29.3 C
Phnom Penh

មន្ត្រី​សុខាភិបាល​ព្រួយបារម្ភ​ចំពោះ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ Covid-19 ធ្ងន់ធ្ងរ​ក្រោយ​បញ្ចប់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​កម្ពុជា បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ Covid-19 ខ្លាំង​ក្រោយ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​បិទ​បញ្ចប់ ដោយសារ​ពលរដ្ឋ​បាន​នាំគ្នា​ជួបជុំ និង​ផ្តុំ​ច្រើន​កុះករ ហើយ​ពលរដ្ឋ​ខ្វះ​ការ​ប្រុងប្រយ័ត្ន។

ការ​ព្រួយបារម្ភ​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ចែករំលែក​រូបភាព​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​នឹង​យុវជន ប្រជាពលរដ្ឋ បាន​នាំគ្នា​ដើរ​លេង​កម្សាន្ត​ជួបជុំ​ប្រមូល​ផ្ដុំ​ច្រើន​កកកុញ​នៅ​តំបន់​រមណីយដ្ឋាន​អន្លង់ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កែប ជាដើម ដោយ​មិន​បាន​អនុវត្ត​តាម​វិធាន​សុខាភិបាល។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន នៅ​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២១ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ឆ្លង​រាតត្បាត​ជំងឺ Covid-19 ខ្លាំង និង​ដែល​អាច​ឈាន​ទៅ​ដល់​មាន​ការ​ស្លាប់​បាត់បង់​ជីវិត​ក្រោយ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​រួច ដោយសារ​ការ​ជួបជុំ​គ្នា​ច្រើន​ខ្វះ​ការ​ប្រុងប្រយ័ត្ន និង​មិន​បាន​អនុវត្ត​តាម​វិធាន​សុខាភិបាល។

លោកស្រី​បន្ត​ថា នៅ​កន្លែង​ប្រមូល​ផ្តុំ​មួយ​ចំនួន​ដែល​មាន​មនុស្សម្នា​ច្រើន​កក​ស្ទះ​ហួស​ប្រមាណ​ក្នុង​ពេល​ដែល​វីរុស Covid-19 ជាពិសេស​ពពួក​មេរោគ Delta កំពុងតែ​ឆ្លង​រាលដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ករណី​នេះ​វា​ជា​ហានិភ័យ​ខ្លាំង​នៃ​ការ​ចម្លង​បន្ត​គ្នា​លឿន អាច​កើតឡើង​គ្រប់​ពេល និង​គ្រប់​ទីកន្លែង​ក្នុង​គ្រា​ដែល​ប្រជាពលរដ្ឋ​ជួបជុំ​ប្រមូល​ផ្តុំ​កកកុញ ដើរ​កម្សាន្ត​ជុំ​គ្នា​ច្រើន ដោយ​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ និង​សមត្ថកិច្ច។

លោកស្រី ឱ វណ្ណឌីន បន្ត​ថា មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ផ្ទុះ​ជំងឺ Covid-19 នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ចេញ​មកពី​កន្លែង​ដែល​កកកុញ​មនុស្ស​ច្រើន ឬ​នៅ​កន្លែង​បិទ​ជិត កន្លែង​ជុំៗ​គ្នា​ច្រើន និង​នៅ​ជិត​កៀកៗ​គ្នា​ដោយ​មិន​មាន​អនុវត្ត​វិធានការ​ការពារ​ខ្លួន​នោះ​តែម្ដង។

មន្ត្រី​សុខាភិបាល​រូប​នេះ​ថា ការ​លេង​សប្បាយ​តែ​មួយ​ភ្លែត ឬ​មួយ​ថ្ងៃ វា​មិន​បាន​ផល​ចំណេញ​អ្វី​ទេ ផ្ទុយទៅវិញ​វា​អាច​ធ្វើ​ឱ្យ​អ្នក​កើត​ទុក្ខ​ដោយ​ការ​បាត់បង់​សាច់ញាតិ​ជា​ទីស្រឡាញ់​របស់​ខ្លួន ដោយសារ​ការ​ឆ្លង​ជំងឺ Covid-19។ លោកស្រី​បញ្ជាក់​ថា យុវជន ប្រជាពលរដ្ឋ​អាច​នៅ​មាន​ពេល និង​អាច​រក​ទីកន្លែង​ច្រើន​ទៀត​ដើម្បី​ដើរ​លេង​កម្សាន្ត​សប្បាយ​ដោយ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​អាច​រៀន​រស់នៅ​បាន​យូរអង្វែង​ជាមួយ​នឹង​ការ​វិវឌ្ឍ​បំប្លែង​ខ្លួន​នៃ​វីរុស Covid-19។

លោកស្រី ឱ វណ្ណឌីន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ការ​សប្បាយ​ភ្លេច​ខ្លួន ហើយ​ក្លាយ​ទៅជា​ការ​បង្កហេតុ​នៃ​ការ​ចម្លង​រោគ Covid-19 រាតត្បាត​ធំធេង​ដល់​គ្រួសារ និង​អ្នក​ដទៃ​នៅ​ក្នុង​សហគមន៍។

យ៉ាងណាក៏ដោយ ក្រោយ​ពី​ការ​ចែករំលែក​រិះគន់​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​សាធារណជន រួម​ទាំង​ការ​ក្រើន​រំឭក និង​បង្ហាញ​ការ​ព្រួយបារម្ភ​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​នោះ មន្ទីរ​ទេសចរណ៍ និង​រដ្ឋបាល​ស្រុក​ពញាក្រែក និង​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បាន​សម្រេច​ផ្អាក​រមណីយដ្ឋាន​អន្លង់ជ្រៃ ជា​បណ្ដោះអាសន្ន​សិន កាលពី​ល្ងាច​ម្សិលមិញ ដោយ​រង់ចាំ​ការ​រៀបចំ​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ។

បើ​តាម​របាយការណ៍​ក្រសួង​ទេសចរណ៍ ចេញ​កាលពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២១ បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ២​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ មាន​ភ្ញៀវ​ទេសចរ​ចេញ​ដើរ​លេង​កម្សាន្ត​ជិត ៤២​ម៉ឺន​នាក់ ក្នុង​នោះ​ខេត្ត​កំពត ជា​គោលដៅ​ទេសចរណ៍​សំខាន់​ជាងគេ រួម​ទាំង​ខេត្ត​កែប ព្រះសីហនុ ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ស្ពឺ កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន បាន​អះអាង​ដោយ​ផ្ទាល់មាត់​កាលពី​ថ្ងៃ​ទី​៦ ខែ​តុលា ថា ការ​បើក​ឱ្យ​មាន​ការ​ជួបជុំ​ប្រមូល​ផ្ដុំ​គ្នា​ដើរ​លេង​កម្សាន្ត​របស់​ពលរដ្ឋ​អំឡុង​ពេល​ឈប់​សម្រាក​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ លោក​ថា​ជា​ការ​ពិសោធ​ដើម្បី​ត្រៀម​បើក​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ​នៅ​ចុង​ឆ្នាំ​នេះ។ លោក ហ៊ុន សែន ទទួល​ស្គាល់​ថា នេះ​ជា​ការ​សាកល្បង​រវាង​មហន្តរាយ​សុខភាព​សាធារណៈ និង​សុវត្ថិភាព​របស់​ប្រជាជន​កម្ពុជា​នៅ​ចំពោះ​មុខ​ជំងឺ Covid-19៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស