39.4 C
Phnom Penh

ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​អះអាង​ថា​នៅ​តែ​ប្ដេជ្ញា​បន្ត​សកម្មភាព​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​បេះដូង​ជាតិ បាន​ប្ដេជ្ញា​ដោយ​មុតមាំ​ថា នឹង​នៅតែ​បន្ត​ការ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ ប៉ុន្តែ​មិន​បាន​ជ្រើសរើស​ថា គួរ​បង្កើត​គណបក្ស​ថ្មី​ទៀត ឬ​ត្រូវ​បន្ត​ចូលរួម​ជាមួយ​គណបក្ស​ដទៃ​ណា​មួយ​នៅឡើយ​ទេ បើ​ទោះ​ជា​ត្រូវ​រង​ការ​គំរាមកំហែង និង​យាយី​ពី​ក្រសួង​មហាផ្ទៃ​យ៉ាង​ណា​ក្តី។

លោក សៀម ភ្លុក ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា លោក​នឹង​មិន​បោះបង់​គោលដៅ ឬ​ងាក​ចេញពី​សមរភូមិ​នយោបាយ​ទេ។ លោក​បន្ត​ថា ថ្វីត្បិត​នៅ​ពេលនេះ​សេចក្តី​សម្រេច​ចុងក្រោយ​របស់​តុលាការ​កំពូល បាន​បិទ​ផ្លូវ​តវ៉ា​របស់​លោក​ក្តី តែ​ឆន្ទៈ និង​គោលដៅ​នៃ​ការ​ធ្វើ​នយោបាយ​របស់​លោក នៅតែ​បន្ត​រហូត។

យ៉ាង​នេះ​ក្តី លោក សៀម ភ្លុក នៅ​មិនទាន់​ប្រាកដ​នៅឡើយ​ទេ​ថា តើ​គណបក្ស​នយោបាយ​មួយ​ណា​ដែល​លោក​នឹង​ត្រូវ​សម្រេច​ចិត្ត​ចូលរួម​ធ្វើ​សកម្មភាព​សម្រាប់​ការ​ប្រកួតប្រជែង​ការ​បោះឆ្នោត​ឃុំ-សង្កាត់ ឆ្នាំ​២០២២ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​កំពូល លោក គង់ ស្រ៊ីម កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២១ បាន​សម្រេច​ឱ្យ​គណបក្ស​បេះដូង​ជាតិ ចាញ់​ក្តី​ក្នុង​សំណុំរឿង​ដែល​ស្នើសុំ​ឱ្យ​ក្រសួង​មហាផ្ទៃ បើក​ផ្លូវ​សម្រាប់​គណបក្ស​ថ្មីថ្មោង​មួយ​នេះ​បាន​ចុះបញ្ជី​ជា​គណបក្ស​នយោបាយ​ផ្លូវការ។

បើ​តាម​លោក សៀម ភ្លុក គិត​មកដល់​ពេលនេះ​មាន​សមាជិក​គណបក្ស​នយោបាយ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ប្រមាណ ១២​នាក់​ហើយ កំពុង​រង​បណ្តឹង​ដោយ​តុលាការ​ចោទប្រកាន់​ពី​បទ «ក្លែង​បន្លំ​ស្នាម​មេដៃ និង​មាន​ចេតនា​ទុច្ចរិត»។

កាលពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ លោក សំ សុគង់ មេធាវី​ការពារ​ក្តី​ឱ្យ​គណបក្ស​បេះដូង​ជាតិ បាន​ដាក់​បណ្តឹង​ដោយ​ស្នើសុំ​ឱ្យ​តុលាការ​កំពូល​ទម្លាក់​ចោល​រាល់​ការ​ចោទប្រកាន់​នានា​របស់​ក្រសួង​មហាផ្ទៃ ប្រឆាំង​គណបក្ស​បេះដូង​ជាតិ។

កាលពី​កន្លងមក លោក ហ៊ុន សែន បាន​ទទួល​ការ​យល់ព្រម​តាម​សេចក្តី​រាយការណ៍​របស់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​អះអាង​ថា គណបក្ស​បេះដូង​ជាតិ​នេះ​លួច​បន្លំ​ស្នាម​មេដៃ និង​មាន​ស្នាម​មេដៃ​ស្ទួន ថែមទាំង​មាន​ចេតនា​ទុច្ចរិត។ របាយការណ៍​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​រាយការណ៍​ទៅ​លោក ហ៊ុន សែន អំពី​ស្ថានភាព​គណបក្ស​បេះដូង​ជាតិ​នេះ ដោយ​សំអាង​ហេតុ​នៃ​ការ​ធ្វើ​កោសលវិច័យ​ថា ពិត​ជា​មាន​ការ​ក្លែង​បន្លំ​បែប​នេះ​មែន។

បើ​ទោះ​ជា​បែប​ណា ទាំង​អ្នកជំនាញ​កិច្ចការ​បោះឆ្នោត និង​អ្នកវិភាគ​នយោបាយ សុទ្ធតែ​បាន​អះអាង​ថា បញ្ហា​ដែល​កើតឡើង​នេះ​ដោយសារ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មាន​ខ្លឹមសារ​ចង្អៀត និង​ជួយ​ឱ្យ​ភាគី​រដ្ឋាភិបាល​មាន​ប្រៀប​ជានិច្ច​លើ​ដៃគូ​នយោបាយ​ពី​ខាង​ប្រឆាំង។ ម្យ៉ាង​វិញ​ទៀត នេះ​ជា​ករណី​លើក​ទី​១​ហើយ​ដែល​ក្រសួង​មហាផ្ទៃ រក​លេស​ដើម្បី​បិទ​ផ្លូវ​គណបក្ស​បេះដូង​ជាតិ។ បើ​ផ្អែក​ទៅ​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ក្តី និង​រដ្ឋធម្មនុញ្ញ​ក្តី មិន​បាន​បិទ​ផ្លូវ​សម្រាប់​ការ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​តាមរយៈ​ការ​បង្កើត​គណបក្ស​ឡើយ។

បើ​ទោះ​ជា​មកដល់​ពេលនេះ សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល បាន​ចូល​ជា​ធរមាន​ក្តី សម្រាប់​លោក សៀម ភ្លុក នៅតែ​ចាត់ទុក​ថា​ករណី​របស់​លោក​នេះ វា​គឺជា​រឿង​នយោបាយ​សុទ្ធសាធ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស