32 C
Phnom Penh

ប្រជា​នេសាទ​ថា​ត្រី​គ្រប់​ប្រភេទ​ក្នុង​បឹង​ទន្លេសាប​កំពុង​ប្រឈម​នឹង​ការ​វិនាស​ផុត​ពូជ​ដោយសារ​ការ​នេសាទ​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជា​នេសាទ​នៅ​តាម​ខេត្ត​ជាប់​បឹង​ទន្លេសាប លើកឡើង​ថា ត្រី​គ្រប់​ប្រភេទ​ក្នុង​បឹង​ទន្លេសាប​កំពុង​ប្រឈម​នឹង​ការ​វិនាស​អន្តរាយ​ផុត​ពូជ ដោយសារតែ​ការ​នេសាទ​ខុស​ច្បាប់​ចាប់​ត្រី​គ្រប់​ខ្នាត ទាំង​កូន​ត្រី ត្រី​ជំទង់ និង​ត្រី​ធំ ដោយ​គ្មាន​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ។

អ្នក​នេសាទ​ខេត្ត​កំពង់ឆ្នាំង ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២១ វិច្ឆិកា នេះ​ថា ការ​នេសាទ​ខុស​ច្បាប់​ក្នុង​បឹង​ទន្លេសាប​បច្ចុប្បន្ន​នេះ កំពុង​បំផ្លាញ​កូន​ត្រី​ដែល​ទើប​ធំ​មាន​ទំហំ​ប៉ុនៗ​ម្រាមដៃ ដូចជា កូន​ត្រី​ផ្ទក់ ខណៈ​កូន​ត្រី​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​ចាប់​យក​អស់​រាប់​តោន​ក្នុង ១​ថ្ងៃៗ​សម្រាប់​ធ្វើ​ជា​ចំណី​ត្រី​ឆ្ដោរ និង​ជា​ចំណី​ក្រពើ ដែល​គេ​ចិញ្ចឹម​សព្វថ្ងៃ​នេះ។

ប្រភព​ដដែល​អះអាង​ថា ឧបករណ៍​នេសាទ​ខុស​ច្បាប់​ដែល​កំពុង​រាតត្បាត​យ៉ាង​អនាធិបតេយ្យ​ក្នុង​បឹង​ទន្លេសាប​រាល់​ថ្ងៃ​នេះ​មាន​ច្រើន​ប្រភេទ​ណាស់ ដូចជា យាំងកាវ ឬ​ឆក់​ត្រជាក់ ឬ​អួន​ប្រភេទ​ឆ្នុក ជាដើម មាន​ទំហំ​រហូត​ទៅ​ដល់​រាប់​សិប​ម៉ែត្រ​ក្នុង​មួយ​កន្លែងៗ។ ពួកគេ​និយាយ​ថា កូន​ត្រី​គ្រប់​ប្រភេទ​ត្រូវ​បាន​ចាប់​យក​ជា​រៀង​រាល់​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ត្រី​ក្នុង​បឹង​ទន្លេសាប​ចេះតែ​ចុះ​អន់ថយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

