29.6 C
Phnom Penh

តុលាការ​កំពូល​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក សៀម ភ្លុក ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​កំពូល​កាលពី​ថ្ងៃទី​២៧ កក្កដា បាន​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក សៀម ភ្លុក ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ដោយ​សំអាង​ថា ការ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ នឹង​ប៉ះពាល់​ដល់​ដំណើរការ​នីតិវិធី​របស់​តុលាការ។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក សៀម ភ្លុក គឺ​លោក ជូង ជូងី ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា តុលាការ​កំពូល​បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​កូនក្ដី​របស់​លោក​ដូច​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ដែរ។ លោក​បញ្ជាក់​ថា តុលាការ​កំពូល​បាន​ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ជា​រឿង​ត្រឹមត្រូវ។

លោក ជូង ជូងី បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​របស់​តុលាការ ដោយ​ថា​លោក សៀម ភ្លុក មិន​បាន​ក្លែង​ឯកសារ ហើយ​ក៏​មិន​បាន​ដឹង​ថា ឯកសារ​ដែល​បាន​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ នា​ពេល​កន្លងមក​នោះ​ជា​ឯកសារ​ក្លែង​ដែរ។ លោក​អះអាង​ថា លោក​នឹង​ត្រឡប់​ទៅ​ដាក់​សំណើ​នៅ​តុលាការ​ជាន់​ទាប​វិញ គឺ​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ដោះលែង​កូនក្ដី​របស់​លោក​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ លោក​ថា សំណុំរឿង​របស់​លោក សៀម ភ្លុក មិន​ទាន់​ឈាន​ដល់​ដំណាក់កាល​ជំនុំជម្រះ​នោះ​ទេ ដោយ​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបសួរ​នៅឡើយ។

លោក សៀម ភ្លុក ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ «ក្លែង​បន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង» កាលពី​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២២ និង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ភ្លាមៗ​ថ្ងៃ​ដដែល​នោះ។

កាលពី​ថ្ងៃទី​២២ ខែ​កក្កដា អតីត​តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ បាន​ស្នើសុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​តុលាការ​ទម្លាក់​បទ​ចោទប្រកាន់ ដោយ​អះអាង​ថា រូបលោក​មិន​បាន​ក្លែង​ឯកសារ និង​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​យក​ទៅ​កុហក​ក្រសួង​មហាផ្ទៃ ដើម្បី​បង្កើត​គណបក្ស​ឡើយ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត បង្ហាញ​ការ​សោកស្ដាយ​ដែល​តុលាការ​មិន​អនុញ្ញាត​ឱ្យ​លោក សៀម ភ្លុក នៅ​ក្រៅ​ឃុំ។ លោក​បន្ត​ថា ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ដែល​ជា​ជន​ត្រូវ​ចោទ​រូប​នេះ​មិន​មាន​ចេតនា​ក្នុង​ការ​ក្លែង​ស្នាម​មេដៃ​នោះ​ទេ តែ​ជា​កំហុស​ខ្វះខាត​មួយ​ចំនួន​ប៉ុណ្ណោះ ហើយ​ករណី​នេះ​ក៏​មិន​បាន​បង្ក​ការ​ប៉ះពាល់​ដល់​សង្គម​ជាតិ ឬ​នរណា​ម្នាក់​នោះ​ដែរ។

លោក សៀម ភ្លុក ត្រូវ​បាន​ក្រសួង​មហាផ្ទៃ រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ស្នាម​មេដៃ ដើម្បី​បង្កើត​គណបក្ស​បេះដូង​ជាតិ កាលពី​ខែ​មិថុនា ឆ្នាំ​២០២១។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ផ្ញើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស