សាលាដំបូងខេត្តបន្ទាយមានជ័យ កោះហៅអភិបាលស្រុកព្រះនេត្រព្រះ និងមេឃុំប្រាសាទ ឱ្យចូលបំភ្លឺនៅខែមីនា ខាងមុខនេះ ពាក់ព័ន្ធនឹងរឿងឈូសឆាយដីព្រៃលិចទឹក។
លិខិតអញ្ជើញរបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក កើត វណ្ណារ៉េត ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានតម្រូវឱ្យមេឃុំប្រាសាទ លោក មាស ហ៊ឺក ចូលបំភ្លឺនៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ រឿងឈូសឆាយដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប។
ចំណែកលិខិតអញ្ជើញមួយទៀតចុះថ្ងៃដដែលនោះ ក៏បានតម្រូវឱ្យអភិបាលស្រុកព្រះនេត្រព្រះ លោក ឃូ ពៅ ចូលបំភ្លឺនៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្នុងដំណើររឿងពាក់ព័ន្ធនឹងការឈូសឆាយទន្ទ្រានដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ស្ថិតនៅភូមិសាស្ត្រឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។
រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ស្ដីពីការកំណត់ដែនព្រៃលិចទឹកប្រមាណ ៦៥ម៉ឺនហិកតារ ស្ថិតក្នុងខេត្តចំនួន៦ ជុំវិញបឹងទន្លេសាប រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ។
ប៉ុន្តែព្រៃលិចទឹកនៅខេត្តជុំវិញបឹងទន្លេសាប បានរងការកាប់ ឈូសឆាយ និងទន្ទ្រានយកជាធ្វើជាកម្មសិទ្ធិឯកជនពីសំណាក់មន្ត្រីនៅក្នុងជួររដ្ឋាភិបាល ចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ខេត្ត រួមទាំងមន្ត្រីនៅក្នុងតុលាការផងដែរ។
ពាក់ព័ន្ធនឹងការទន្ទ្រានដីព្រៃលិចទឹកនេះ លោក ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាទៅប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ចុះទប់ស្កាត់ជាបន្ទាន់ចំពោះករណីទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបដោយខុសច្បាប់ និងចាត់វិធានការច្បាប់តឹងរ៉ឹងចំពោះអ្នកល្មើសផងដែរ។
លើសពីនេះ លោក ហ៊ុន សែន បានបង្កើតគណៈកម្មការចុះស្រាវជ្រាវពាក់ព័ន្ធនឹងការទន្ទ្រានដីព្រៃលិចទឹកនេះ ប៉ុន្តែចាប់តាំងពីមានការបញ្ជាមកដល់ពេលនេះ មានតែមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង ពីររូបប៉ុណ្ណោះ ត្រូវបាននាំខ្លួនមកសាកសួរ និងឃុំខ្លួនពាក់ព័ន្ធការរំលោភដីព្រៃលិចទឹករាប់ពាន់ហិកតារ ខណៈអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន រហូតមកទល់ពេលនេះនៅមិនទាន់មានព័ត៌មានណាមួយស្តីអំពីការនាំខ្លួន និងចាប់ខ្លួននៅឡើយទេ។
ខណៈប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានលើកឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ថា មន្ត្រីជំនាញធ្វើរបាយការណ៍ពាក់ព័ន្ធនឹងរឿងការទន្ទ្រានដីព្រៃលិចទឹកគ្មានភាពស្មោះត្រង់ជាមួយពលរដ្ឋ និងរដ្ឋាភិបាលឡើយ ដោយពួកគេធ្វើរបាយការណ៍ភូតកុហក។ លោកបន្តថា មូលហេតុដែលលោកលើកឡើងដូច្នោះ ដោយសារដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាបក្នុងខេត្តកំពង់ធំ បានបាត់បង់ជាង ១០ម៉ឺនហិកតារ ប៉ុន្តែរបាយការណ៍របស់ក្រុមមន្ត្រីជំនាញអន្តរក្រសួង បានរកឃើញនោះតែជាង ៣ពាន់ហិកតារទៅវិញ៕