ក្រុម​អ្នក​នេសាទ​ទាំងនេះ​បញ្ជាក់​ថា ប្រសិនបើ​អាជ្ញាធរ​មាន​បំណង​ទប់ស្កាត់​បទល្មើស​ទាំងនោះ មិន​ចាំបាច់​ចុះ​ទៅ​មើល​កន្លែង​នេសាទ​ទាំងនោះ​ក៏​បាន បើ​ពួកគាត់​ខ្ជិល គ្រាន់តែ​មក​ពិនិត្យ​មើល​តាម​ផ្ទះ​ដែល​ហាល​កូន​ត្រី​សម្រាប់​ធ្វើ​នុយ ក៏​អាច​កំណត់​បាន​នូវ​បទល្មើស​ទាំងនោះ​ដែរ។ ជាង​នេះ​ទៀត បើ​ពួកគេ​ចុះ​ទៅ​ពិនិត្យ​តាម​ទីតាំង​ទិញ​លក់​ត្រី​ពី​អ្នក​នេសាទ​នៅ​តាម​មាត់ទឹក គឺ​រឹតតែ​ឃើញ​ច្បាស់​ថែម​ទៀត ពីព្រោះ​កូន​ត្រី​ដែល​បាន​មកពី​ការ​នេសាទ​ខុស​ច្បាប់​ទាំងនោះ ក៏​ត្រូវ​បាន​ដាក់​លក់​នៅ​តាម​ទីតាំង​ទាំងនោះ​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​នូវ​ការ​បង្ក្រាប​បទល្មើស​នេសាទ​ខ្លះ គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ ខណៈ​ការ​នេសាទ​ខុស​ច្បាប់​ក្នុង​ខេត្ត​ទាំង ៦ ដែល​ជាប់​បឹង​ទន្លេសាប គឺ​មាន​រហូត​ទៅ​ដល់​រាប់​ពាន់​ករណី​ឯណោះ ចំណែក​ខេត្ត​ខ្លះ​ដែល​មិន​បាន​ផ្សព្វផ្សាយ​ពី​ការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់ ក៏​មិនមែន​មាន​ន័យ​ថា​គ្មាន​បទល្មើស​ទាំងនោះ​កើតឡើង​ដែរ ប៉ុន្តែ​មាន​ន័យ​ថា ការ​នេសាទ​ខុស​ច្បាប់​ទាំងនោះ​កំពុងតែ​ដំណើរការ​ដោយ​រលូន​ទៅវិញ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​ធ្វើការ​បង្ក្រាប​ការ​ប្រើ​ឧបករណ៍​ចាប់​ត្រី​ខុស​ច្បាប់​នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ដោយ​បង្ក្រាប​បាន​ទូក​ស្មាច់​ចំនួន ៥​គ្រឿង និង​មនុស្ស​ចំនួន ១០​នាក់។ ពួកគេ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សង្កាត់​រដ្ឋបាល​ជលផល​បរិបូណ៌ ដើម្បី​ធ្វើ​កិច្ចសន្យា​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តាម​បណ្ដា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ទាំងអស់ កម្ចាត់​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​ឱ្យ​អស់ បើ​ទោះបីជា​ត្រូវ​ប្រើ​មធ្យោបាយ​ណា​ក៏ដោយ។

លោក ហ៊ុន សែន ព្រមាន​ថា ប្រសិនបើ​មន្ត្រី​ពាក់ព័ន្ធ​រាប់​ចាប់តាំងពី​ចៅហ្វាយ​ខេត្ត រដ្ឋមន្ត្រី និង​មេ​ទាហាន មេ​ប៉ូលិស​ទាំងឡាយ មិន​អាច​បង្ក្រាប​បទល្មើស​នេសាទ​ត្រី​ខុស​ច្បាប់ ជាពិសេស​បទល្មើស​ទ្រង់ទ្រាយ​ធំ​បាន​ទេ នោះ​ពួកគេ​មិន​គួរ​បន្ត​ការងារ​របស់​ខ្លួន​តទៅ​ទៀត​ឡើយ ប៉ុន្តែ​ក្រោយ​ការ​ព្រមាន​នេះ បទល្មើស​នេសាទ​នៅតែ​កើតមាន​ដដែល ខណៈ​អាជ្ញាធរ និង​អភិបាល​ខេត្ត​ដែល​ទប់ស្កាត់​បទល្មើស​នេះ​មិន​បាន នៅតែ​បន្ត​កាន់​តំណែង​ជា​អភិបាលខេត្ត​ដដែល​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​បណ្ឌិត សុខ ទូច ធ្លាប់​បាន​លើកឡើង​ថា ដើម្បី​ធានា​បង្កើន​ហ្វូង​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប ត្រូវ​ហាមឃាត់​កុំ​ឱ្យ​ដាក់​ព្រួល​ជាប់ៗ​គ្នា​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ត្រី​មិន​អាច​បន្លាស់​ទី​ទៅ​កាន់​ទី​ឆ្ងាយ​ដើម្បី​រក​ចំណី និង​កន្លែង​ពង​កូន។

លើស​ពី​នេះ​ទៅ​ទៀត ក៏​ត្រូវ​ហាម​មិន​ឱ្យ​មាន​ការ​ប្រើប្រាស់​មង​ក្រឡា​ល្អិត​នៅ​តាម​តំបន់​អភិរក្ស ហើយ​ហាម​ជាដាច់ខាត​ចំពោះ​ការ​នេសាទ​នៅ​រដូវ​ត្រី​ពង​កូន និង​ទប់ស្កាត់​ការ​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ត្រី និង​ជីវចម្រុះ​នានា​នៅ​ក្នុង​បឹង​ទន្លេសាប ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស