អនុប្រធានគណបក្សប្រជាជនកម្ពុជា អះអាងថា កម្ពុជានិងវៀតណាម បានអបអរសាទរលើពិធីផ្លាស់ប្ដូរលិខិតុបករណ៍សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមនៃសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ពិធីសារខណ្ឌសីមាបោះបង្គោលព្រំដែនគោក ពិធីផ្លាស់ប្ដូរផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាមខ្នាត ១/២៥០០០ ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានចំពោះខ្សែបន្ទាត់ព្រំដែនដែលនៅសេសសល់ប្រមាណ ១៦% ទៀត ខណៈក្រុមអ្នកឃ្លាំមើលបង្ហាញពីការភ័យព្រួយកាន់តែខ្លាំង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានបក្សកាន់អំណាច លោក ស ខេង បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី២៨ តុលា ថា គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ បានលើកទឹកចិត្តឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែននៃប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ និងពិភាក្សាគ្នាឱ្យបានសកម្មថែមទៀតលើបញ្ហាព្រំដែននេះ។
មេដឹកនាំបក្សកាន់អំណាចរូបនេះអះអាងថា ប្រទេសទាំងពីរបានអបអរសាទរការប្រារព្ធពិធីសម្ពោធដាក់ឱ្យដំណើរការជាបណ្ដោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិ «ម៉ឺនជ័យ–តឺនណាម» ក្នុងកម្រិតថ្នាក់ខេត្តរវាងខេត្តព្រៃវែង និងខេត្តតៃនីញ ផងដែរ។ ជាងនេះទៀត ក៏បានឯកភាពគ្នារៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ច្រកទ្វារអន្តរជាតិនេះជាមួយនឹងបណ្តាតំបន់ដែលមានសក្ដានុពលសេដ្ឋកិច្ចនៅប្រទេសនីមួយៗថែមទៀត។
លោក ស ខេង បញ្ជាក់ថា ប្រទេសទាំងពីរលើកទឹកចិត្តឱ្យបណ្តាខេត្តជាប់ព្រំដែនឱ្យបន្តកិច្ចសហប្រតិបត្តិការលើវិស័យនានាជាអាទិ៍ ជាពិសេសវិស័យអប់រំ វប្បធម៌ កីឡា យុត្តិធម៌ ឧស្សាហកម្ម និងបច្ចេកវិទ្យា ជាដើម ដោយការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ឱ្យបានកាន់តែជិតស្និទ្ធទៅថ្ងៃអនាគត។
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានដឹកនាំកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ជាមួយនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសវៀតណាម លោក Pham Minh Chinh តាមប្រព័ន្ធវីដេអូ។

អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ តុលា នេះថា ក្រុមមេដឹកនាំគណបក្សប្រជាជនកម្ពុជាដែលត្រូវបានជ្រោមជ្រែងដោយកងទ័ពវៀតណាម ឆ្នាំ១៩៧៩ មិនដែលហ៊ានប្រើច្បាប់អន្តរជាតិ ឬច្បាប់ជាតិរបស់ខ្លួនដើម្បីការពារទឹកដីខ្មែរទេ។
លោក គឹម សុខ អះអាងថា រឿងដែលគ្រោះថ្នាក់សម្រាប់កម្ពុជាបន្ទាប់ពីការកំណត់ព្រំដែនដោយខុសច្បាប់ គឺការបង្ហូរជនជាតិវៀតណាមខុសច្បាប់ចូលទៅរស់នៅកម្ពុជារាប់លាននាក់ តាមរយៈនៃការបើកច្រកព្រំដែនជាបន្តបន្ទាប់ក្រោមលេសផ្សេងៗ ដូចជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារសន្តិសុខ ដើម្បីការពារឧក្រិដ្ឋកម្មឆ្លងដែន ឬដើម្បីដោះដូរពាណិជ្ជកម្មឆ្លងដែនជាដើម។ ជាងនេះទៀត ក៏ដើម្បីនាំសម្បត្តិធម្មជាតិខ្មែរដែលមានតម្លៃមហាសាលទៅលក់ឱ្យវៀតណាម ផងដែរ។
អ្នកវិភាគរូបនេះអះអាងថា ការសហការរបស់រដ្ឋាភិបាលខុសច្បាប់កម្ពុជាជាមួយរដ្ឋាភិបាលវៀតណាម គឺជាការអនុវត្តដោយបំពានលើច្បាប់ជាតិ និងច្បាប់អន្តរជាតិគ្រប់បែបយ៉ាង ទាំងការអនុវត្តកិច្ចព្រមព្រៀង និងសន្ធិសញ្ញាខុសច្បាប់ឆ្នាំ១៩៨២ ឆ្នាំ១៩៨៣ និងការកែប្រែផែនទីបោនរបស់កម្ពុជាពីខ្នាត ១/១០០០០០ មកជាផែនទីថ្មីខ្នាត ១/២៥០០០ ជាដើម។
ក្រុមអ្នកសង្កេតការណ៍រិះគន់ថា នាយករដ្ឋមន្ត្រីរបស់កម្ពុជាពិតប្រាកដ គឺវៀតណាមទៅវិញទេ ខណៈនាយករដ្ឋមន្ត្រីស្រមោលរបស់ខ្មែរគឺជានាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ននេះ ត្បិតរាល់ពេលចុះហត្ថលេខាលើការកំណត់ទឹកដីខ្មែរម្តងៗ មេដឹកនាំបក្សកាន់អំណាចតែងសម្បទានព្រំដែនកម្ពុជា ឱ្យទៅវៀតណាម ដោយការសម្រួលផ្លូវច្បាប់គ្រប់បែបយ៉ាងពីមេដឹកនាំរបស់ខ្មែរ។
កាលពីឆ្នាំ១៩៨២ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង កូថាច់ បានចុះហត្ថលេខាខុសច្បាប់កំណត់ព្រំដែនទឹកឆ្នាំ១៩៨២ និងចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋដោយខុសច្បាប់ឆ្នាំ១៩៨៥ ជាមួយលោក ហ៊ុន សែន ដែលជារដ្ឋមន្ត្រីការបរទេសនាពេលនោះ។
ជាងនេះទៀត កាលពីឆ្នាំ២០០៥ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាន វ៉ាន់ខាយ បានសហការជាមួយប្រមុខរដ្ឋាភិបាលខ្មែរ លោក ហ៊ុន សែន ចុះហត្ថលេខាទទួលស្គាល់សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដោយខុសច្បាប់ ដែលផ្ទុយទៅនឹងខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ទាំងស្រុង។
ទន្ទឹមនេះ កាលពីឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោក ង្វៀន ស៊ុន ហ្វុក ជានាយករដ្ឋមន្ត្រីវៀតណាមនៅពេលនោះ បានទាមទារឲ្យលោក ហ៊ុន សែន ចុះហត្ថលេខាខុសច្បាប់លើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ មួយទៀត ដើម្បីបញ្ជាក់ពីសុពលភាពកិច្ចព្រមព្រៀងខុសច្បាប់នានារវាងកម្ពុជា-វៀតណាម កន្លងមក ដែលបានមោឃភាពដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ថានៅតែមានសុពលភាពសម្រាប់ប្រទេសទាំងពីរតទៅថ្ងៃអនាគតបន្តទៀត៕