32.5 C
Phnom Penh

សហជីព CUMW ស្នើ​ក្រសួង​ស៊ើប​អង្កេត​មន្ទីរ​សម្ភព​ដើម​អង្ក្រង​ក្រោយ​វះកាត់​ស្ត្រី​ពពោះ​៥​ខែ​ម្នាក់​រង​គ្រោះថ្នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ហៅ​កាត់​ថា CUMW ស្នើ​ទៅ​ក្រសួង​សុខាភិបាល​ឲ្យ​ចុះ​ស៊ើប​អង្កេត​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព «ដើម​អង្ក្រង» ផ្សារ​ព្រៃទទឹង ក្រោយពី​កម្មករ​ស្ត្រី​ម្នាក់​បាន​រងគ្រោះ​បន្ទាប់ពី​វះកាត់​យក​ទារក​អាយុ​ប្រហែល ៥​ខែ​ដែល​ខូច​ចេញពី​ផ្ទៃ​ម្តាយ។

ការ​អំពាវនាវ​របស់​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បន្ទាប់ពី​គ្រួសារ​ជនរងគ្រោះ​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក ដោយ​រៀបរាប់​អំពី​ស្ថានភាព​ប្អូនស្រី​របស់​ខ្លួន​អំឡុង​ពេល​ទៅ​វះកាត់ និង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ដើម​អង្ក្រង ផ្សារ​ព្រៃទទឹង។

ឈ្មោះ សាវឿន បាន​សរសេរ​សារ​បង្ហោះ​លើ​ហ្វេសប៊ុក​ដោយ​អម​ជាមួយ​នឹង​រូបភាព និង​វីដេអូ​ប្អូនស្រី​ដោយ​ដៃ​ព្យួរ​សេរ៉ូម បាន​សរសេរ​រៀបរាប់​ថា ប្អូន​របស់​គាត់​មាន​ផ្ទៃពោះ ៥​ខែ ដោយសារ​កូន​ខូច​ក្នុង​ពោះ​ម្ដាយ ពួកគេ​ក៏​សម្រេច​ទៅ​គ្លីនិក​មួយ​កន្លែង​នៅ​ផ្លូវជាតិ​លេខ​៣ គីឡូ​ទី​២៧ ដើម្បី​យក​ទារក​ដែល​ខូច​នោះ​ចេញ។

ប្រភព​ដដែល​ថា នៅ​ពេល​យក​លើក​ទី​មួយ ប្អូន​របស់​គាត់​មិន​ទាន់​អី​ឡើយ ប៉ុន្តែ​ពេល​ទៅ​ដាក់​សេរ៉ូម​កម្លាំង​នោះ ប្អូន​គាត់​ក៏​ជួប​គ្រោះថ្នាក់​ដោយ​ពេទ្យឆ្មប​បាន​យក​ពោះវៀន​ប្អូន​គាត់​ចេញ ហើយ​ក៏​ប្រាប់​ប្ដី​ថា​ជា​ទងសុក​របស់​គាត់​ទៅវិញ។ ចំណែក​ប្ដី​បាន​បដិសេធ​ចំពោះ​ការ​លើកឡើង​របស់​ពេទ្យឆ្មប ដែល​ថា​គ្រូពេទ្យ​យក​ចេញ​ពី​ពោះ​របស់​ប្រពន្ធ​នោះ មិនមែន​ជា​ទងសុក​ឡើយ ផ្ទុយទៅវិញ​ជា​ពោះវៀន​តាន់។

ក្រោយពី​មាន​បញ្ហា​នេះ​កើតឡើង រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន សម្រេច​បិទ​​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន «ដើម​អង្ក្រង» ដែល​មាន​ទីតាំង​នៅ​ផ្ទះ​លេខ​៣ ឃុំ​អង្គពពេល ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ របស់​អ្នកស្រី សួស ច័ន្ទរស្មី បណ្ដោះអាសន្ន ដោយ​ថា​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​ពី​ហេតុការណ៍​ដែល​បាន​បណ្ដាល​មកពី​ករណី​រំលូត​កូន​ស្លាប់​ក្នុង​ផ្ទៃ​តាម​ច្បាប់​ជា​ធរមាន។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ស្នើ​ទៅ​ក្រសួង​សុខាភិបាល​ឲ្យ​ចុះ​ស៊ើប​អង្កេត​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ដើម​អង្ក្រង ផ្សារ​ព្រៃទទឹង ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ដកស្រង់​សម្ដី​របស់​លោក ប៉ាវ ស៊ីណា នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ដោយ​ចាត់ទុក​ករណី​ស្លាប់​កម្មករ​ស្ត្រី​ដែល​ពពោះ ៥​ខែ ដោយសារតែ​ការ​ធ្វេសប្រហែស​របស់​បុគ្គលិក​ឆ្មប។ លោក​ស្នើ​ទៅ​ក្រសួង​សុខាភិបាល ឲ្យ​ស៊ើប​អង្កេត​នៅ​មន្ទីរ​សម្រាក​ព្យាបាល​មួយ​នេះ ដើម្បី​ផ្ដល់​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង​គ្រួសារ។

ឆ្លើយតប​នឹង​សំណើ ក្រសួង​សុខាភិបាល​ថា​ខ្លួន​បាន​ចាត់​ក្រុម​ការងារ​ចុះ​ស្រាវជ្រាវ​ពិនិត្យ​ករណី​នេះ​រួច​ហើយ។

ស្ត្រី​ដែល​ទទួល​មរណភាព​បន្ទាប់ពី​វះកាត់ និង​សម្រាក​ព្យាបាល​និង​សម្ភព​ដើម​អង្ក្រង ផ្សារ​ព្រៃទទឹង ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ដោយ​រស់នៅ​ស្រុក​ជុំគីរី ខេត្ត​កំពត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស