រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា ចេញបទបញ្ជាឱ្យរដ្ឋបាលខេត្តទាំង៦ ជុំវិញតំបន់បឹងទន្លេសាប បន្តជំរុញនីតិវិធីតុលាការលើករណីសំណុំរឿងបទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹកឱ្យបានហ្មត់ចត់ និងអនុវត្តនីតិវិធីឱ្យបានឆាប់រហ័សក្រោយពេលទទួលបានបណ្ដឹង។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ថា ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្ត អង្គភាពប្រឆាំងអំពើពុករលួយត្រូវបន្តចាត់វិធានការចំពោះមន្ត្រីស៊ីវិល និងកងកម្លាំងដែលបានចូលរួមប្រព្រឹត្តបទល្មើសទន្ទ្រានដែនព្រៃលិចទឹកនៃតំបន់ទន្លេសាបឱ្យបានដាច់ខាត។
រដ្ឋមន្ត្រីរូបនេះណែនាំឱ្យរដ្ឋបាលខេត្តទាំងអស់ បន្តផែនការបោះបង្គោលដែលនៅខ្វះចំនួន ១៤១បង្គោលបន្តទៀត ក្នុងនោះខេត្តបាត់ដំបង នៅខ្វះចំនួន ៣បង្គោល និងខេត្តសៀមរាប នៅខ្វះចំនួន ១៣៨បង្គោលផងដែរ។ ជាងនេះទៀត ត្រូវថែទាំដើមឈើ និងដាំគ្រាប់ត្នោតដែលបានដាំកន្លងមក និងបន្តដាំដើមឈើដែលស៊ាំជាមួយនឹងភូមិសាស្ត្រនៅតំបន់នោះផងដែរ។
លោក ជា សុផារ៉ា បញ្ជាក់ថា រដ្ឋបាលខេត្តនីមួយៗត្រូវពង្រឹងនូវការចុះល្បាតទប់ស្កាត់ការចូលទន្ទ្រាន និងផ្សព្វផ្សាយអំពីវិធានការបង្ក្រាបការទន្រ្ទានដីក្នុងតំបន់៣ ឱ្យបានម៉ឺងម៉ាត់ ដើម្បីឱ្យពលរដ្ឋដែលបានចូលទន្ទ្រានប្រគល់ដីជូនរដ្ឋវិញ ហើយត្រូវចុះបញ្ជីតាមសំណើរបស់ក្រសួងធនធានទឹក និងឧតុនិយម ឱ្យបានត្រឹមត្រូវ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការឱ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនអនុវត្តផែនការទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹកជុំវិញតំបន់បឹងទន្លេសាប កាលពីចុងឆ្នាំ២០២១ កន្លងទៅ។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហ៊ុន សែន បានដាក់បទបញ្ជាឲ្យរដ្ឋបាលខេត្តទាំង៦ ជុំវិញតំបន់បឹងទន្លេសាប ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពកាប់រានព្រៃលិចទឹកយកជាកម្មសិទ្ធិ ដោយប្រើកម្លាំងចម្រុះដែលពាក់ព័ន្ធទាំងអស់ដើម្បីទប់ស្កាត់ការទន្ទ្រានដីព្រៃទាំងនោះឱ្យបានទាន់ពេលវេលា។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ថា ពលរដ្ឋបានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញចំនួនជាង ១ម៉ឺន ៥ពាន់គ្រួសារហើយ ក្នុងនោះក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹក បានធ្វើការវាស់វែងជាក់ស្តែងលើក្បាលដីរបស់ពលរដ្ឋជិត ៩ពាន់គ្រួសារដែលមានទំហំដីជិត ៩ម៉ឺនហិកតារ។
ជុំវិញបញ្ហានេះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច បានអះអាងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ថា ដីព្រៃលិចទឹកនៅតំបន់ទន្លេសាបមានចំនួនរាប់ម៉ឺនហិកតារដែលបានរងការទន្រ្ទានខុសច្បាប់នាពេលកន្លងមក ត្រូវបានរដ្ឋាភិបាលកម្ពុជាដកហូតត្រឡប់មកវិញបាន ១០០% ហើយ ប៉ុន្តែបណ្ឌិត សុខ ទូច មិនបានបញ្ជាក់ពីតួលេខនៃទំហំចំនួនដីថាមានទំហំប៉ុនណានោះទេ។
លោកបន្តថា ដីដែលរដ្ឋបានដកហូតយកមកវិញនោះ គឺរដ្ឋមិនបានយកទៅធ្វើអ្វីផ្សេងឡើយ ដោយទុកឱ្យដីទាំងនោះដុះដើមឈើឡើងវិញ និងដាំដើមរាំង ដើមឫស្សី និងដើមត្នោតបន្ថែម ដើម្បីទប់ស្កាត់នូវការកាប់ទន្ទ្រានសាជាថ្មី។
ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១១ មីនា នេះថា លោកអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបន្តការតាមដានត្រួតពិនិត្យជាប្រចាំនៅតំបន់ព្រៃលិចទឹកទាំងនោះឲ្យបានតឹងរ៉ឹង ដើម្បីកុំឲ្យមានការរំលោភកាប់ទន្ទ្រានដីព្រៃនៅតំបន់លិចទឹកទាំងនោះសាជាថ្មី។
បណ្ឌិត យ៉ង សាំងកុមារ អះអាងថា រដ្ឋាភិបាលក៏ត្រូវអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពផងដែរចំពោះអ្នករំលោភដែលជាមន្ត្រីរាជការ ដោយការដាក់ពិន័យទៅតាមកម្រិតទោសរបស់ពួកគេ ដោយឡែកសម្រាប់ប្រជាកសិករតូចតាចដែលធ្លាប់បានអាស្រ័យផល គួរតែមានដំណោះស្រាយជួយដល់ការចិញ្ចឹមជីវិតរបស់គាត់តាមជម្រើសណាមួយដែលអាចឲ្យពួកគាត់អាចចិញ្ចឹមជីវិតបាន នៅពេលគាត់ប្រគល់ដីនោះជូនរដ្ឋវិញ។
បឹងទន្លេសាបជាអាងស្តុកទឹកធម្មជាតិដែលមានមច្ឆជាតិដ៏សំខាន់របស់កម្ពុជា ដែលមានទំហំចំនួន ៣ពាន់គីឡូម៉ែត្រការ៉េនៅរដូវប្រាំង និងមានទំហំចំនួន ១ម៉ឺនគីឡូម៉ែត្រការ៉េនៅរដូវវស្សា ដែលជាប់ខេត្តចំនួនប្រាំមួយ រួមមានខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង។
ដោយឡែកព្រៃរនាមលិចទឹកនៅជុំវិញបឹងទន្លេសាបមានផ្ទៃដីសរុបប្រមាណជិត ២៥ម៉ឺនហិកតារដែលជាជម្រកសម្រាប់ត្រីពង៕