28 C
Phnom Penh

តុលាការ​ឃុំ​ខ្លួន​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​លោក សៀម ភ្លុក នៅ​ពន្ធនាគារ​ព្រៃស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២៨ មេសា បន្ទាប់ពី​ឃាត់​ខ្លួន​បាន ១​ថ្ងៃ ក្រោម​បទ​ចោទប្រកាន់ «ក្លែង​បន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ»។

ក្នុង​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ដែល​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លិ សុខា ចុះ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២ បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស ដោយ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (ម១) ត្រូវ​ទទួល និង​ឃុំ​ខ្លួន​ជន​នេះ​រហូត​ដល់​មាន​បទបញ្ជា​ថ្មី​សម្រេច​ផ្សេង​ពី​នេះ។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់​ក្នុង​ដីកា​បង្គាប់​ដដែល​ថា គ្រប់​ភ្នាក់ងារ​នៃ​កងកម្លាំង​សាធារណៈ​ទាំងអស់​សហការ​អនុវត្ត​ឱ្យ​បាន​ល្អ​នៅ​ពេល​ដីកា​នេះ​ត្រូវ​បាន​បង្ហាញ​ក្នុង​ករណី​ចាំបាច់។

យ៉ាងណាក៏ដោយ ការ​ចាប់ និង​ឃុំ​ខ្លួន​លោក សៀម ភ្លុក ធ្វើឡើង​បន្ទាប់ពី​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ព្រមាន​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ថា រូបលោក​នឹង​មិន​អាច​គេច​ចេញពី​សំណាញ់​ច្បាប់​កម្ពុជា​បាន​ឡើយ។

លោក សៀម ភ្លុក ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​កោះហៅ​ឱ្យ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​ម្ដង​រួច​មក​ហើយ កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២២ ពាក់ព័ន្ធ​នឹង​រឿង​ក្លែង​បន្លំ​ស្នាម​មេដៃ​សមាជិក​ដើម្បី​បង្កើត​គណបក្ស​នយោបាយ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២២ ខែ​មីនា នោះ លោក​មិន​បាន​ចូល​ទៅ​បំភ្លឺ​ទេ ដោយ​លោក​ថា​មិន​បាន​ទទួល​ដីកា​ពី​តុលាការ។

ក្រោយពី​ខកខាន​មិន​បាន​ចូល​បំភ្លឺ​នោះ នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២២ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​លោក សៀម ភ្លុក ទៅ​បំភ្លឺ​នៅ​តុលាការ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២២ ដើម្បី​ធានា​ដល់​ការ​ស៊ើបសួរ​ឱ្យ​បាន​ពេញលេញ​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ ប៉ុន្តែ​លោក សៀម ភ្លុក នៅតែ​ពុំ​បាន​ចូល​ខ្លួន​ទៅ​តាម​ដីកា​ដោយ​លោក​អះអាង​ថា មិន​ទទួល​បាន​ដីកា។

ឆ្លើយតប​នឹង​ដីកា​របស់​តុលាការ​នោះ នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ដដែល លោក សៀម ភ្លុក បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា លោក​នឹង​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ ដោយ​មិន​មាន​ចេតនា​គេចវេះ​ដូច​ការ​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម​តាម​បណ្ដាញ​សង្គម និង​សារព័ត៌មាន​ខ្លះ​នោះ​ឡើយ។

កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​សំណើ​សុំ​ចុះឈ្មោះ​ក្នុង​បញ្ជី​បង្កើត​គណបក្ស​នយោបាយ​របស់​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​រូប​នេះ។ ដោយ​មិន​សុខចិត្ត​ទៅ​នឹង​ការ​សម្រេច​នោះ នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ លោក សៀម ភ្លុក ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​កំពូល ដើម្បី​តវ៉ា ប៉ុន្តែ​បណ្តឹង​នោះ​ត្រូវ​បាន​តុលាការ​កំពូល​ច្រានចោល។

ការ​មិន​ចុះបញ្ជី និង​ច្រានចោល​របស់​តុលាការ​កំពូល ធ្វើឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ ចោទប្រកាន់​ថា បាន​ក្លែង​ស្នាម​មេដៃ និង​មាន​ចេតនា​ទុច្ចរិត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស