កម្ពុជា-ឡាវ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យតុលាការ ដើម្បីជំរុញ និងពង្រឹងភាពជាដៃគូនៃតុលាការប្រទេសទាំងពីរ ព្រមទាំងប្រឆាំងបទល្មើស និងដោះស្រាយវិវាទឆ្លងដែន។
សេចក្ដីប្រកាសព័ត៌មានរបស់តុលាការកំពូលកម្ពុជា ចុះថ្ងៃទី៥ ខែឧសភា បានឲ្យដឹងថា ពិធីចុះហត្ថលេខានេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែឧសភា រវាងលោក ជីវ កេង ប្រធានតុលាការកំពូលកម្ពុជា និងលោកស្រី វៀងថុន ស៊ីផាន់ដង ប្រធានតុលាការប្រជាជនកំពូលឡាវ ដើម្បីរួមគ្នាលើកកម្ពស់វិស័យតុលាការប្រឆាំងបទល្មើស និងដោះស្រាយវិវាទឆ្លងដែន។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលលើកឡើងថា ការពង្រឹងភាពជាដៃគូនៃស្ថាប័នតុលាការប្រទេសទាំងពីរ នឹងត្រូវធ្វើឡើងតាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូ ការធ្វើសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមកលើជំនាញវិជ្ជាជីវៈតុលាការ ជាពិសេសការលើកកម្ពស់កិច្ចសហការនៃតុលាការបណ្តាខេត្តជាប់ព្រំដែន ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការដោះស្រាយវិវាទផ្នែករដ្ឋប្បវេណីឆ្លងដែន ដែលកើតមាននៅតាមមូលដ្ឋានព្រំដែនប្រវែង ២៥៧គីឡូម៉ែត្រ ដើម្បីសុខុមាលភាព ភាពសុខសាន្ត និងការអភិវឌ្ឍរបស់ប្រជាជននៃប្រទេសទាំងពីរ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរក្នុងប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានឲ្យដឹងថា សព្វថ្ងៃនេះ ពលរដ្ឋគ្រប់រូប និងមជ្ឈដ្ឋាននានាមើលឃើញថា ស្ថាប័នយុត្តិធម៌របស់កម្ពុជាកំពុងអនុវត្តភារកិច្ចរបស់ខ្លួនលាយឡំជាមួយនឹងចរិតនយោបាយ ដែលជាហេតុធ្វើឱ្យបាត់បង់ឯករាជភាពរបស់ខ្លួនទាំងស្រុង ខណៈពលរដ្ឋភាគច្រើនក៏ស្ទើរតែបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌របស់ខ្លួនទៅហើយនោះ។
លោកអះអាងថា ប្រព័ន្ធតុលាការនៅកម្ពុជាត្រូវបានប្រើប្រាស់ជាយន្តការមួយសម្រាប់បម្រើផលប្រយោជន៍នយោបាយរបស់រាជរដ្ឋាភិបាល និងគ្រួសារត្រកូលហ៊ុន ជាជាងការដោះស្រាយវិវាទប្រកបដោយយុត្តិធម៌។
លោក ស៊ឹង សែនករុណា បន្តថា កិច្ចសហប្រតិបត្តិការក្នុងវិស័យតុលាការរវាងកម្ពុជា និងឡាវ នឹងមិនមានប្រយោជន៍អ្វីនោះទេ ពីព្រោះវិស័យតុលាការរបស់ប្រទេសទាំងពីរ គឺនៅលាយឡំជាមួយនឹងអ្នកនយោបាយ។
លោកបន្តថា ដើម្បីធានានូវប្រព័ន្ធយុត្តិធម៌របស់កម្ពុជាឲ្យមានឯករាជ្យ និងអព្យាក្រឹត្យសម្រាប់ពលរដ្ឋទូទៅ និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋផងនោះ លុះត្រាតែស្ថាប័នអនុវត្តច្បាប់មិនស្ថិតក្រោមឥទ្ធិពលនយោបាយ ហើយមន្ត្រីអនុវត្តច្បាប់ក៏មិនត្រូវជាសមាជិកបក្សនយោបាយណាមួយដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

