29 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​មហាផ្ទៃ​ថា​វៀតណាម​មិនព្រម​ទទួលយក​ពលរដ្ឋ​ខ្លួន​ទៅ​ស្រុក​កំណើត​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ លើកឡើង​ថា រដ្ឋាភិបាល​វៀតណាម​មិនព្រម​ទទួលយក​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់នៅ​កម្ពុជា ទៅ​ស្រុក​កំណើត​វិញ​នោះ​ទេ ហើយ​ករណី​នេះ​លោក​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​អន្តោប្រវេសន៍​ឆ្នាំ​១៩៩៤ ជាបន្ទាន់ ដើម្បី​ធានា​អំពី​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​ដែល​រស់នៅ​ខុសច្បាប់​ក្នុង​ប្រទេស​កម្ពុជា។

ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​ទិសដៅ​បន្ត​របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ លោក ប៉ោ ភក្តិ លើកឡើង​ថា អាជ្ញាធរ​វៀតណាម មិនព្រម​ទទួលយក​ជន​អន្តោប្រវេសន៍​វៀតណាម​ដែល​រឹងរូស និង​ជនជាតិ​វៀតណាម​ដែល​មាន​បំណង​ចង់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ឡើយ ដែល​ករណី​នេះ​ជា​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា។

ប្រភព​ដដែល​បន្ត​ថា បញ្ហា​ប្រឈម​មួយ​ទៀត​នោះ មិន​មាន​ការ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការ​រាយការណ៍​អំពី​វត្តមាន​ជនបរទេស​ដែល​មក​ស្នាក់នៅ​កម្ពុជា​ដោយ​ខុសច្បាប់ និង​ផុត​កំណត់​ទិដ្ឋាការ រួម​ទាំង​ការ​ចាប់​បញ្ជូន​ជនបរទេស​ខុសច្បាប់ និង​បញ្ហា​ប្រឈម​ដែល​ពួកគេ​បាន​ត្រឡប់​មក​កម្ពុជា​វិញ។ លោក​បន្ត​ថា ការ​បន្លាស់​ទី​របស់​ជនជាតិ​វៀតណាម ពី​ផ្ទះ​បណ្ដែត​ទឹក​ទៅ​លើ​គោក​នៅ​ខេត្ត​កំពង់ឆ្នាំង នា​ពេល​កន្លងមក​មិន​បាន​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ការកំណត់​របស់​ក្រសួង​មហាផ្ទៃ​នោះ​ទេ។

ទោះ​យ៉ាងណា លោក ប៉ោ ភក្តិ ស្នើ​ទៅ​ឱ្យ​ពន្លឿន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​អន្តោប្រវេសន៍​ឆ្នាំ​១៩៩៤ ដើម្បី​ធានា​អំពី​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​ខុសច្បាប់​នៅ​កម្ពុជា។

កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២១ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ជម្លៀស​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​តាម​ដងទន្លេ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ ឱ្យ​ទៅ​រស់នៅ​ខណ្ឌ​ព្រែកព្នៅ វិញ ប៉ុន្តែ​អំឡុង​ពេល​ជម្លៀស​នោះ​ក៏​មាន​ពលរដ្ឋ​វៀតណាម​ខ្លះ​បាន​នាំគ្នា​ឡើង​មក​លើ​គោក ហើយ​ទិញ​ដី​ទិញ​ផ្ទះ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​អាជ្ញាធរ​កម្ពុជា​ជួយ​សម្រួល ខណៈ​អ្នក​ខ្លះ​បន្ត​រស់នៅ​ក្នុង​ទឹក​ដោយ​ប្រកប​របរ​ចិញ្ចឹម​ត្រី។

ការ​ជម្លៀស​នេះ ក៏​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​វៀតណាម​មួយ​ចំនួន​បាន​នាំគ្នា​ធ្វើ​ដំណើរ​វិលត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​តាម​ច្រក​ព្រំដែន​ក្អម​សំណ ស្រុក​លើកដែក ខេត្ត​កណ្ដាល ប៉ុន្តែ​ទៅដល់​ជិត​ដល់​ព្រំដែន​នោះ អាជ្ញាធរ​វៀតណាម​បាន​បិទ​ច្រក​ដោយ​មិន​ទទួលយក​ពលរដ្ឋ​វៀតណាម​ឡើយ។

ក្រៅពី​មិន​បាន​ទទួលយក​ហើយ មេដឹកនាំ​វៀតណាម​ក៏​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គឺ​បុរស​ដើរ​បញ្ច្រាស​ទិស លោក ហ៊ុន សែន ជួយ​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​ថែម​ទៀត​ផង។

យ៉ាងណា វិសោធនកម្ម​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​ឆ្នាំ​១៩៩៤ ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ធ្លាប់​លើកឡើង​ថា ដើម្បី​គ្រប់គ្រង​ជនបរទេស​ទាំងអស់​ដែល​មក​ស្នាក់នៅ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព ខណៈ​ច្បាប់​ឆ្នាំ​១៩៩៤ នៅ​មាន​ភាព​ចន្លោះ​ប្រហោង​ដែល​ធ្វើ​ឱ្យ​ប្រឈម​បញ្ហា​ជាច្រើន។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ធ្លាប់​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២០ ថា មូលហេតុ​ដែល​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​នោះ ដោយសារ​ច្បាប់​ដែល​បាន​អនុម័ត​កាលពី​ឆ្នាំ​១៩៩៤ នេះ នៅ​មាន​ចំណុច​ចន្លោះ​ប្រហោង​ធ្វើ​ឱ្យ​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​ចាំបាច់​ត្រូវ​មាន​ការ​គិតគូរ​ឡើងវិញ។ លោក​ថា ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើ​យ៉ាង​ណា​ឱ្យ​ច្បាប់​នេះ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​មាន​សត្យានុម័ត​ក្នុង​ការ​អនុវត្ត​សម្រាប់​បម្រើ​ផលប្រយោជន៍​ប្រទេស​ជាតិ​ទាំងមូល។

លោក ស ខេង ជំរុញ​ឱ្យ​អាជ្ញាធរ​ទាំងអស់​អនុវត្ត​ច្បាប់ និង​ការ​គ្រប់គ្រង​ជនបរទេស​ដែល​ចូល និង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​មាន​ភាព​ម៉ត់ចត់។

អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ បាន​ថ្លែង​ប្រាប់ The Cambodia Daily ថា មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​អាជ្ញាធរ​នយោបាយ​ថ្នាក់លើ និង​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់​ក្រោម​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ច្របូកច្របល់ និង​មិន​ហ៊ាន​ដោះស្រាយ​បញ្ហា​ជន​អន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ពួកគេ​បាន​ត្រឹមតែ​សរសេរ​របាយការណ៍​ចោល​តែប៉ុណ្ណោះ។

លោក​ថា រដ្ឋាភិបាល​វៀតណាម​មិន​សហការ សមាគម​វៀតណាម​មិន​អើពើ រីឯ​ជនជាតិ​វៀតណាម​ខុសច្បាប់​មិន​ញញើត ពីព្រោះ​និគម​វៀតណាម​ដឹង​ថា មេដឹកនាំ​ខ្មែរ​សព្វថ្ងៃ គឺ​លោក ហ៊ុន សែន មិន​ហ៊ាន​តវ៉ា​ជាមួយ​វៀតណាម​ឡើយ។ លោក​បន្ត​ថា បញ្ហា​នេះ​មិន​ត្រឹមតែ​រឿង​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ទេ គឺ​មាន​ទាំង​បញ្ហា​ដែល​វៀតណាម​បំពាន​ជាទូទៅ ដូចជា​បញ្ហា​ទឹកដី​ព្រំដែន និង​សកម្មភាព​ល្មើស​ច្បាប់​នានា​របស់​វៀតណាម​ថែម​ទៀត។

លោក គឹម សុខ ថ្លែង​ថា ដោយឡែក​អាជ្ញាធរ​ថ្នាក់ក្រោម​វិញ បាន​ត្រឹមតែ​ឈរ​មើល ហើយ​រាយការណ៍​ចោល​ប៉ុណ្ណោះ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​អះអាង​ថា ការ​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​ខុសច្បាប់​នេះ ពុំ​មែន​ជា​រឿង​ស្មុគស្មាញ​ពេក​នោះ​ទេ ប្រសិនបើ​លោក ហ៊ុន សែន មិន​ជាប់​គន្លឹះ​វៀតណាម គឺ​គ្រាន់តែ​ត្រូវ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា និង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជា​អន្តរជាតិ ដើម្បី​បង្ការ​ដល់​ការ​សម្រួល​ការ​ខ្វែង​គំនិត​គ្នា​មួយ​ចំនួន។ ប៉ុន្តែ​លោក ហ៊ុន សែន មិន​ហ៊ាន​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​ខ្លាច​ប៉ះ​មហិច្ឆតា​ឈ្លានពាន​របស់​វៀតណាម ហើយ​វៀតណាម​លេង​ល្បិច​ផ្សព្វផ្សាយ​វែក​មុខ​របស់​លោក ហ៊ុន សែន ដែល​ធ្លាប់​មាន​រឿងអាស្រូវ​ធំៗ​ជាមួយ​វៀតណាម។ ម្យ៉ាង​ទៀត ការ​បណ្ដោយ​ឲ្យ​វៀតណាម​បំពាន​កម្ពុជា​តាម​ចិត្ត​នេះ ក៏​អាច​ជា​យុទ្ធសាស្ត្រ​បន្ត​បម្រើ​វៀតណាម​របស់​លោក ហ៊ុន សែន បន្ត​ទៅ​លោក ហ៊ុន ម៉ាណែត ដែរ ដើម្បី​ពឹងពាក់​វៀតណាម​ឲ្យ​ជួយ​គាំទ្រ​ផែនការ​ផ្ទេរ​អំណាច ព្រោះ​ផែនការ​ផ្ទេរ​អំណាច​នេះ​អាច​មាន​ផ្លូវ​ជោគជ័យ​ទៅ​បាន លុះត្រាតែ​វៀតណាម​គាំទ្រ ប៉ុន្តែ​បើ​វៀតណាម​មិនព្រម​វិញ គឺ​ចប់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស