ពលរដ្ឋខ្មែររស់នៅក្រៅស្រុក នឹងប្រារព្ធធ្វើពិធីបុណ្យសពគម្រប់ ៧ថ្ងៃទៅតាមប្រពៃណីខ្មែរជូនពលករខ្មែរដែលបានធ្វើអត្តឃាតដោយសារតែរងសម្ពាធទាំងផ្លូវចិត្ត និងផ្លូវកាយពីខាងក្រុមហ៊ុនរោងចក្រ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ស្ថិតក្នុងវត្តខ្មែរសាមគ្គី ឃុំហាំបារ៉ា ស្រុកអៃកូគើន ខេត្តកាណាកាវ៉ា ដើម្បីរួមចំណែកលើកទឹកចិត្តគ្រួសារជនរងគ្រោះ និងក្នុងនាមជាគ្រួសារខ្មែរដូចគ្នា។
អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ អ្នកស្រី កែវ ម៉ាលីនដា ដែលមានគណនី Facebook ឈ្មោះថា Angkor Jasmine បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ថា ដោយមានការអាណិតអាសូរដល់គ្រួសារជនរងគ្រោះដែលកំពុងតែរងនូវភាពអយុត្តិធម៌ ក្រុមការងាររបស់អ្នកស្រីបានផ្ដួចផ្ដើមរៀបចំចាត់ចែងធ្វើពិធីបុណ្យសពគម្រប់ ៧ថ្ងៃរបស់ពលករខ្មែររូបនោះទៅតាមគន្លងព្រះពុទ្ធសាសនាក្នុងប្រទេសជប៉ុន។
អ្នកស្រីបន្តថា៖ «អ្នកស្រីអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅប្រទេសជប៉ុន ចូលរួមពិធីបុណ្យ ៧ថ្ងៃនេះឱ្យបានច្រើនកុះករ ដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីជួយលើកទឹកចិត្តគ្រួសារជនរងគ្រោះដែលកំពុងមានទុក្ខក្រៀមក្រំដោយសារការបាត់បង់សមាជិកគ្រួសារក្នុងពេលបម្រើការងារទាំងឃ្លាតឆ្ងាយពីស្រុកកំណើតក្នុងប្រទេសជប៉ុន នេះ»។
កម្មវិធីបុណ្យសព ៧ថ្ងៃរបស់លោក តេង ឆវ័ន្ត នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ១០ព្រឹក ថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២ ស្ថិតក្នុងវត្តខ្មែរសាមគ្គី ឃុំហាំបារ៉ា ស្រុកអៃកូគើន ខេត្តកាណាកាវ៉ា។
សមាជិកសហជីព General Support Union-NPO/POSSE ក្នុងទីក្រុងតូក្យូ អ្នកស្រី ម៉ៃ តាកិម៉ូរ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ មករា នេះថា អ្នកស្រីសូមអំពាវនាវឱ្យពលរដ្ឋខ្មែរទាំងអស់ក្នុងប្រទេសជប៉ុន ចូលរួមកម្មវិធីបុណ្យនេះឱ្យបានច្រើនកុះករ។ ជាងនេះទៀត អ្នកស្រីបញ្ជាក់ថា អ្នកដែលអញ្ជើញមកចូលរួមកម្មវិធីបុណ្យតាមរថភ្លើង សូមចុះនៅចំណត ហ៊ុងអាត់សឹគិ ចំពោះអ្នកដែលអញ្ជើញចូលរួមដោយរថយន្ត សូមទាក់ទងទៅកាន់អ្នកស្រី ដើម្បីដឹងពីពេលវេលាកាន់តែលម្អិតបន្ថែមទៀត។
កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ពលករខ្មែរ លោក តេង ឆវ័ន្ត បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងក្នុងផ្ទះជួល ស្ថិតនៅខេត្តកាណាកាវ៉ា ប្រទេសជប៉ុន ក្រោយរងនូវសម្ពាធការងារធ្ងន់ធ្ងរពីខាងក្រុមហ៊ុន បន្ទាប់ពីពលករខ្មែររូបនេះបានបម្រើការងារអស់រយៈពេលប្រមាណជាង ២ឆ្នាំកន្លងមក។
ជុំវិញបញ្ហានេះ មន្ត្រីគ្រប់គ្រងខាងផ្នែកសិទ្ធិការងាររបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ធ្លាប់អះអាងថា ពលករខ្មែរដែលទៅបម្រើការនៅប្រទេសជប៉ុន ដែលត្រូវបានគេចាត់ទុកថាគ្រាន់តែជាសិក្ខាកាមហាត់ការដូចសព្វថ្ងៃនេះ គឺជាបញ្ហាចម្បងសម្រាប់ពួកគេយ៉ាងធ្ងន់ធ្ងរដែលរដ្ឋាភិបាលកម្ពុជា ត្រូវរកដំណោះស្រាយជាបន្ទាន់។
លោកបន្តថា៖ «ក្រុមហ៊ុនងាយនឹងកេងប្រវ័ញ្ចលើកម្លាំងពលកម្មបានយ៉ាងងាយស្រួលលើពលករខ្មែរទាំងនោះ ត្បិតពួកគេសំអាងថា ពលករទាំងនោះមិនមែនជាកម្មករនោះទេ គ្រាន់តែជាសិក្ខាកាមហាត់ការតែប៉ុណ្ណោះ។ ជាងនេះទៀត សិក្ខាកាមទាំងនោះក៏មិនស្ថិតក្នុងច្បាប់ការងារណាមួយរបស់ពលករដែរ»។
លោកបន្ថែមទៀតថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលកម្ពុជាត្រូវតែចុះអនុសារណៈយោគយល់ដើម្បីបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុនជាផ្លូវការ ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ដើម្បីធានាឱ្យពលករខ្មែរទទួលបានការការពារសិទ្ធិការងារពេញលេញពីរដ្ឋាភិបាលជប៉ុន និងដើម្បីចៀសវាងការធ្វើបាបពីក្រុមហ៊ុនដែលពួកគេបម្រើការផងដែរ។
ក្រុមអ្នកឃ្លាំមើលសង្គម រិះគន់ថា រដ្ឋាភិបាលកម្ពុជា គឺជារដ្ឋាភិបាលអសមត្ថភាពមួយប៉ុណ្ណោះ មិនត្រឹមតែមិនអាចបង្កើតការងារគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋខ្លួនឯងនោះទេ ប៉ុន្តែក៏គ្មានសមត្ថភាពជួយការពារសិទ្ធិពលរដ្ឋខ្លួនធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសផងដែរ ក្នុងនោះពលករខ្មែរជាច្រើនត្រូវរងការរំលោភសិទ្ធិការងារ និងធ្វើទុក្ខបុកម្នេញតាមវិធីផ្សេងពីខាងរោងចក្រ រហូតពលករទាំងនោះមិនអាចទ្រាំទ្របានឈានទៅធ្វើអត្តឃាតខ្លួនឯងក៏មាន៕