ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុក លើកឡើងថា ការលើកលោក ហ៊ុន ម៉ាណែត ឱ្យធ្វើជានាយករដ្ឋមន្ត្រីកាន់តែឆាប់ដូចដែលលោក ហ៊ុន សែន ធ្វើសព្វថ្ងៃនេះ គឺមានសេណារីយ៉ូធំៗពីរ ដើម្បីជួយទប់អំណាចត្រកូល ហ៊ុន គឺលោក ហ៊ុន សែន ព្យាយាមក្តោបក្តាប់កងកម្លាំងប្រដាប់អាវុធផ្ទៃក្នុងជាតិឱ្យបានទាំងស្រុង និងសម្បទានទ្រព្យសម្បត្តិជាតិកាន់តែច្រើនឱ្យទៅវៀតណាម និងសម្បទាននយោបាយការបរទេសគ្រប់បែបយ៉ាងឱ្យទៅមិត្តដែកថែបចិន តាមអ្វីដែលខ្លួនអាចធ្វើបាន។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២៥ ខែមករា នេះថា ការលើកកូនប្រុសខ្លួនឯងឱ្យឆាប់ឡើងកាន់អំណាច គឺជានយោបាយឆ្លាតវៃបំផុតសម្រាប់ផលប្រយោជន៍ និងអំណាចគ្រួសារលោក ហ៊ុន សែន ប៉ុន្តែផលប្រយោជន៍ប្រទេសជាតិនឹងរលាយហិនហោចកាន់តែឆាប់ផងដែរ។
លោក គឹម សុខ លើកឡើងថា ការដឹកនាំប្រទេសតាមរបៀបលោក ហ៊ុន សែន ក្នុងការផ្ទេរអំណាចស្នងត្រកូលបែបនេះ គឺជាវិធីនៃការកម្ទេចមូលដ្ឋាននៃការរីកលូតលាស់របស់ប្រទេសជាតិទាំងស្រុង ជាពិសេសគឺការនាំកម្ពុជាទៅរកការបាត់បង់អធិបតេយ្យជាតិតែម្តង ព្រោះថាអំណាចដែលគ្រួសារលោក ហ៊ុន សែន កំពុងក្ដោបក្ដាប់ គឺជាអំណាចដែលបានមកពីការដោះដូរវាសនាប្រទេសជាតិជាមួយបរទេសប៉ុណ្ណោះ។

អ្នកវិភាគរូបនេះអះអាងថា ការនាំកូនប្រុសខ្លួនឯង គឺលោក ហ៊ុន ម៉ាណែត ទៅជួបមេដឹកនាំយោធាផ្ដាច់ការភូមា ការទទួលទានអាហារជាមួយប្រធានាធិបតីវៀតណាម នៅគេហដ្ឋានរបស់ខ្លួន ទៅជួបប្រធានាធិបតីចិន គឺជាយុទ្ធសាស្ត្រណែនាំលោក ហ៊ុន ម៉ាណែត ឱ្យមេដឹកនាំប្រទេសទាំងនោះទទួលស្គាល់ ប៉ុន្តែមេដឹកនាំប្រទេសប្រជាធិបតេយ្យមិនស្វាគមន៍វិធីសាស្ត្ររបស់លោក ហ៊ុន សែន បែបនេះឡើយ។
លោក គឹម សុខ បានអះអាងធ្វើឡើងដើម្បីរិះគន់មេដឹកនាំបក្សកាន់អំណាចនៅកម្ពុជា ដែលកំពុងព្យាយាមផ្ទេរអំណាចទៅកូនប្រុសបង្កើតរបស់ខ្លួនតាមរយៈធ្វើនយោបាយរណបបរទេសដូចដែលខ្លួនធ្លាប់អនុវត្តជាង ៤០ឆ្នាំមកនេះ។
អ្នកសង្កេតការណ៍កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកិច្ចពិភាក្សានេះដែរថា ការដឹកនាំរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ដែលធ្វើឱ្យពលរដ្ឋខឹងសម្បា ដូចជាការធ្វើទុក្ខបុកម្នេញក្រុមប្រឆាំង ការជំពាក់បំណុលចិន និងការដាក់ទណ្ឌកម្មរបស់មហាអំណាចលោកសេរីនៅពេលនេះ ជាដើម គឺជាផលវិបាកយ៉ាងធំធេងសម្រាប់លោក ហ៊ុន ម៉ាណែត នៅពេលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត។
ជុំវិញបញ្ហានេះ កាលពីដើមខែធ្នូ ឆ្នាំ២០២១ មេដឹកនាំបក្សកាន់អំណាចដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន បានគំរាមមន្ត្រីក្នុងបក្សរបស់ខ្លួនថា អ្នកដែលចង់ដណ្តើមតំណែងធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីពីកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ត្រូវតែធ្វើឃាតលោកជាមុនសិន ប៉ុន្តែបុរសខ្លាំងនៅកម្ពុជារូបនេះព្រមានថា អ្នកដែលប៉ុនប៉ងធ្វើឃាតលោក ពួកគេក៏មិនមានជីវិតរស់នៅដែរ ហើយសង្គ្រាមច្បាស់ជានឹងផ្ទុះឡើងជាមិនខាន។
ក្រុមអ្នកសង្កេតការណ៍រិះគន់ថា ដើម្បីការផ្ទេរអំណាចរបស់ខ្លួនបានជោគជ័យ លោក ហ៊ុន សែន ប្រឹងប្រែងខ្លាំងណាស់ក្នុងការណែនាំឱ្យមេដឹកនាំចិន ទទួលស្គាល់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត។ ជាងនេះទៅទៀត កាលពីចុងខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុន សែន ក៏បានអញ្ជើញមេដឹកនាំវៀតណាម ទៅទទួលទានអាហារនៅគេហដ្ឋានរបស់ខ្លួនជាមួយកូនប្រុសទាំងបីរបស់គាត់ ដែលត្រូវគេមើលឃើញថាជាការជួបជុំដើម្បីផ្តាំផ្ញើទៅមេដឹកនាំវៀតណាម ឱ្យជួយជ្រោមជ្រែងលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីខ្មែរទៅថ្ងៃមុខ៕