សហគមន៍ជនជាតិដើមភាគតិចកួយ ក្នុងខេត្តព្រះវិហារ អះអាងថា ខ្លួនបានតាមដានឃើញបទល្មើសនៃការកាប់បំផ្លាញព្រៃឈើជាង ១០០ករណីថ្មីក្នុងដែនជម្រកសត្វព្រៃព្រះរការ ក្រោយការស៊ើបអង្កេតលើករណីនេះអស់រយៈពេល ២យប់ ៣ថ្ងៃកាលពីពេលថ្មីៗនេះ។
សហគមន៍ជនជាតិដើមភាគតិចកួយ បានចេញសេចក្តីប្រកាសព័ត៌មាននៅដើមខែកញ្ញា នេះថា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ កន្លងទៅ សហគមន៍ជនជាតិដើមភាគតិចក្នុងភូមិប្រមេរុ បានរកឃើញបទល្មើសនៃការកាប់បំផ្លាញ និងដឹកជញ្ជូនឈើខុសច្បាប់ជាច្រើនករណីតាមមធ្យោបាយដឹកជញ្ជូនផ្សេងៗ និងប្រទះឃើញបន្ទះក្តារដែលគេបានគរទុកក្នុងព្រៃជាច្រើនសន្លឹកផងដែរ។
សហគមន៍ដដែលបញ្ជាក់ថា ក្នុងអំឡុងពេលតាមដានស្ថានភាពព្រៃឈើទាំងនោះ ពួកគេបានឃើញគោយន្តដឹកឈើចេញពីដែនជម្រកសត្វព្រៃព្រះរការ ជាង ១០គោយន្ត។ បន្ថែមពីនេះ ក៏បានរកឃើញទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់នៅក្នុងភូមិសាស្ត្រឃុំប្រមេរុ មានចំនួន ១២ទីតាំង និងកន្លែងផ្ទុកឈើខុសច្បាប់ចំនួន ២ទីតាំងផ្សេងទៀតដែលកំពុងតែដំណើរការនៅឡើយ។

ប្រភពដដែលអះអាងថា មានតែការបើកចំហឲ្យគ្រប់ភាគីពាក់ព័ន្ធអាចចូលរួមការពារព្រៃឈើ និងអនុវត្តការងារដោយសេរី ស្របតាមរដ្ឋធម្មនុញ្ញដោយគ្មានការរឹតត្បិត និងគំរាមកំហែងប៉ុណ្ណោះ ទើបអាចបញ្ឈប់បទល្មើសព្រៃឈើទាំងនោះនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ និងតំបន់អភិរក្សនៅទូទាំងប្រទេសកម្ពុជាបាន។
សហគមន៍ជនជាតិដើមភាគតិចកួយ ស្ថិតក្នុងភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ថា សហគមន៍បានរកឃើញបទល្មើសនៃការកាប់ឈើខុសច្បាប់សរុបចំនួន ១០១ករណីកាលពីចុងខែសីហា ខណៈដើមឈើដែលត្រូវកាប់បំផ្លាញនោះ គឺជាប្រភេទដើមឈើទាល ពពេល ស្ទៀង ផ្ដៀក គគីរ កកោះ ត្រសេក ជាដើម ដែលមានមុខកាត់ចាប់ពី ៤តឹកដល់ជិត ៣ម៉ែត្រ។

កាលពីដើមខែមិថុនា ឆ្នាំ២០២១ បទល្មើសព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃព្រះរការ ក៏ត្រូវបានរកឃើញចំនួន ៩០ករណីផងដែរ ហើយឈើដែលត្រូវកាប់បំផ្លាញដោយខុសច្បាប់ទាំងនោះ រួមមានដើមឈើទាល កកោះ គគីរ ស្ទៀង ផ្ដៀក ពពេល ផ្ចឹក ត្រាច ត្រសេក សុក្រំ និងខ្វាវ ជាដើម ប៉ុន្តែមកទល់នឹងពេលនេះ មិនមានចំណាត់ការណាមួយពីអាជ្ញាធរកម្ពុជា ឬស្ថាប័នពាក់អនុវត្តច្បាប់ស្ដីពីព្រៃឈើ ដើម្បីចាត់ការលើករណីទាំងនេះទៅតាមច្បាប់នៅឡើយទេ។
ទាក់ទិននឹងបញ្ហានេះ អង្គការឃ្លាំមើលព្រៃឈើពិភពលោក បានចេញរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្ដីពីឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជាថា ទោះបីកម្ពុជាមានច្បាប់ការពារព្រៃឈើក៏ដោយ ក៏កម្ពុជាទទួលរងនូវការកាប់បំផ្លាញព្រៃឈើខ្ពស់បំផុត ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មក។

ប្រភពដដែលអះអាងថា កម្ពុជាបានបាត់បង់គម្របព្រៃឈើជាង ៥០ម៉ឺនហិកតារក្នុងរយៈពេលជិត ២ទសវត្សរ៍ចុងក្រោយនេះ ក្នុងនោះបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការ ក៏បានកើតមានរាប់រយករណីផងដែរ ខណៈក្រុមហ៊ុនដែលធ្វើអាជីវកម្មលើឈើខុសច្បាប់ទាំងនេះនៅតែមានវត្តមានក្នុងតំបន់អភិរក្សព្រៃឈើនៅកម្ពុជាជាប់រហូតមក ដូចជាក្រុមហ៊ុន Think Biotech និងក្រុមហ៊ុន Angkor Plywood ជាដើម។
ដែនជម្រកសត្វព្រៃព្រះរការ ត្រូវក្រសួងបរិស្ថានដាក់បញ្ចូលជាព្រៃអភិរក្សដែលមានទំហំ ៩ម៉ឺន ៦ពាន់ហិកតារ ដែលលាតសន្ធឹងក្នុងស្រុកចំនួន៣ គឺស្រុកជាំខ្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ក្នុងខេត្តព្រះវិហារ ក៏ប៉ុន្តែតំបន់អភិរក្សនេះត្រូវទទួលរងការកាប់ឈើធ្វើអាជីវកម្មខុសច្បាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈអាជ្ញាធរនៅតែមិនមានសមត្ថភាពក្នុងការបង្ក្រាបបទល្មើសកាប់ឈើខុសច្បាប់ទាំងនេះតាំងពីដើមរហូតមក៕