿនលឿន ឬបើកវ៉ាជែងក្នុងស្ថានភាពផ្លូវតូចចង្អៀត ហើយមិនខ្វល់ពីអ្នកធ្វើដំណើរ និងអ្នករស់នៅអមសងខាងផ្លូវបេតុងក្នុងមូលដ្ឋាននេះទេ។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងលោក គឹម អេង ថៅកែក្រុមហ៊ុនបូមខ្សាច់ដែលត្រូវប្រជាពលរដ្ឋសង្កាត់វាលស្បូវ ចោទប្រកាន់ខាងលើបានទេ នៅល្ងាចថ្ងៃចន្ទ ទី២៣ ខែសីហា។ ចំណែកឯលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏មិនទាន់អាចទាក់ទងដើម្បីបំភ្លឺបាននៅឡើយដែរ។
ក្រុមប្រជាពលរដ្ឋអះអាងថា ស្ថានការណ៍តវ៉ាអំពីករណីបញ្ឈប់ឡានដឹកខ្សាច់របស់ក្រុមហ៊ុនលោក គឹម អេង កំពុងមានភាពតានតឹងទៅៗ ហើយពួកគេបារម្ភខ្លាចកើតមានអំពើហិង្សាដោយប្រការណាមួយនៅពេលខាងមុខនេះ៕