រាជរដ្ឋាភិបាលកម្ពុជា នឹងប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿងជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាកាយវិការមនុស្សធម៌របស់កម្ពុជាផងដែរ។
ក្រសួងសុខាភិបាលកម្ពុជា បានចេញប្រកាសព័ត៌មាននៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ថា កម្ពុជាជាប្រទេសតូចមែន តែមានបេះដូងធំទូលាយ ហើយកម្ពុជាតែងតែធ្វើកិច្ចសហប្រតិបត្តិការតាមគោលការណ៍មនុស្សធម៌បែបនេះរហូតមក ដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អប្រកបដោយការគិតគូរខ្ពស់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងតំបន់។
ប្រភពដដែលអះអាងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ រដ្ឋាភិបាលកម្ពុជានឹងប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿងដល់រដ្ឋាភិបាលឡាវ នៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្បាស័ក ប្រទេសឡាវ។
ក្រសួងសុខាភិបាល អះអាងថា អំណោយមនុស្សធម៌របស់កម្ពុជានៅពេលនេះ គឺជាការរួមចំណែកបន្ថែមទៀតដល់ប្រទេសឡាវ នៅក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេសលើកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជនឡាវ ឱ្យកាន់តែមានសុខភាពល្អ ដើម្បីទប់ស្កាត់ការឆ្លងរបស់វីរុសនេះ។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ មីនា នេះថា ការផ្តល់រថយន្តដឹកវ៉ាក់សាំងដល់រដ្ឋាភិបាលឡាវ ដើម្បីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងជាកិច្ចការមនុស្សធម៌ គឺជាកាយវិការត្រឹមត្រូវហើយក្នុងនាមជាប្រទេសជិតខាង។
លោក ម៉ែន ណាត លើកឡើងថា ទន្ទឹមនឹងការធ្វើកិច្ចសហប្រតិបត្តិការល្អ និងកិច្ចការមនុស្សធម៌នេះ រដ្ឋាភិបាលកម្ពុជាដែលក្រោមការដឹកនាំរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន គួរតែបែងចែកឱ្យបានច្បាស់ពីគោលការណ៍រឹងមាំសម្រាប់គ្រប់គ្រងជាតិ និងកិច្ចការមនុស្សធម៌ ព្រោះថាកម្ពុជានៅពេលនេះកំពុងជាប់ផុងយ៉ាងជ្រៅដែលនឹងឈានទៅរកការបាត់ទឹកដីក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលមានកម្ពុជា ឡាវ និងវៀតណាម សព្វថ្ងៃនេះ។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋ PMD រូបនេះ ជំរុញឱ្យកម្ពុជាមើលប្រទេសឡាវ ជាគំរូដែលត្រូវវៀតណាមគ្រប់គ្រងទាំងស្រុងក្នុងរូបភាពមេដឹកនាំឡាវ ជាអ្នកដឹកនាំប្រទេស។ ដូច្នេះ បញ្ហានេះក៏ជាមេរៀនមួយសម្រាប់កម្ពុជាក្នុងការរកវិធីគេចចេញពីនយោបាយឈ្លានពានរបស់វៀតណាម ដើម្បីដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ ចៀសវាងកុំឱ្យវាសនារបស់កម្ពុជាដូចប្រទេសឡាវ នៅពេលនេះ។
ជុំវិញការផ្តល់ជំនួយមនុស្សធម៌នេះ កាលពីចុងឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបានផ្តល់ជំនួយមនុស្សធម៌ជាម៉ាស់ចំនួន ២លានម៉ាស់ និងបរិក្ខារវេជ្ជសាស្ត្រជាច្រើនដល់រដ្ឋាភិបាលឡាវ។ ជាងនេះទៀត កម្ពុជាក៏បានផ្តល់ជំនួយវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់សរុបប្រមាណជា ៧០ម៉ឺនដូស និងជំនួយជាទឹកប្រាក់ចំនួន ១៣លានដុល្លារអាមេរិកផងដែរ៕