32 C
Phnom Penh

បណ្ឌិត សុខ ទូច ចាត់ទុក​អ្នក​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​ក្នុង​បឹង​ទន្លេសាប​គឺជា​ទង្វើ​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច ចាត់ទុក​អ្នក​ដែល​បំផ្លាញ​តំបន់​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប ដែល​ជា​កន្លែង​ជម្រក​ត្រី​ពង និង​ជា​ជង្រុក​ចំណី​ត្រី គឺជា​មនុស្ស​ដែល​មាន​ចិត្ត​អន្យតិរ្ថិយ និង​ជា​ទង្វើ​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​ខ្មែរ។

បណ្ឌិត សុខ ទូច សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា បឹង​ទន្លេសាប​ជា​បឹង​ដ៏​ធំ​ដែល​ពោរពេញ​ទៅ​ហ្វូង​មច្ឆជាតិ​គ្រប់​ប្រភេទ ឬ​អាច​ប្រៀបធៀប​បាន​ថា​ជា​បឹង​ដែល​ពោរពេញ​ទៅ​ដោយ​ក្លិន​ឆ្អាប​ត្រី​គ្រប់​ទីកន្លែង ដោយសារតែ​បឹង​ទឹកសាប​ដ៏​ធំ​សម្បើម​មួយ​នេះ សម្បូរ​ទៅ​ដោយ​ជីវចម្រុះ​រាប់​លាន​ជំពូក។

បណ្ឌិត សុខ ទូច លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ខ្មែរ​ចេះ​ថែរក្សា​បឹង​ទន្លេសាប​ដោយ​ការ​មិន​បំផ្លាញ​ត្រី​ក្នុង​បឹង​នេះ តាមរយៈ​នៃ​ការ​លុប​បំបាត់​ការ​នេសាទ​ខុស​ច្បាប់ ការ​មិន​កាប់​បំផ្លាញ​ព្រៃ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក ដែល​ជា​ទីតាំង​ជម្រក​ត្រី​ពង និង​ជា​កន្លែង​ផ្តល់​ចំណី​អាហារ​សម្រាប់​មច្ឆជាតិ ប្រជាពលរដ្ឋ​ខ្មែរ​ច្បាស់​ជា​ទទួល​ផល​ពី​សម្បត្តិ​ធម្មជាតិ​មួយ​នេះ​មិន​ខ្វះ​ឡើយ ហើយ​ថែម​ទាំង​អាច​នាំ​ចេញ​ទៅ​លក់​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ថែម​ទៀត។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ការ​កាប់​បំផ្លាញ​តំបន់​ព្រៃ​លិច​ទឹក​ដែល​ជា​វិមាន​របស់​ហ្វូង​មច្ឆជាតិ​ដើម្បី​ចង់​មាន​ចង់​បាន គឺ​អាច​ធ្វើ​មាន​ធ្វើ​បាន​តែ​មួយ​ជំនាន់​តែប៉ុណ្ណោះ។ ផ្ទុយទៅវិញ បើ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អាច​ថែរក្សា​ឱ្យ​បាន​ល្អ នោះ​បឹង​ទន្លេសាប​ដ៏​មហិមា​នេះ​នឹង​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​ខ្មែរ​ធ្វើ​មាន​ធ្វើ​បាន​គ្រប់​ជំនាន់​តទៅ​ថ្ងៃ​អនាគត។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​បឹង​ទន្លេសាប​កំពុង​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​ការ​នេសាទ​ខុស​ច្បាប់ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​យ៉ាង​អនាធិបតេយ្យ ខណៈ​ចំណាត់ការ​របស់​រដ្ឋាភិបាល​នៅ​មាន​កម្រិត​នៅឡើយ។

បឹង​ទន្លេសាប​ជា​អាង​ស្តុក​ទឹក​ធម្មជាតិ​ដែល​មាន​មច្ឆជាតិ​ដ៏​សំខាន់​របស់​កម្ពុជា ដែល​មាន​ទំហំ​ចំនួន ៣​ពាន់​គីឡូម៉ែត្រ​ការ៉េ​នៅ​រដូវប្រាំង និង​មាន​ទំហំ​ចំនួន ១​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ​នៅ​រដូវវស្សា ដែល​ជាប់​ខេត្ត​ចំនួន​ប្រាំមួយ រួម​មាន ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ ខេត្ត​សៀមរាប ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ធំ និង​ខេត្ត​កំពង់ឆ្នាំង ផង​ដែរ។ ដោយឡែក​ព្រៃរនាម​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប មាន​ផ្ទៃដី​សរុប​ប្រមាណ​ជិត ២៥​ម៉ឺន​ហិកតារ ដែល​ជា​ជម្រក​សម្រាប់​ត្រី​ពង និង​ជា​ទីតាំង​ចំណី​ត្រី​ដ៏​សម្បូរ​បែប។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រជា​នេសាទ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប ជាដើម ធ្លាប់​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​នេសាទ​ខុស​ច្បាប់​ក្នុង​បឹង​ទន្លេសាប​បច្ចុប្បន្ន​នេះ កំពុង​បំផ្លាញ​កូន​ត្រី​ដែល​ទើប​នឹង​ធំ​ទំហំ​ប៉ុនៗ​ម្រាម​ដៃ​យ៉ាង​ធ្ងន់ធ្ងរ ដូចជា កូន​ត្រី​ផ្ទក់ ជាដើម ខណៈ​កូន​ត្រី​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​ចាប់​យក​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ផង​ដែរ ដែល​មាន​ទំហំ​ដល់​ទៅ​រាប់​តោន​ក្នុង ១​ថ្ងៃៗ សម្រាប់​ធ្វើ​ជា​ត្រី​នុយ គឺ​មាន​ន័យ​ថា​ធ្វើ​ជា​ចំណី​ត្រី​ឆ្ដោរ និង​ចំណី​ក្រពើ ដែល​គេ​ចិញ្ចឹម​សព្វថ្ងៃ​នេះ។

ប្រភព​ដដែល​អះអាង​ថា ឧបករណ៍​នេសាទ​ខុស​ច្បាប់​ដែល​កំពុង​រាតត្បាត​យ៉ាង​អនាធិបតេយ្យ​ក្នុង​បឹង​ទន្លេសាប​រាល់​ថ្ងៃ​នេះ​មាន​ច្រើន​ប្រភេទ​ណាស់ ដូចជា យាំងកាវ ឬ​ឆក់​ត្រជាក់ អ៊ុយ ឬ​សាច់​អួន ប្រភេទ​ឆ្នុក និង​ហ្សីប ជាដើម ដែល​មាន​ទំហំ​រហូត​ដល់​រាប់​សិប​ម៉ែត្រ​ក្នុង​មួយ​កន្លែងៗ ដែល​ធ្វើ​ឱ្យ​កូន​ត្រី​គ្រប់​ប្រភេទ​ត្រូវ​បាន​ចាប់​យក​ជា​រៀងរាល់​ថ្ងៃ​គ្មាន​សល់ ដូច្នេះ​ហើយ​បាន​ជា​ត្រី​ក្នុង​បឹង​ទន្លេសាប​ចេះ​តែ​ចុះ​អន់ថយ​ពី ១​ឆ្នាំ​ទៅ ១​ឆ្នាំ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តាម​បណ្ដា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ទាំងអស់ កម្ចាត់​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​ឱ្យ​អស់ បើ​ទោះបីជា​ត្រូវ​ប្រើ​មធ្យោបាយ​ណា​ក៏ដោយ។

លោក ហ៊ុន សែន ព្រមាន​ថា ប្រសិនបើ​មន្ត្រី​ពាក់ព័ន្ធ រាប់​ចាប់តាំងពី​ចៅហ្វាយ​ខេត្ត រដ្ឋមន្ត្រី និង​មេ​ទាហាន មេ​ប៉ូលិស​ទាំងអស់ បើ​មិន​អាច​បង្ក្រាប​បទល្មើស​នេសាទ​ត្រី​ខុស​ច្បាប់ ជាពិសេស​បទល្មើស​ទ្រង់ទ្រាយ​ធំ​បាន​ទេ ពួកគេ​មិន​គួរ​បន្ត​ការងារ​របស់​ខ្លួន​តទៅ​ទៀត​ឡើយ ប៉ុន្តែ​ក្រោយ​ការ​ព្រមាន​នេះ បទល្មើស​នេសាទ​នៅតែ​កើត​មាន​ដដែល ខណៈ​អាជ្ញាធរ និង​អភិបាល​ខេត្ត​ដែល​ទប់ស្កាត់​បទល្មើស​នេះ​មិន​បាន ក៏​នៅតែ​បន្ត​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ដដែល​ដែរ​រហូត​ដល់​សព្វថ្ងៃ​នេះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ដើម្បី​ធានា​បង្កើន​ហ្វូង​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប ត្រូវ​ហាមឃាត់​កុំ​ឱ្យ​នេសាទ​នៅ​តំបន់​អភិរក្ស​ក្នុង​រដូវ​ត្រី​ពង មិន​ឱ្យ​ធ្វើ​ស្រែ​នៅ​ក្នុង​តំបន់​៣ ដើម្បី​ទប់ស្កាត់​ការ​បាញ់​ថ្នាំ​សម្លាប់​សត្វល្អិត ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ជីវិត​ត្រី និង​សុខភាព​ត្រី ដែល​នាំ​ទៅ​ដល់​ការ​បង្អាក់​ពង។ លើស​ពី​នេះ ត្រូវ​ការពារ​កុំ​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ដែល​ជា​ជង្រុក​នៃ​ចំណី​ត្រី និង​ជា​កន្លែង​ផ្តល់​ជម្រក​សម្រាប់​ត្រី​ពង​នា​រដូវវស្សា​ផង​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​ទប់ស្កាត់​នូវ​ការ​នេសាទ​ខុស​ច្បាប់​ឱ្យ​បាន​ទាន់​ពេលវេលា​ទេ ក្នុង​រង្វង់ ២ ទៅ ៣​ឆ្នាំ​ទៀត ត្រី​ធំៗ និង​ពូជ​ត្រី​កម្រ​មួយ​ចំនួន នឹង​ផុត​ពូជ​អស់​ជាមិនខាន ហើយ​បឹង​ទន្លេសាប​នឹង​ក្លាយ​ជា​បឹង​មួយ​ដែល​មាន​តែ​ឈ្មោះ​ថា ជា​ជង្រុក​ត្រី ប៉ុន្តែ​នឹង​ប្រែ​ក្លាយ​ជា​បឹង​មួយ​ដែល​ប្រៀប​បាន​នឹង​ជង្រុក​ដែល​គ្មាន​ស្រូវ​ដូច្នោះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស