41.3 C
Phnom Penh

គណបក្ស​បេះដូង​ជាតិ​ប្រតិកម្ម​នឹង​ក្រសួង​មហាផ្ទៃ​ដែល​បដិសេធ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​បេះដូង​ជាតិ ដែល​ជា​គណបក្ស​ទើប​តែ​កើត​ថ្មី បាន​ហៅ​ចំណាត់ការ​របស់​ក្រសួង​មហាផ្ទៃ មក​លើ​ខ្លួន​ថា ជា​រឿង​ដែល​គួរ​ឱ្យ​អាម៉ាស់​សម្រាប់​ពិភពលោក ប្រសិនបើ​គ្រាន់តែ​មិន​គ្រប់​លក្ខខណ្ឌ​ដូច​មាន​កំណត់​នៅ​ក្នុង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ហើយ​បែរជា​ត្រូវ​មាន​ទោស​ព្រហ្មទណ្ឌ​ទៅវិញ​នោះ។

ប្រតិកម្ម​របស់​លោក សៀម ភ្លុក ប្រធាន​គណបក្ស​បេះដូង​ជាតិ ធ្វើឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ គំរាម​ចាត់ការ​តាម​ផ្លូវច្បាប់​ប្រឆាំង​អ្នកគាំទ្រ និង​ស្ថាបនិក​នៃ​គណបក្ស​ថ្មោងថ្មី​នេះ​កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។

តាមរយៈ​សារ​ឆ្លើយឆ្លង​ជាមួយ The Cambodia Daily នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ប្រធាន​គណបក្ស​បេះដូង​ជាតិ បញ្ជាក់​ថា ប្រសិនបើ​ក្រសួង​មហាផ្ទៃ ពិតជា​ចង់​តតាំង​នយោបាយ​តាម​ផ្លូវច្បាប់ និង​ហេតុផល​ដើម្បី​សង្គម​សុចរិត ដោយ​ស្មើភាព​គ្នា លោក​មិន​បារម្ភ​នោះ​ទេ។

លោក សៀម ភ្លុក បន្ថែម​ថា ក្នុង​នាម​ជា​ស្ថាបនិក​គណបក្ស លោក​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​តស៊ូ​មតិ​ផ្នែក​នយោបាយ​តាម​នីតិវិធី និង​មាន​ហេតុផល​ដោះ​បន្ទុក​គ្រប់គ្រាន់ ប្រសិនបើ​ក្រសួង​មហាផ្ទៃ ពិតជា​ដាក់​បណ្តឹង​ប្រឆាំង​រូបលោក និង​អ្នកគាំទ្រ​គណបក្ស​នេះ​មែន។

បើ​តាម​ប្រធាន​គណបក្ស​បេះដូង​ជាតិ បាន​ឲ្យ​ដឹង​ថា អ្វី​ដែល​លោក​ព្រួយបារម្ភ​នៅ​ពេលនេះ គឺ​ខ្លាច​ក្រែង​ការ​អនុវត្ត​របស់​ក្រសួង​មហាផ្ទៃ មាន​ការ​រំលោភបំពាន​ក្រៅ​ច្បាប់​តាមរយៈ​ការ​ប្រើ​កម្លាំង​បាយ និង​កម្លាំង​អាជ្ញាធរ ឬ​តាម​បុរេវិនិច្ឆ័យ​នៃ​អ្នក​មាន​អំណាច នោះ​ខ្លួន​ពិតជា​ពុំ​មាន​លទ្ធភាព​អ្វី​ដើម្បី​តបត​បាន​ទេ។

ដោយឡែក​នៅ​ក្នុង​របាយការណ៍​ដែល​លោក ស ខេង រាយការណ៍​ទៅ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា កន្លងទៅ​នេះ គឺ​លោក​បាន​បញ្ជា​ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ ត្រូវ​ស្រាវជ្រាវ​រក​បុគ្គល​ដែល​មាន​ចេតនា​ទុច្ចរិត​ក្នុង​ការ​ផ្ដិត​មេដៃ​ជំនួស និង​ការ​ក្លែង​អត្តសញ្ញាណ​បុគ្គល​ជាដើម។ មិន​ត្រឹម​តែប៉ុណ្ណោះ ក្រសួង​មហាផ្ទៃ​ក៏​បាន​សម្រេច​ដាក់​បណ្តឹង​ប្តឹង​ស្ថាបនិក​នៃ​គណបក្ស​បេះដូង​ជាតិ ទៅ​តុលាការ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​ថែមទៀត​ផង។

ឆ្លើយតប​នឹង​ការ​ចោទប្រកាន់​នេះ លោក សៀម ភ្លុក បាន​បញ្ជាក់​ថា បើ​ស្ថិត​ក្នុង​ការ​សង្ស័យ​ស្នាមមេដៃ​ក្លែងក្លាយ និង​ស្នាមមេដៃ​ខូច​គុណភាព ឬ​មាន​ស្នាមមេដៃ​ស្ទួន​មែន ក្រសួង​មហាផ្ទៃ​អាច​បដិសេធ ឬ​ទាត់ចោល​បាន។ លោក​បន្ត​ថា ក្រសួង​មហាផ្ទៃ​មិន​ត្រូវ​ចាត់ទុក​ស្នាមមេដៃ​ទាំងនោះ​ប្រែ​ក្លាយ​ទៅជា​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ។

ប្រភព​ដដែល​បន្ថែម​ទៀត​ថា ក្នុង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ មិន​មាន​មាត្រា​ណា​មួយ​ដែល​ចែង​អំពី​ទោស​ព្រហ្មទណ្ឌ ដោយសារ​ការ​បំពេញ​បែបបទ​បង្កើត​គណបក្ស និង​បែបបទ​ស្នើសុំ​ចុះបញ្ជី​នៃ​គណបក្ស​នយោបាយ​ដែល​មាន​ភាព​ខ្វះ​ចន្លោះ​នោះ​ទេ។ បើ​តាម​លោក សៀម ភ្លុក ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ បាន​កំណត់​ទិសដៅ​ត្រឹមតែ​ថា បើ​ក្រសួង​មហាផ្ទៃ រក​ឃើញ​ពិតជា​មាន​កំហុស​ឆ្គង​ក្នុង​ការ​ស្នើសុំ​ចុះបញ្ជី​នេះ​មែន អាច​ស្នើ​ឱ្យ​សាមីខ្លួន​កែតម្រូវ​ឡើងវិញ។

បើ​ក្នុង​ករណី​ការ​ស្នើសុំ​ចុះបញ្ជី​នៃ​គណបក្ស​បេះដូង​ជាតិ​នេះ​អាច​ប្រែក្លាយ​ទៅជា​បទល្មើស​ព្រហ្មទណ្ឌ​មែន នោះ​វា​ជា​រឿង​ដែល​ចម្លែក​សម្រាប់​ពិភពលោក និង​បង្ហាញ​ការ​ភ្ញាក់ផ្អើល​ចំពោះ​ដំណើរការ​ប្រជាធិបតេយ្យ និង​បរិយាកាស​នយោបាយ​នៅ​កម្ពុជា។

រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​មាត្រា​៣៥ ចែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ ដោយឡែក​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មាត្រា​៩ នៃ​ច្បាប់​នេះ​វិញ ចែង​ថា ពលរដ្ឋ​ខ្មែរ​យ៉ាងតិច ៨០​នាក់​ដែល​មាន​អាយុ​យ៉ាងតិច ១៨​ឆ្នាំ ហើយ​មាន​ទីលំនៅ​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​កម្ពុជា មាន​សិទ្ធិ​ផ្តើម​បង្កើត​គណបក្ស​នយោបាយ​មួយ​បាន ដោយ​គ្រាន់តែ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ទៅ​ក្រសួង​មហាផ្ទៃ។

ក្រសួង​មហាផ្ទៃ ត្រូវ​ឆ្លើយតប​ជា​លាយលក្ខណ៍​អក្សរ​វិញ​ថា បាន​ទទួល​សេចក្តី​ជូនដំណឹង​នេះ​ក្នុង​រយៈពេល​យ៉ាង​យូរ ១៥​ថ្ងៃ។ បើ​ហួស​ការ​កំណត់ ១៥​ថ្ងៃ​នេះ ត្រូវ​ចាត់ទុក​ថា​បាន​ទទួល​សេចក្តី​ជូនដំណឹង​នេះ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស