35 C
Phnom Penh

ពលរដ្ឋ​រស់នៅ​ខេត្ត​ប្រាំមួយ​ជាប់​បឹង​ទន្លេសាប ស្នើ​រាជរដ្ឋាភិបាល​កុំ​ដកហូត​ដីធ្លី​និង​ផ្ទះសម្បែង​ទៅ​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំង ៦ ជាប់​បឹង​ទន្លេសាប អំពាវនាវ​សុំ​រាជរដ្ឋាភិបាល​កុំ​ដកហូត​ដី​លំនៅឋាន និង​ដី​ស្រែ​ស្ថិត​ក្នុង​តំបន់​បឹង​ទន្លេសាប ដែល​រដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​ឱ្យ​កាន់កាប់ ត្រឡប់​ទៅវិញ បន្ទាប់ពី​ពួកគាត់​លេច​ឮ​ដំណឹង​ថា ការ​វាស់វែង​ដីធ្លី​ក្នុង​តំបន់​បឹង​ទន្លេសាប​នៅ​ពេលនេះ នឹង​ត្រូវ​រដ្ឋាភិបាល​ដកហូត​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ។

ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប ខេត្ត​កំពង់ធំ និង​ខេត្ត​ពោធិ៍សាត់ ជាដើម ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៩ កុម្ភៈ នេះ​ថា ពួកគេ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ខ្លាច​រដ្ឋាភិបាល​ដកហូត​ដី​លំនៅឋាន និង​ដី​ស្រែ​របស់​ពួកគេ​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ ទោះបីជា​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​ស្ថិត​ក្នុង​តំបន់​១ និង​តំបន់​២ ដែល​រាជរដ្ឋាភិបាល​អាណត្តិ​ចាស់​បាន​កាត់​ឆ្វៀល​ឱ្យ​កាន់កាប់ និង​អាស្រ័យ​ផល​កាលពី​ពេល​កន្លង​ទៅ​ហើយ​នោះ​ក៏ដោយ ព្រោះ​ពួកគេ​ខ្លាច​ថា​រដ្ឋាភិបាល​អាណត្តិ​ថ្មី​មាន​ផែនការ​ខុសពី​រដ្ឋាភិបាល​អាណត្តិ​មុន។

ប្រភព​ប្រជាពលរដ្ឋ​ដដែល​លើកឡើង​ថា អ្វី​ដែល​ពួកគាត់​ចង់​បាន​បំផុត​នោះ គឺ​គ្រាន់តែ​សុំ​ឱ្យ​រាជរដ្ឋាភិបាល​ចុះ​វាស់វែង និង​ធ្វើ​លិខិត​កាន់កាប់​សម្គាល់​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​លំនៅឋាន និង​ដី​ស្រែ​ដែល​ពួកគាត់​ធ្លាប់​កាន់កាប់ និង​អាស្រ័យ​ផល​កន្លង​មក​ប៉ុណ្ណោះ ព្រោះ​ថា​ប្រសិនបើ​រដ្ឋាភិបាល​ដក​ដី​របស់​ពួកគាត់​ត្រឡប់​ទៅវិញ ពួកគាត់​មិន​មាន​អ្វី​ដើម្បី​ទីពឹង​ទៀត​ទេ ក្រៅតែ​ពី​ការ​ធ្វើ​ចំណាកស្រុក​ទៅ​រក​លុយ​ដើម្បី​សង​បំណុល​ធនាគារ។

ប្រភព​ដដែល​បន្ថែម​ថា ក្រោយ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​១ និង​តំបន់​២ ជុំវិញ​បឹង​ទន្លេសាប​ឱ្យ​ពួកគេ​កាន់កាប់ និង​អាស្រ័យ​ផល​រួច​មក ពលរដ្ឋ​ទាំងនោះ​បាន​ខ្ចី​លុយ​ពី​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ផ្សេងៗ ដើម្បី​យក​ថវិកា​មក​ប្រកប​របរ​កសិកម្ម ក្នុង​នោះ​ពួកគេ​ក៏​បាន​ខ្ចី​លុយ​ធនាគារ​មក​សាងសង់​លំនៅឋាន​ផង​ដែរ ហើយ​ក្តី​សង្ឃឹម​តែ​មួយ​គត់ គឺ​ពួកគាត់​រំពឹង​ថា​នឹង​បាន​ចំណូល​ពី​មុខរបរ​ធ្វើ​ស្រែ​ទាំងនោះ សង​ត្រឡប់​ទៅ​ធនាគារ​វិញ។

ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ជាប់​បឹង​ទន្លេសាប​ខាងលើ អង្វរ​សុំ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ចេញ​បណ្ណ​សម្គាល់​កម្មសិទ្ធិ​កាន់កាប់​ដី​ស្រែ និង​ដី​លំនៅឋាន​របស់​ពួកគាត់​ដែល​ធ្លាប់​កាន់កាប់ និង​អាស្រ័យ​ផល​កន្លង​មក ក្រោយ​គណៈកម្មាធិការ​ចុះបញ្ជី​ដីធ្លី វាស់វែង​ដី​របស់​ពួកគេ​រួចរាល់ ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​ភាព​ស្រប​ច្បាប់​ក្នុង​ការ​កាន់កាប់​ដី​ស្រែ និង​ដី​លំនៅឋាន​របស់​ខ្លួន និង​ដើម្បី​បន្ត​រស់នៅ​ក្នុង​ភូមិកំណើត​កេរ​ដូនតា​ដោយ​ស្រប​ច្បាប់​បន្ត​ទៅ​ថ្ងៃ​មុខ​ទៀត។

កាលពី​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពី​ការ​បង្កើត​គណៈកម្មាធិការ​ចំពោះ​កិច្ច​ចុះបញ្ជី​ដី​តំបន់​បឹង​ទន្លេសាប ដែល​មាន​សមាសភាព​មកពី​ក្រសួង ស្ថាប័ន និង​អង្គភាព​ចំនួន ១៥ ដែល​មាន​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សាយ សំអាល់ ជា​ប្រធាន ហើយ​ក្នុង​នោះ​ក៏​មាន​រដ្ឋបាល​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប​ជា​សមាជិក​ផង​ដែរ។

អនុក្រឹត្យ​នោះ​បញ្ជាក់​ថា គណៈកម្មាធិការ​នេះ​មាន​មុខនាទី​ដឹកនាំ​ចុះបញ្ជី​ដី​តំបន់​ទន្លេសាប​ទាំង​ដី​របស់​រដ្ឋ និង​ដី​ឯកជន​របស់​ប្រជាពលរដ្ឋ ធ្វើ​បច្ចុប្បន្នភាព​ផែនទី​ព្រំប្រទល់​តំបន់​១ តំបន់​២ និង​តំបន់​៣ នៃ​តំបន់​ទន្លេសាប​ឱ្យ​អស់ ដឹកនាំ​បោះ​បង្គោល​ព្រំដែន​ព្រៃ​លិច​ទឹក (តំបន់​៣) នៃ​តំបន់​ទន្លេសាប ចាត់​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ការ​ចូល​កាន់កាប់​ដី​រដ្ឋ​ខុស​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ធ្លាប់​បាន​ដាក់​បទបញ្ជា​ឲ្យ​រដ្ឋបាល​ខេត្ត​ទាំង​៦ ជុំវិញ​តំបន់​បឹង​ទន្លេសាប ត្រូវ​ចាត់​វិធានការ​ដកហូត និង​ទប់ស្កាត់​បង្ក្រាប​រាល់​សកម្មភាព​កាប់​រាន​ព្រៃ​លិច​ទឹក​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផង​ដែរ។ ក្រោយ​យុទ្ធនាការ​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អះអាង​ថា រដ្ឋាភិបាល​ទទួល​បាន​ដី​ជុំវិញ​តំបន់​បឹង​ទន្លេសាប​ជាង ៦​ម៉ឺន​ហិកតារ​មក​គ្រប់គ្រង​វិញ។

យ៉ាងណាក៏ដោយ ក្រោយ​ការ​អនុវត្ត​នូវ​វិធានការ​បង្ក្រាប​ការ​ទន្ទ្រាន​ដី​រដ្ឋ​ក្នុង​ដែន​ព្រៃ​លិច​ទឹក​នៃ​បឹង​ទន្លេសាប ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បញ្ជាក់​ថា រាជរដ្ឋាភិបាល​ក៏​បាន​សម្រេច​កែសម្រួល​ព្រំប្រទល់​តំបន់​២ និង​តំបន់​៣ នៃ​បឹង​ទន្លេសាប ដែល​ជាប់​ខេត្ត​ចំនួន​៥ សរុប​ជាង ២​ម៉ឺន​ហិកតារ (២៤៩៤០​ហិកតារ) ជូន​ប្រជាពលរដ្ឋ​ជាង ១​ម៉ឺន​គ្រួសារ​កាន់កាប់​វិញ​ផង​ដែរ។

ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ គូស​បញ្ជាក់​ថា ទំហំ​ដី​តំបន់​បឹង​ទន្លេសាប​ដែល​រដ្ឋ​បាន​កែសម្រួល គឺ​មាន​ទំហំ​ជាង ២​ម៉ឺន​ហិកតារ​នោះ រដ្ឋ​បាន​ផ្តល់​ជា​កម្មសិទ្ធិ​លើ​ផ្ទៃដី​ទំហំ​ជាង ១​ម៉ឺន ១​ពាន់​ហិកតារ​ដល់​ពលរដ្ឋ​ជាង ១​ម៉ឺន ២​ពាន់​គ្រួសារ និង​ផ្ទៃដី​ទំហំ​ជាង ១​ម៉ឺន ៣​ពាន់​ហិកតារ​ទៀត បាន​ប្រគល់​ជូន​ពលរដ្ឋ​ជាង ៥​ពាន់​គ្រួសារ​សម្រាប់​កាន់កាប់ និង​អាស្រ័យ​ផល​វិញ។

ជុំវិញ​បញ្ហា​នេះ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​កាលពី​ពេល​កន្លង​ទៅ​ថា មូលហេតុ​ដែល​លោក​សម្រេច​កាត់​ឆ្វៀល​ដី​ជុំវិញ​បឹង​ទន្លេសាប​ជូន​ប្រជាពលរដ្ឋ​វិញ ដោយសារតែ​ប្រជាពលរដ្ឋ​ទាំងនោះ​រស់នៅ​ក្នុង​តំបន់​នោះ​យូរ​ឆ្នាំ​ហើយ និង​បាន​បង្កើត​ជា​ភូមិ ឃុំ ស្រុក និង​វត្ត​អារាម​ថែម​ទៀត ដែល​ពួកគេ​អាច​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​ដី​កាន់កាប់ និង​អាស្រ័យ​ផល ប៉ុន្តែ​ពលរដ្ឋ​ដែល​ទើប​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ថ្មីៗ​ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ខ្លួន​នោះ រដ្ឋាភិបាល​មិន​ប្រគល់​ឲ្យ​កាន់កាប់​នោះ​ទេ គឺ​ត្រូវ​រឹបអូស​យក​មក​វិញ​ដាច់ខាត។

បឹង​ទន្លេសាប ជា​អាង​ស្តុក​ទឹក​ធម្មជាតិ​ដែល​មាន​មច្ឆជាតិ​ដ៏​សំខាន់​របស់​កម្ពុជា ដែល​មាន​ទំហំ​ចំនួន ៣​ពាន់​គីឡូម៉ែត្រ​ការ៉េ​នៅ​រដូវប្រាំង និង​មាន​ទំហំ​ចំនួន ១​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ​នៅ​រដូវវស្សា ដែល​ជាប់​ខេត្ត​ចំនួន​៦ គឺ​មាន​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ សៀមរាប ពោធិ៍សាត់ កំពង់ធំ និង​ខេត្ត​កំពង់ឆ្នាំង។

ដោយឡែក​ព្រៃរនាម​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប មាន​ផ្ទៃដី​សរុប​ប្រមាណ​ជិត ២៥​ម៉ឺន​ហិកតារ ដែល​ជា​ជម្រក​សម្រាប់​ត្រី​ពង និង​ចែក​ជា ៤​តំបន់ គឺ​តំបន់​ប្រជាពលរដ្ឋ​រស់នៅ តំបន់​១ តំបន់​២ និង​តំបន់​៣ ខណៈ​តំបន់​៣ គឺជា​តំបន់​ក្រហម​ដែល​មិន​អនុញ្ញាត​ឱ្យ​ប៉ះពាល់​ដាច់ខាត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស