អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ស្នើឱ្យកម្ពុជាបន្តជួបគ្នារវាងកងទ័ពនៃប្រទេសទាំងបី គឺកម្ពុជា ឡាវ និងវៀតណាម ជារៀងរាល់ឆ្នាំ ដើម្បីបន្តដំណើរការត្រួតពិនិត្យ និងបោះបង្គោលព្រំដែនរួមគ្នា និងបន្តដោះស្រាយបញ្ហាដែលនៅសេសសល់។
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន លើកឡើងក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ លោក ខាំលៀង ឧថាក់កៃសន នៅថ្ងៃទី៣០ ខែកក្កដា ថា កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយភាគីឡាវ ដើម្បីទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម ការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន និងការសង្គ្រោះគ្រោះមហន្តរាយបន្តទៀត។
លោក វង្ស ពិសេន សំណូមពរឱ្យភាគីឡាវ បន្តសហការគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាពតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ដើម្បីប្រែក្លាយព្រំដែនជាព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ក្នុងស្មារតីមិត្តភាព សាមគ្គីភាពជាបងប្អូន និងអ្នកជិតខាងល្អ។
មន្ត្រីកងទ័ពនៃប្រទេសទាំងពីរបញ្ជាក់ថា កម្ពុជា-ឡាវ នឹងបន្តរឹតចំណងមិត្តភាព សាមគ្គីភាពស្អិតល្មួត និងយូរអង្វែងជាមួយគ្នា ព្រមទាំងជំរុញបន្ថែមទៀតនូវការលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគី ដែលនឹងនាំមកនូវផលប្រយោជន៍រួម និងអនុវត្តខ្ជាប់ខ្ជួននូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផងដែរ។
ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានឯកភាពជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជីញ និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បន្តអនុវត្តយន្តការបញ្ចប់ការកំណត់ព្រំដែនរវាងប្រទេសទាំងបីឱ្យបានឆាប់ កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនោះ។
ប្រទេសកម្ពុជា មានព្រំដែនគោកជាប់ជាមួយប្រទេសវៀតណាម ចំនួន ៩ខេត្ត ដូចជា ខេត្តកំពត ព្រៃវែង ស្វាយរៀង កំពង់ចាម ក្រចេះ មណ្ឌលគិរី រតនគិរី ខេត្តកណ្ដាល និងខេត្តតាកែវ ដែលមានប្រវែងជាង ១ពាន់គីឡូម៉ែត្រ (១២៧០គីឡូម៉ែត្រ) ខណៈការកំណត់បោះបង្គោលព្រំដែននៃប្រទេសទាំងពីរនៅសល់ប្រមាណជា ១០% ទៀតតែប៉ុណ្ណោះ។
ដោយឡែក ប្រទេសកម្ពុជាក៏មានព្រំដែនរួមគ្នាជាមួយប្រទេសឡាវ ប្រវែងជាង ៥៤០គីឡូម៉ែត្រដែរ ដែលជាប់ជាមួយខេត្តខ្មែរចំនួន៣ គឺខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ចំណែកឯការកំណត់ព្រំដែនវិញ គឺសម្រេចបានប្រមាណជា ៨៦% ហើយនៅពេលនេះ។
ទាក់ទិននឹងបញ្ហានេះ គណបក្សប្រជាជនកម្ពុជា បានអះអាងកាលពីពេលកន្លងទៅថា លោក ហ៊ុន សែន រួមជាមួយអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ លោក ថងលូន ស៊ីស៊ូលីត និងអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម បានបើកកិច្ចប្រជុំពិសេសមួយនៅទីស្នាក់ការកណ្តាលរបស់គណបក្សកុម្មុយនីស្តវៀតណាម ដើម្បីពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងបី៕